១ របាក្សត្រ 21:18-27

១ របាក្សត្រ 21:18-27 គខប

ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​ប្រាប់​លោក​កាដ ឲ្យ​ទូល​ព្រះ‌បាទ​ដាវីឌ ដើម្បី​សូម​ស្ដេច​យាង​ឡើង​ទៅ​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស។ ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ តាម​ពាក្យ​ដែល​លោក​កាដ​ថ្លែង ក្នុង​នាម​ព្រះ‌អម្ចាស់។ ពេល​នោះ លោក​អរ៉ៅ‌ណា​កំពុង​តែ​បោក​ស្រូវ។ គាត់​ងាក​មក ឃើញ​ទេវតា កូន​ប្រុស​របស់​គាត់​ទាំង​បួន​នាក់ ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​រត់​ពួន។ កាល​ព្រះ‌បាទ​ដាវីឌ​យាង​ទៅ​ជិត​លោក​អរ៉ៅ‌ណា គាត់​ក្រឡេក​ឃើញ​ព្រះ‌រាជា គាត់​ក៏​ចេញ​ពី​លាន​បោក​ស្រូវ​មក​ទទួល ក្រាប​ថ្វាយ‌បង្គំ ឱន​មុខ​ដល់​ដី។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «ចូរ​លក់​លាន​បោក​ស្រូវ​នេះ​ឲ្យ​យើង​មក យើង​នឹង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​រួច​ពី​គ្រោះ​កាច។ ចូរ​លក់​លាន​បោក​ស្រូវ​នេះ​ឲ្យ​យើង យើង​នឹង​បង់​ប្រាក់​ពេញ​ថ្លៃ»។ លោក​អរ៉ៅ‌ណា​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «សូម​ព្រះ‌ករុណា​ជា​អម្ចាស់ យក​លាន​បោក​ស្រូវ​នេះ ធ្វើ​អ្វី​តាម​តែ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ចុះ។ ទូលបង្គំ​ក៏​សូម​ថ្វាយ​គោ សម្រាប់​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល និង​រនាស់​ធ្វើ​ជា​អុស ព្រម​ទាំង​ស្រូវ​ធ្វើ​ជា​តង្វាយ​ម្សៅ ទូលបង្គំ​សូម​ថ្វាយ​ទាំង​អស់!»។ ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នោះ​ពី​លោក​ពេញ​ថ្លៃ ដ្បិត​យើង​មិន​អាច​យក​អ្វីៗ​ដែល​ជា​របស់​លោក​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល ដោយ​មិន​បង់​ប្រាក់​ឡើយ!»។ ព្រះ‌បាទ​ដាវីឌ​ប្រគល់​មាស​សុទ្ធ​ប្រាំ​មួយ​រយ​ស្លឹង​ជូន​លោក​អរ៉ៅ‌ណា ដើម្បី​ទិញ​លាន​បោក​ស្រូវ។ ព្រះ‌បាទ​ដាវីឌ​សង់​អាសនៈ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​កន្លែង​នោះ ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។ ស្ដេច​អង្វរ​រក​ព្រះ‌អម្ចាស់​ព្រះអង្គ​តប​មក​វិញ ដោយ​ប្រទាន​ភ្លើង​ពី​លើ​មេឃ បញ្ឆេះ​តង្វាយ​ដុត​នៅ​លើ​អាសនៈ​នោះ។ បន្ទាប់​មក ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​ទេវតា​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ របាក្សត្រ 21:18-27

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ