ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវថ្វាយបង្គំព្រះក្លែងក្លាយឡើយ។ ខ្ញុំនិយាយជាមួយបងប្អូន ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញាដែរ សូមបងប្អូនពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះដោយខ្លួនឯងផ្ទាល់ទៅ។ ពេលយើងលើកពែងនៃព្រះពរឡើង ដើម្បីអរព្រះគុណព្រះជាម្ចាស់ មានន័យថា យើងចូលរួមជាមួយព្រះលោហិតរបស់ព្រះគ្រិស្ត រីឯពេលដែលយើងកាច់នំប៉័ងក៏មានន័យថា យើងចូលរួមជាមួយព្រះកាយរបស់ព្រះគ្រិស្តដែរ។ មាននំប៉័ងតែមួយប៉ុណ្ណោះ ទោះបីយើងមានគ្នាច្រើនក្ដី ក៏យើងរួមគ្នាមកជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាបានទទួលចំណែកពីនំប៉័ងតែមួយ។ សូមរិះគិតអំពីជនជាតិអ៊ីស្រាអែលមើល៍ អស់អ្នកបរិភោគសាច់សត្វដែលគេថ្វាយជាយញ្ញបូជា ក៏បានចូលរួម*ជាមួយនឹងព្រះជាម្ចាស់ ដោយសារសាច់ដែលគេបានថ្វាយនោះដែរ។ ខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើសាច់ដែលគេសែនទៅព្រះក្លែងក្លាយមានសារសំខាន់អ្វី ហើយព្រះក្លែងក្លាយមានសារសំខាន់អ្វីដែរ? ទេ! គ្មានសារសំខាន់អ្វីទាំងអស់! ផ្ទុយទៅវិញ អ្វីៗដែលគេសែននោះ គេសែនអារក្ស គឺមិនមែនថ្វាយព្រះជាម្ចាស់ទេ។ ហេតុនេះហើយបានជាខ្ញុំមិនចង់ឲ្យបងប្អូនចូលរួមរស់ជាមួយពួកអារក្សទាល់តែសោះ។ បងប្អូនមិនអាចលើកពែងរបស់ព្រះអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអារក្សពិសាផងទេ។ បងប្អូនក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយពួកអារក្សផងដែរ។ ឬមួយក៏យើងចង់ឲ្យព្រះអម្ចាស់មានព្រះហឫទ័យច្រណែន? តើយើងខ្លាំងពូកែជាងព្រះអង្គឬ? យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្តែ ការទាំងនោះមិនមែនសុទ្ធតែមានប្រយោជន៍ទេ។ យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្តែ ការទាំងនោះមិនមែនសុទ្ធតែធ្វើឲ្យចម្រើនឡើងឡើយ។ កុំឲ្យមាននរណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃវិញ។ បងប្អូនអាចបរិភោគអ្វីៗដែលគេលក់នៅតាមផ្សារតាមចិត្ត មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការរបស់ខ្លួននោះឡើយ ដ្បិត «ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ទាំងអស់» ។ ប្រសិនបើមានអ្នកមិនជឿអញ្ជើញបងប្អូនទៅពិសាបាយ ហើយបងប្អូនយល់ព្រមទៅ សូមពិសាម្ហូបអាហារទាំងប៉ុន្មានដែលគេលើកមកជូនបងប្អូន មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការនោះឡើយ!។ ប៉ុន្តែ បើគេប្រាប់បងប្អូនថា «ម្ហូបនេះជាម្ហូបសែន» សូមកុំពិសាឲ្យសោះ។ ធ្វើដូច្នេះ មកពីយល់ដល់អ្នកដែលបានប្រាប់បងប្អូន និងមកពីមនសិការដាស់តឿន។ ខ្ញុំមិននិយាយអំពីមនសិការរបស់បងប្អូនទេ គឺសំដៅទៅលើមនសិការរបស់អ្នកដែលបានប្រាប់បងប្អូននោះវិញ។ ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំក្នុងការប្រព្រឹត្ត បែរជាត្រូវសម្របទៅតាមមនសិការរបស់អ្នកដទៃដូច្នេះ? ប្រសិនបើខ្ញុំទទួលទានអាហារទាំងអរព្រះគុណព្រះជាម្ចាស់ ហេតុអ្វីបានជាគេរិះគន់ខ្ញុំអំពីអាហារ ដែលខ្ញុំបានអរព្រះគុណព្រះអង្គរួចហើយនោះទៅវិញ? ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ក៏ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ សូមបងប្អូនកុំធ្វើឲ្យសាសន៍យូដា សាសន៍ក្រិក ឬក្រុមជំនុំ*របស់ព្រះជាម្ចាស់ ជំពប់ចិត្តឡើយ។ រីឯខ្ញុំវិញក៏ដូច្នោះដែរ ខ្ញុំខំប្រឹងផ្គាប់ចិត្តមនុស្សទាំងអស់ ក្នុងគ្រប់កិច្ចការ ខ្ញុំមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនទេ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យគេទទួលការសង្គ្រោះ។
អាន ១ កូរិនថូស 10
ស្ដាប់នូវ ១ កូរិនថូស 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 10:14-33
22 ថ្ងៃ
"តើគ្រីស្ទានគួររស់នៅដោយរបៀបណា?" គឺជាប្រធានបទដែលត្រូវបានលើកឡើងនៅក្នុងសំបុត្រទីមួយទៅកាន់ពួកកូរិនថូស ដោយផ្តល់ការថែទាំជាក់ស្តែង និងការកែតម្រូវចំពោះបញ្ហាដែលគ្រីស្ទានវ័យក្មេងប្រឈមមុខ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ កូរិនថូសទី 1 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ