១ កូរិនថូស 15:1-32

១ កូរិនថូស 15:1-32 គខប

បងប្អូន​អើយ ខ្ញុំ​សូម​រំឭក​បងប្អូន​ដំណឹង‌ល្អ*​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បងប្អូន ជា​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ទទួល និង​បាន​ជឿ​យ៉ាង​ខ្ជាប់ខ្ជួន​ស្រាប់​ហើយ។ ប្រសិន​បើ​បងប្អូន​មិន​ឃ្លាត​ចាក​ពី​ដំណឹង‌ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បងប្អូន​ទេ​នោះ បងប្អូន​នឹង​ទទួល​ការ​សង្គ្រោះ​តាម​រយៈ​ដំណឹង‌ល្អ​នេះ​ដែរ។ បើ​ឃ្លាត​ចាក ជំនឿ​របស់​បងប្អូន​មុខ​តែ​ឥត​ប្រយោជន៍។ មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បងប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គម្ពីរ។ គេ​បាន​បញ្ចុះ​ព្រះ‌សព​ព្រះអង្គ​នៅ​ក្នុង​ផ្នូរ ហើយ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នៅ​ថ្ងៃ​ទី​បី ស្រប​តាម​គម្ពីរ។ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ រួច​ឲ្យ​ក្រុម​សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ឃើញ​ដែរ។ បន្ទាប់​មក ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ ក្នុង​ពេល​ជា​មួយ​គ្នា។ ក្នុង​ចំណោម​បងប្អូន​ទាំង​នោះ​មាន​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​អ្នក​ខ្លះ​បាន​ទទួល​មរណ‌ភាព ផុត​ទៅ​ហើយ។ បន្ទាប់​មក​ទៀត ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុប​ឃើញ រួច​ឲ្យ​សាវ័ក​ទាំង​អស់​ឃើញ។ ក្រោយ​បង្អស់ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំ ដែល​ប្រៀប​បី​ដូច​ជា​កូន​កើត​មិន​គ្រប់​ខែ​នេះ​ឃើញ​ដែរ ដ្បិត​ក្នុង​ចំណោម​សាវ័ក​ទាំង​អស់ ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ ហើយ​មិន​សម​នឹង​មាន​ឈ្មោះ​ជា​សាវ័ក​ទៀត​ផង ព្រោះ​ខ្ញុំ​បាន​បៀត‌បៀន​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់។ ប៉ុន្តែ ហេតុ​ដែល​ខ្ញុំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ ក៏​មក​តែ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ។ ព្រះ‌គុណ​របស់​ព្រះអង្គ​មក​លើ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​ច្រើន​ជាង​សាវ័ក​ទាំង​នោះ​ទៅ​ទៀត ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ គឺ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ទេ​តើ ដែល​បាន​សម្រេច​គ្រប់​កិច្ចការ។ ហេតុ​នេះ ទោះ​បី​ខ្ញុំ​ក្ដី ទោះ​បី​សាវ័ក​ទាំង​នោះ​ក្ដី យើង​ប្រកាស​ដំណឹង‌ល្អ*​នេះ ជា​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ជឿ។ ប្រសិន​បើ​យើង​ប្រកាស​ថា ព្រះ‌គ្រិស្ត*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន​បែរ​ជា​ពោល​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ? ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះ‌គ្រិស្ត​ក៏​មិន​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រិស្ត​មិន​បាន​រស់​ឡើង​វិញ​ទេ សេចក្ដី​ដែល​យើង​ប្រកាស​មុខ​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ ហើយ​ជំនឿ​របស់​បងប្អូន​ក៏​គ្មាន​ន័យ​អ្វី​ដែរ។ បើ​ដូច្នេះ បាន​សេចក្ដី​ថា យើង​ជា​បន្ទាល់​ក្លែងក្លាយ​អំពី​ព្រះ‌ជាម្ចាស់ ដោយ​ផ្ដល់​សក្ខីភាព​ខុស​ថា ព្រះអង្គ​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះអង្គ​ក៏​មិន​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ​ដែរ ដ្បិត​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ព្រះ‌គ្រិស្ត​ក៏​មិន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រិស្ត​មិន​បាន​រស់​ឡើង​វិញ​ទេ ជំនឿ​របស់​បងប្អូន​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ បងប្អូន​នៅ​តែ​ជាប់​បាប​ដដែល។ រីឯ​អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ក៏​ត្រូវ​វិនាស​សាប‌សូន្យ​ទាំង​អស់​គ្នា​ដែរ។ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​ព្រះ‌គ្រិស្ត សម្រាប់​តែ​ជីវិត​នេះ​ប៉ុណ្ណោះ​ទេ យើង​ជា​អ្នក​វេទនា​ជាង​គេ​បំផុត​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ហើយ!។ ប៉ុន្តែ ព្រះ‌គ្រិស្ត​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន។ ក្នុង​ចំណោម​មនុស្ស​ស្លាប់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់។ បើ​មនុស្ស​លោក​ត្រូវ​ស្លាប់ ព្រោះ​តែ​មនុស្ស​ម្នាក់ គេ​ក៏​នឹង​រស់​ឡើង​វិញ​ដោយ‌សារ​មនុស្ស​តែ​ម្នាក់​ដែរ។ មនុស្ស​ទាំង​អស់​បាន​ស្លាប់​រួម​ជា​មួយ​លោក​អដាំ​យ៉ាង​ណា គេ​ក៏​នឹង​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​យ៉ាង​នោះ​ដែរ ម្នាក់ៗ​តាម​លំដាប់‌លំដោយ គឺ​ព្រះ‌គ្រិស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ បន្ទាប់​មក អស់​អ្នក​ដែល​ជា​សិស្ស*​របស់​ព្រះ‌គ្រិស្ត​នឹង​រស់​ឡើង​វិញ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់។ បន្ទាប់​មក​ទៀត នឹង​ដល់​អវសាន‌កាល គឺ​នៅ​ពេល​នោះ ព្រះ‌គ្រិស្ត​នឹង​ប្រគល់​ព្រះ‌រាជ្យ*​ថ្វាយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា ក្រោយ​ពី​បាន​រំលំ​រាជ្យ អំណាច និង​ឫទ្ធិ​ទាំង​ប៉ុន្មាន​រួច​ស្រេច​ហើយ។ ព្រះ‌គ្រិស្ត​ត្រូវ​តែ​គ្រង​រាជ្យ ទម្រាំ​ដល់​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ ។ សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​នឹង​ត្រូវ​រំលាយ​ចោល​នោះ គឺ​សេចក្ដី​ស្លាប់។ ព្រះ‌ជាម្ចាស់​បាន​ ដាក់​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​ព្រះ‌បាទា របស់​ព្រះ‌គ្រិស្ត​រួច​ស្រេច​ហើយ។ ប៉ុន្តែ កាល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រិស្ត” ដូច្នេះ មិន​មែន​រាប់​បញ្ចូល​ព្រះអង្គ​ផ្ទាល់ ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ មក​ដាក់​ក្រោម​អំណាច​របស់​ព្រះ‌គ្រិស្ត​នោះ​ទេ ព្រះអង្គ​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌គ្រិស្ត​ឡើយ។ លុះ​ដល់​ពេល​អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌គ្រិស្ត​ហើយ ទើប​ព្រះ‌បុត្រា​ផ្ទាល់​នឹង​ចុះ​ចូល​ក្រោម​អំណាច​ព្រះ‌បិតា ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​អំណាច​ព្រះអង្គ​នោះ​វិញ​ដែរ ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​បាន​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់ ក្នុង​គ្រប់​ប្រការ​ទាំង​អស់។ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទាល់​តែ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​មាន​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក* សម្រាប់​ពួក​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​ដូច្នេះ តើ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​សម្រាប់​អ្នក​ស្លាប់​ទាំង​នោះ បាន​ប្រយោជន៍​អ្វី? រីឯ​យើង​វិញ យើង​ស៊ូ​ប្ដូរ​ជីវិត​តទល់​នឹង​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា​នោះ បាន​ប្រយោជន៍​អ្វី​ដែរ? បងប្អូន​អើយ រៀង​រាល់​ថ្ងៃ​ខ្ញុំ​ប្រឈម​មុខ​តទល់​នឹង​សេចក្ដី​ស្លាប់​ជានិច្ច។ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​បងប្អូន​ថា សេចក្ដី​នេះ​ពិត​មែន ដូច​បងប្អូន​ជា​កិត្តិយស​របស់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​របស់​យើង​ស្រាប់​ហើយ។ ប្រសិន​បើ​ខ្ញុំ​គិត​តាម​តែ​ទស្សនៈ​របស់​មនុស្ស​ប៉ុណ្ណោះ តើ​ខ្ញុំ​តយុទ្ធ​នឹង​សត្វ​សាហាវ​នៅ​ក្រុង​អេភេសូ បាន​ប្រយោជន៍​អ្វី? ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ចូរ​យើង​នាំ​គ្នា​គិត​តែ​ពី​ស៊ី​ផឹក​ទៅ ព្រោះ​ថ្ងៃ​ស្អែក យើង​មុខ​តែ​ស្លាប់​មិន​ខាន ។