១ កូរិនថូស 7:25-35

១ កូរិនថូស 7:25-35 គខប

រីឯ​អ្នក​ដែល​មិន​ទាន់​មាន​គូ‌ស្រករ ខ្ញុំ​ពុំ​បាន​ទទួល​បញ្ជា​អ្វី​ពី​ព្រះ‌អម្ចាស់​ទេ ក៏​ប៉ុន្តែ ខ្ញុំ​សូម​ជូន​យោបល់ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​រូប​ខ្ញុំ។ ខ្ញុំ​យល់​ឃើញ​ថា បើ​គ្មាន​គូ‌ស្រករ​ដូច្នេះ​ប្រសើរ​ហើយ គឺ​យោង​តាម​សភាព‌ការណ៍​ដ៏​តឹង‌តែង​សព្វ​ថ្ងៃ​នេះ បើ​មនុស្ស​មាន​ភាព​ដូច្នេះ​ប្រសើរ​មែន។ បើ​បងប្អូន​មាន​ប្រពន្ធ​ហើយ កុំ​លែង​នាង​ឲ្យ​សោះ! បើ​បងប្អូន​មិន​ទាន់​មាន​ប្រពន្ធ មិន​បាច់​រក​ប្រពន្ធ​ទេ។ បើ​បងប្អូន​រៀបការ មិន​មែន​មាន​ន័យ​ថា បងប្អូន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ហើយ​បើ​ស្ត្រី​ក្រមុំ​ម្នាក់​រៀបការ នោះ​នាង​ក៏​គ្មាន​បាប​អ្វី​ដែរ ប៉ុន្តែ អ្នក​ដែល​មាន​គូ‌ស្រករ​ទាំង​នោះ នឹង​ជួប​ប្រទះ​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​មិន​ខាន។ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ចៀស​ផុត​ពី​ការ​លំបាក​ទាំង​នោះ។ បងប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ពេល​វេលា​កាន់​តែ​កៀក​ណាស់​ហើយ។ ពី​ពេល​នេះ​ទៅ​មុខ អស់​អ្នក​ដែល​មាន​ប្រពន្ធ​ហើយ ត្រូវ​កាន់​ចិត្ត​ដូច​ជា​គ្មាន​ប្រពន្ធ អស់​អ្នក​ដែល​យំ​សោក ដូច​ជា​មិន​យំ​សោក អស់​អ្នក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ អស់​អ្នក​ដែល​ទិញ ដូច​ជា​មិន​មែន​ម្ចាស់​ទ្រព្យ ហើយ​អស់​អ្នក​ដែល​ប្រើ‌ប្រាស់​សម្បត្តិ​លោកីយ៍ ក៏​ត្រូវ​កាន់​ចិត្ត​ដូច​ជា​មិន​បាន​ប្រើ‌ប្រាស់​ដែរ ដ្បិត​ពិភព​លោក​នេះ​នឹង​ត្រូវ​ប្រែ‌ប្រួល​ជា​មិន​ខាន។ ខ្ញុំ​មិន​ចង់​ឲ្យ​បងប្អូន​ខ្វល់​ខ្វាយ​អ្វី​ឡើយ។ អ្នក​ណា​គ្មាន​ប្រពន្ធ អ្នក​នោះ​ខ្វល់​ខ្វាយ​នឹង​ព្រះ‌អម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ។ រីឯ​អ្នក​មាន​ប្រពន្ធ​វិញ គេ​ខ្វល់​ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្រពន្ធ ហើយ​ចិត្ត​អ្នក​នោះ​ត្រូវ​ប្រទាញ‌ប្រទង់។ ចំពោះ​ស្ត្រី​ដែល​គ្មាន​ប្ដី និង​ស្ត្រី​ក្រមុំ នាង​ខ្វល់​ខ្វាយ​នឹង​រឿង​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ​ទាំង​រូប​កាយ ទាំង​វិញ្ញាណ​ទៅ​ព្រះអង្គ។ រីឯ​ស្ត្រី​ដែល​មាន​ប្ដី​វិញ នាង​ខ្វល់​ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្ដី។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន មិន​មែន​ចង់​បំបាត់​សេរី‌ភាព​របស់​បងប្អូន​ទេ គឺ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​រស់​នៅ​បាន​ល្អ​ប្រសើរ ជាប់​ចិត្ត​នឹង​ព្រះ‌អម្ចាស់​ដោយ​ឥត​រារែក​ឡើយ។