រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

សុភាសិត 25

25
សុភាសិតដែលហេសេគាបានថែមបញ្ចូល
1សេចក្ដីទាំងនេះ​ជា​សុភាសិត​របស់​សាឡូម៉ូន​ដែរ ជាសេចក្ដី​ដែល​មនុស្ស​របស់​ហេសេគា​ស្ដេច​នៃ​យូដា​បាន​ចម្លង​:
2ការដែល​លាក់​សេចក្ដី ជា​សិរីរុងរឿង​របស់​ព្រះ
រីឯ​ការដែល​ស្រាវជ្រាវរកឃើញ​សេចក្ដី ជា​សិរីរុងរឿង​របស់​បណ្ដា​ស្ដេច​។
3ដូចដែល​ផ្ទៃមេឃ​ខ្ពស់​យ៉ាងណា ហើយ​ផែនដី​ជ្រៅ​យ៉ាងណា
ព្រះទ័យ​របស់​ស្ដេច​ក៏​វាស់ស្ទង់​មិនបាន​យ៉ាងនោះដែរ​។
4យក​អាចម៍លោហៈ​ចេញ​ពី​ប្រាក់
នោះ​វា​នឹង​ចេញមក​ជា​ភាជនៈ​សម្រាប់​ជាងទង​។
5យក​មនុស្ស​អាក្រក់​ចេញ​ពី​ព្រះភក្ត្រ​ស្ដេច
នោះ​បល្ល័ង្ក​របស់ទ្រង់​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ដោយ​សេចក្ដីយុត្តិធម៌​។
6កុំ​លើកតម្កើង​ខ្លួន​នៅចំពោះ​ព្រះភក្ត្រ​ស្ដេច​ឡើយ
ក៏​កុំ​ឈរ​នៅ​កន្លែង​អ្នកធំ​ដែរ
7ព្រោះ​ការដែល​គេ​ប្រាប់​អ្នក​ថា​៖ “ចូរ​ឡើងមក​ទីនេះ”
ប្រសើរ​ជាង​ការដែល​គេ​បន្ទាប​អ្នក​នៅចំពោះមុខ​អ្នកធំ​។
8អ្វីដែល​ភ្នែក​របស់អ្នក​បាន​ឃើញ កុំ​ប្រញាប់​លើកឡើង​ក្នុង​វិវាទ​ឡើយ
បើធ្វើដូច្នោះ នៅពេល​អ្នកជិតខាង​របស់អ្នក​ធ្វើឲ្យ​អ្នក​អៀនខ្មាស
តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច​នៅទីបំផុត​?
9ចូរ​ជជែកវែកញែក​អំពី​វិវាទ​របស់អ្នក​ជាមួយ​អ្នកជិតខាង​អ្នក​ចុះ
ប៉ុន្តែ​កុំ​លាតត្រដាង​រឿងសម្ងាត់​របស់​អ្នកដទៃ​ឡើយ
10ក្រែងលោ​អ្នកដែល​ឮ​នឹង​ធ្វើឲ្យ​អ្នក​អាម៉ាស់មុខ
នោះ​កេរ្តិ៍ឈ្មោះអាក្រក់​របស់អ្នក​នឹង​មិន​ចាកចេញ​ពីអ្នក​ឡើយ​។
11ពាក្យ​ដែល​និយាយ​ត្រូវពេល
ប្រៀបដូចជា​ផ្លែប៉ោម​មាស​ដែល​ភ្ជាប់នឹង​ក្បាច់​ប្រាក់​។
12ពាក្យ​ស្ដីបន្ទោស​នៃប្រាជ្ញា​ដាក់​ត្រចៀក​របស់​អ្នកដែល​ស្ដាប់តាម
ប្រៀបដូចជា​ក្រវិល​មាស ឬ​គ្រឿងអលង្ការ​មាសសុទ្ធ​។
13ទូត​ស្មោះត្រង់​ប្រៀបដូចជា​ភាពត្រជាក់​នៃ​ព្រិល​នៅ​ថ្ងៃ​ច្រូតកាត់ ដល់​អ្នកដែល​ចាត់​គាត់​ឲ្យទៅ​;
គាត់​ធ្វើឲ្យ​ព្រលឹង​របស់​ចៅហ្វាយ​ខ្លួន​បាន​ស្រស់ស្រាយឡើងវិញ​។
14មនុស្ស​ដែល​អួត​អំពី​អំណោយដែលមិនបានឲ្យ
ប្រៀបដូចជា​ពពក និង​ខ្យល់​ដែល​គ្មាន​ភ្លៀង​។
15ដោយ​ការអត់ធ្មត់យ៉ាងយូរ គេ​អាច​លួងលោម​អ្នកដឹកនាំ
ហើយ​អណ្ដាត​ទន់ភ្លន់​ក៏​អាច​បំបាក់​ឆ្អឹង​បាន​ដែរ​។
16បើ​អ្នក​រកបាន​ទឹកឃ្មុំ ចូរ​ហូប​តែ​ល្មម​ចុះ
ក្រែងលោ​អ្នក​ទ្រាន់ ហើយ​ក្អួតចេញ​មកវិញ​។
17កុំសូវ​ឲ្យ​ជើង​អ្នក​នៅ​ផ្ទះ​អ្នកជិតខាង​អ្នក​ពេក
ក្រែងលោ​គេ​ទ្រាន់ ហើយ​ស្អប់​អ្នក​វិញ​។
18មនុស្ស​ដែល​ធ្វើ​ជា​សាក្សី​ភូតភរ​ទាស់នឹង​អ្នកជិតខាង​របស់ខ្លួន
ប្រៀបដូចជា​ពូថៅ ដាវ ឬ​ព្រួញ​ដ៏មុត​។
19ការទុកចិត្ត​លើ​មនុស្ស​ក្បត់​ក្នុង​ថ្ងៃ​នៃ​ទុក្ខវេទនា
ប្រៀបដូចជា​ធ្មេញ​ដែល​បាក់ ឬ​ជើង​ដែល​ញញីញញ័រ​។
20អ្នកដែល​ច្រៀង​ចម្រៀង​ដាក់​ចិត្ត​ដែល​មាន​ទុក្ខព្រួយ
គឺដូចជា​អ្នកដែល​ដោះ​សម្លៀកបំពាក់​នៅ​ថ្ងៃ​រងា
ឬ​ដូចជា​ទឹកខ្មេះ​លើ​សូដា​។
21ប្រសិនបើ​សត្រូវ​របស់អ្នក​ឃ្លាន ចូរឲ្យ​គេ​ហូប​អាហារ​;
ប្រសិនបើ​គេ​ស្រេក ចូរឲ្យ​គេ​ផឹក​ទឹក​ផង​;
22ធ្វើដូច្នេះ អ្នក​នឹង​ពូន​រងើកភ្លើង​លើ​ក្បាល​របស់គេ
ហើយ​ព្រះយេហូវ៉ា​នឹង​ប្រទានរង្វាន់​ដល់​អ្នក​។
23ខ្យល់​ទិសខាងជើង នាំមកនូវ​ទឹកភ្លៀង
អណ្ដាត​និយាយដើម​គេ នាំមកនូវ​មុខ​មួម៉ៅ​។
24រស់នៅ​តាម​ជ្រុង​នៃ​ដំបូលផ្ទះ
ប្រសើរ​ជាង​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​ប្រពន្ធ#25:24 ប្រពន្ធ​―ឬ “ស្ត្រី”។​ឌុកដាន់​។
25ដំណឹង​ល្អ​ដែល​មកពី​ស្រុក​ឆ្ងាយ
ប្រៀបដូចជា​ទឹក​ត្រជាក់​ដល់​ព្រលឹង​ដែល​អស់កម្លាំង​។
26មនុស្ស​សុចរិត​ដែល​រង្គើ​នៅមុខ​មនុស្ស​អាក្រក់
ប្រៀបដូចជា​ប្រភពទឹក​ដែល​ត្រូវបាន​ធ្វើឲ្យល្អក់
ឬ​ដូចជា​អណ្ដូង​ដែល​ត្រូវបាន​ធ្វើឲ្យ​ពុល​។
27ការដែល​ហូប​ទឹកឃ្មុំ​ច្រើន​ពេក មិន​ល្អ​ទេ
ការស្វែងរក​សិរីរុងរឿង​របស់ខ្លួន ក៏​មិនមែន​ជា​សិរីរុងរឿង​ដែរ​។
28មនុស្ស​ដែល​គ្មាន​ការគ្រប់គ្រង​ចិត្ត​របស់ខ្លួន
ប្រៀបដូចជា​ទីក្រុង​ដែល​ត្រូវបាន​បំផ្លាញ ហើយ​គ្មាន​កំពែង​៕

ទើបបានជ្រើសរើសហើយ៖

សុភាសិត 25: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល