១ កូរិនថូស 11:16-34

១ កូរិនថូស 11:16-34 គខប

ប្រសិន​បើ​នរណា​ម្នាក់​ចង់​ប្រកែក​តវ៉ា​អំពី​រឿង​នេះ តោង​ដឹង​ថា យើង​មិន​ដែល​មាន​ទម្លាប់​នេះ​ទេ ហើយ​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​ក៏​មិន​ដែល​មាន​ដែរ។ ក្រៅ​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​រៀប​រាប់​មក​នេះ ខ្ញុំ​ពុំ​អាច​សរសើរ​បងប្អូន​ឡើយ ព្រោះ​ការ​ប្រជុំ​របស់​បងប្អូន​ពុំ​បាន​ធ្វើ​ឲ្យ​បងប្អូន​ចម្រើន​ឡើង​ទេ គឺ​បែរ​ជា​បណ្ដាល​ឲ្យ​អន់‌ថយ​ទៅៗ ជា​បឋម ខ្ញុំ​បាន​ឮ​ដំណឹង​ថា នៅ​ពេល​បងប្អូន​រួម​ប្រជុំ​គ្នា​ជា​ក្រុម‌ជំនុំ* នោះ​បងប្អូន​បាន​បាក់​បែក​គ្នា​ជា​បក្ស​ជា​ពួក។ ត្រង់​នេះ ខ្ញុំ​ជឿ​ខ្លះៗ​ដែរ។ ត្រូវ​តែ​មាន​ការ​ខ្វែង​គំនិត​ក្នុង​ចំណោម​បងប្អូន​ដូច្នេះ​ឯង ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ពិត​ជា​មាន​ចិត្ត​ស៊ូ‌ទ្រាំ​យ៉ាង​ស្មោះ​មែន។ ពេល​បងប្អូន​ប្រជុំ​គ្នា បងប្អូន​មិន​បរិភោគ​ពិធី​ជប់‌លៀង​របស់​ព្រះ‌អម្ចាស់*​ទេ ព្រោះ​ម្នាក់ៗ​គិត​តែ​ពី​ប្រញាប់‌ប្រញាល់​បរិភោគ​ម្ហូប​អាហារ​ដែល​ខ្លួន​យក​មក នាំ​ឲ្យ​អ្នក​ខ្លះ​គ្មាន​អ្វី​បរិភោគ អ្នក​ខ្លះ​ស្រវឹង។ តើ​បងប្អូន​គ្មាន​ផ្ទះ​សំបែង​សម្រាប់​ពិសា​បាយ​ទឹក​ទេ​ឬ? ឬ​មួយ​មក​ពី​បងប្អូន​ប្រមាថ​មាក់​ងាយ​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់ និង​ចង់​ធ្វើ​ឲ្យ​អ្នក​ដែល​គ្មាន​អ្វី​បរិភោគ​ត្រូវ​អៀន​ខ្មាស? តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​មក​កាន់​បងប្អូន​ដោយ​របៀប​ណា? ឲ្យ​ខ្ញុំ​សរសើរ​បងប្អូន​ឬ? ទេ ខ្ញុំ​ពុំ​អាច​សរសើរ​បងប្អូន​ក្នុង​រឿង​នេះ​បាន​ទេ!។ រីឯ​ខ្ញុំ ខ្ញុំ​បាន​ជម្រាប​បងប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ថា នៅ​យប់​ដែល​ព្រះ‌អម្ចាស់‌យេស៊ូ​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ឆ្កាង ព្រះអង្គ​យក​នំប៉័ង​មក​កាន់ ព្រះអង្គ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំប៉័ង​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​រូប​កាយ​ខ្ញុំ ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ”។ លុះ​ជប់‌លៀង​រួច​ហើយ ព្រះអង្គ​ធ្វើ​តាម​បែប​ដដែល ព្រះអង្គ​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី ចង​ឡើង ដោយ​លោហិត​របស់​ខ្ញុំ។ គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ពិសា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ”។ រៀង​រាល់​ពេល​ដែល​បងប្អូន​ពិសា​នំប៉័ង និង​ពិសា​ពី​ពែង​នេះ បងប្អូន​ប្រកាស​អំពី​ព្រះ‌អម្ចាស់​សោយ​ទិវង្គត រហូត​ដល់​ព្រះអង្គ​យាង​មក​វិញ។ ហេតុ​នេះ ប្រសិន​បើ​អ្នក​ណា​ពិសា​នំប៉័ង និង​ពិសា​ពី​ពែង​របស់​ព្រះ‌អម្ចាស់ ដោយ​មិន​សមរម្យ អ្នក​នោះ​នឹង​មាន​កំហុស ដោយ​មិន​បាន​គោរព​ព្រះ‌កាយ និង​ព្រះ‌លោហិត​របស់​ព្រះ‌អម្ចាស់។ ដូច្នេះ ម្នាក់ៗ​ត្រូវ​ពិនិត្យ‌ពិច័យ​មើល​ចិត្ត​គំនិត​របស់​ខ្លួន​ឯង​សិន សឹម​ពិសា​នំប៉័ង និង​ពិសា​ពី​ពែង​របស់​ព្រះ‌អម្ចាស់ ដ្បិត​អ្នក​ណា​ពិសា​នំប៉័ង និង​ពិសា​ពី​ពែង​នោះ ដោយ​មិន​បាន​យល់​ដល់​ព្រះ‌កាយ​របស់​ព្រះ‌អម្ចាស់​ទេ អ្នក​នោះ​យក​ទោស​មក​ដាក់​លើ​ខ្លួន​ឯង​ផ្ទាល់។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​ចំណោម​បងប្អូន មាន​គ្នា​ច្រើន​ខ្សោយ​កម្លាំង និង​ឈឺ ហើយ​មាន​មួយ​ចំនួន​ធំ​បាន​ស្លាប់។ ប្រសិន​បើ​យើង​ពិនិត្យ‌ពិច័យ​មើល​ខ្លួន​ឯង ព្រះ‌អម្ចាស់​នឹង​មិន​វិនិច្ឆ័យ​ទោស​យើង​ទេ។ ប៉ុន្តែ បើ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស​យើង មក​ពី​ព្រះអង្គ​ចង់​កែ​យើង ដើម្បី​កុំ​ឲ្យ​យើង​ទទួល​ទោស​ជា​មួយ​លោកីយ៍។ ហេតុ​នេះ បងប្អូន​អើយ នៅ​ពេល​បងប្អូន​ជួប‌ជុំ​គ្នា​បរិភោគ​ពិធី​ជប់‌លៀង​របស់​ព្រះ‌អម្ចាស់ ត្រូវ​ចាំ​គ្នា​ផង។ ប្រសិន​បើ​អ្នក​ណា​ឃ្លាន អ្នក​នោះ​ត្រូវ​ពិសា​បាយ​ពី​ផ្ទះ​ឲ្យ​ហើយ​ទៅ ដើម្បី​ចៀស‌វាង​កុំ​ឲ្យ​ការ​ប្រជុំ​របស់​បងប្អូន ទៅ​ជា​មាន​ទោស​ទៅ​វិញ។ ចំពោះ​បញ្ហា​ឯ​ទៀតៗ ខ្ញុំ​នឹង​ដោះ​ស្រាយ​ជូន នៅ​ពេល​ខ្ញុំ​មក​ដល់។