១ កូរិនថូស 8

8
អំពី​សាច់​ដែល​គេ​សែន​ហើយ
1ឥឡូវ​នេះ សូម​រិះគិត​អំពី​បញ្ហា​សាច់ ដែល​គេ​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ​រួច​ហើយ ។ យើង​ដឹង​ហើយ​ថា យើង​សុទ្ធ​តែ​ចេះ​ដឹង​ទាំង​អស់​គ្នា។ ការ​ចេះ​ដឹង រមែង​នាំ​ឲ្យ​អួត​បំប៉ោង រីឯ​សេចក្ដី​ស្រឡាញ់​តែងតែ​ជួយ​កសាង។ 2ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ចេះ​ដឹង​ហើយ បាន​សេចក្ដី​ថា​អ្នក​នោះ​នៅ​មិន​ទាន់​ចេះ​ដឹង​ដូច​ដែល​ខ្លួន​ត្រូវ​ចេះ​ដឹង​នោះ​ឡើយ។ 3ផ្ទុយ​ទៅ​វិញ អ្នក​ណា​ស្រឡាញ់​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ក៏​ស្គាល់​អ្នក​នោះ​ដែរ។ 4ដូច្នេះ ចំពោះ​បញ្ហា​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ យើង​ដឹង​ហើយ​ថា ក្នុង​លោក​នេះ ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ​ឡើយ។ 5ទោះ​បី​មាន​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ជា​ព្រះ​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែនដី​ក៏​ដោយ (ដ្បិត​គេ​ជឿ​ថា ព្រះ​ក៏​មាន​ច្រើន ម្ចាស់​ក៏​មាន​ច្រើន) 6ក៏​យើង​ជឿ​ថា មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។ ព្រះអង្គ​ជា​ព្រះ‌បិតា​ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ​មក ហើយ​យើង​មាន​ជីវិត​រស់​សម្រាប់​ព្រះអង្គ។ យើង​ជឿ​ទៀត​ថា មាន​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ គឺ​ព្រះ‌យេស៊ូ‌គ្រិស្ត*។ អ្វីៗ​សព្វ​សារពើ​កើត​មក​ដោយ‌សារ​ព្រះអង្គ ហើយ​យើង​មាន​ជីវិត​រស់​ក៏​ដោយ‌សារ​ព្រះអង្គ​ដែរ។
7ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ទេ​ដែល​ដឹង​សេចក្ដី​នេះ។ អ្នក​ខ្លះ​នៅ​តែ​ជំពាក់​ចិត្ត​នឹង​ព្រះ‌ក្លែង‌ក្លាយ​នៅ​ឡើយ គេ​បរិភោគ​សាច់​ទាំង​នោះ​ទុក​ដូច​ជា​សំណែន ហើយ​ដោយ​គេ​រិះគិត​មិន​បាន​ដិត​ដល់ ក៏​នឹក​ស្មាន​ថា ខ្លួន​ត្រូវ​សៅ‌ហ្មង។ 8តាម​ពិត មិន​មែន​ចំណី​អាហារ​ទេ ដែល​ធ្វើ​ឲ្យ​យើង​បាន​ខិត​ចូល​ជិត​ព្រះ‌ជាម្ចាស់។ បើ​យើង​មិន​បាន​បរិភោគ យើង​ក៏​មិន​ខាត​អ្វី ហើយ​បើ​យើង​បរិភោគ​ក៏​មិន​ចំណេញ​អ្វី​ដែរ។ 9ហេតុ​នេះ សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​ឲ្យ​សិទ្ធិ​សេរី‌ភាព​របស់​បងប្អូន​នាំ​ឲ្យ​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ធ្លាក់​ក្នុង​អំពើ​បាប​នោះ​ឡើយ។ 10បងប្អូន​ជា​អ្នក​ចេះ​ដឹង​អើយ ប្រសិន​បើ​នរណា​ម្នាក់​ដែល​មាន​មន‌សិការ​ទន់​ខ្សោយ ឃើញ​បងប្អូន​អង្គុយ​បរិភោគ​ក្នុង​វិហារ​របស់​ព្រះ‌ក្លែង‌ក្លាយ នោះ​គេ​មុខ​ជា​យល់​ឃើញ​ថា ខ្លួន​អាច​បរិភោគ​សាច់​ដែល​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ​ជា​មិន​ខាន។ 11ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត ដើម្បី​សង្គ្រោះ​អ្នក​ទន់​ខ្សោយ​នោះ ប៉ុន្តែ ការ​ចេះ​ដឹង​របស់​បងប្អូន បែរ​ជា​នាំ​គេ​ឲ្យ​វិនាស​អន្តរាយ​ទៅ​វិញ! 12ដោយ​បងប្អូន​ប្រព្រឹត្ត​អំពើ​បាប​បែប​នេះ​ចំពោះ​បងប្អូន​ឯ​ទៀតៗ និង​ធ្វើ​ឲ្យ​មន‌សិការ​របស់​គេ​កាន់​តែ​អាប់​ឱន​ថែម​ទៀត នោះ បងប្អូន​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​ព្រះ‌គ្រិស្ត​ផ្ទាល់​ដែរ។ 13ហេតុ​នេះ ប្រសិន​បើ​ចំណី​អាហារ​ណា​មួយ​ធ្វើ​ឲ្យ​បងប្អូន​របស់​ខ្ញុំ​ធ្លាក់​ក្នុង​អំពើ​បាប ខ្ញុំ​នឹង​មិន​បរិភោគ​សាច់​ទៀត​ជា​ដាច់​ខាត ដើម្បី​កុំ​ឲ្យ​បងប្អូន​ខ្ញុំ​រវាត​ចិត្ត​បាត់​ជំនឿ។

ទើបបានជ្រើសរើសហើយ៖

១ កូរិនថូស 8: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ