១ កូរិនថូស 15:50-57

១ កូរិនថូស 15:50-57 គខប

បងប្អូន​អើយ ខ្ញុំ​ចង់​និយាយ​ថា រូប​កាយ​ដែល​ធ្វើ​ពី​សាច់​ពី​ឈាម​ពុំ​អាច​ទទួល​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​ឡើយ ហើយ​អ្វីៗ​ដែល​តែងតែ​រលួយ ក៏​ពុំ​អាច​ទទួល​អ្វី​ដែល​មិន​ចេះ​រលួយ​នោះ​ដែរ។ ខ្ញុំ​សូម​ជម្រាប​បងប្អូន​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​មួយ គឺ​ថា យើង​មិន​ស្លាប់​ទាំង​អស់​គ្នា​ទេ ប៉ុន្តែ យើង​នឹង​ត្រូវ​ប្រែ​ទ្រង់‌ទ្រាយ​ទាំង​អស់​គ្នា ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ (ដ្បិត​នឹង​មាន​សំឡេង​ត្រែ​បន្លឺ​ឡើង) មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ទាំង​មាន​រូប​កាយ​ដែល​មិន​ចេះ​រលួយ រីឯ​យើង យើង​នឹង​ត្រូវ​ប្រែ​ទ្រង់‌ទ្រាយ​ដែរ ព្រោះ​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ ត្រូវ​តែ​ទទួល​យក​ភាព​ដែល​មិន​ចេះ​រលួយ ហើយ​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ ត្រូវ​ទទួល​យក​ភាព​អមតៈ។ នៅ​ពេល​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ បាន​ទទួល​ភាព​មិន​ចេះ​រលួយ ហើយ​នៅ​ពេល​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ បាន​ទទួល​ភាព​អមតៈ​ហើយ​នោះ ព្រះ‌បន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នឹង​បាន​សម្រេច​គឺ​ថា: «ជ័យ‌ជម្នះ​បាន​បំបាត់​មច្ចុរាជ​ចោល​ហើយ! មច្ចុរាជ​អើយ តើ​ទ្រនិច​របស់​ឯង​នៅ​ឯ​ណា? មច្ចុរាជ​អើយ តើ​អំណាច​ប្រហារ​ជីវិត​របស់​ឯង នៅ​ឯ​ណា?» ។ ទ្រនិច​នៃ​សេចក្ដី​ស្លាប់​នោះ​មក​ពី​អំពើ​បាប រីឯ​អំណាច​នៃ​អំពើ​បាប​មក​ពី​ក្រឹត្យ‌វិន័យ*។ សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ព្រោះ​ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជម្នះ ដោយ‌សារ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត*។