អេសាយ 9
9
កំណើតរបស់ព្រះអង្គម្ចាស់នៃសន្តិភាព
1យ៉ាងណាមិញ នឹងគ្មានភាពខ្មៅងងឹតនៅលើស្រុកដែលមានសេចក្ដីវេទនានោះឡើយ។ កាលពីដើមព្រះអង្គបានបន្ទាបដែនដីសាប់យូឡូន និងដែនដីណែបថាលី ប៉ុន្តែក្រោយមកព្រះអង្គបានធ្វើឲ្យផ្លូវទៅកាន់បឹង ខាងនាយទន្លេយ័រដាន់ គឺកាលីឡេរបស់សាសន៍ដទៃបានទទួលការលើកតម្កើងសិរីរុងរឿងវិញ——
2ប្រជាជនដែលដើរក្នុងសេចក្ដីងងឹត បានឃើញពន្លឺមួយដ៏អស្ចារ្យ;
ចំពោះអ្នកដែលស្ថិតនៅក្នុងដែនដីស្រមោលនៃសេចក្ដីស្លាប់
មានពន្លឺមួយរះឡើងដល់ពួកគេ។
3ព្រះអង្គបានធ្វើឲ្យប្រជាជាតិនោះកើនចំនួនឡើង
ហើយបង្កើនអំណរដល់ពួកគេ។
ពួកគេបានអរសប្បាយនៅចំពោះព្រះអង្គ
ដូចជាអំណរក្នុងការច្រូតកាត់
ដូចដែលគេត្រេកអរក្នុងការចែកជ័យភណ្ឌ។
4ដ្បិតព្រះអង្គបានបំបាក់នឹមនៃបន្ទុករបស់ពួកគេ
និងរំពាត់នៅស្មារបស់ពួកគេ
ព្រមទាំងដំបងរបស់អ្នកសង្កត់សង្កិនពួកគេ
គឺដូចនៅជំនាន់ម៉ាឌានដែរ។
5គ្រប់ទាំងស្បែកជើងទាហានរបស់អ្នកចម្បាំងក្នុងចម្បាំងដ៏វឹកវរ
និងសម្លៀកបំពាក់ដែលប្រឡាក់ដោយឈាម
នឹងត្រូវបានដុតជាចំណីភ្លើង។
6ដ្បិតមានបុត្រមួយកើតមកដល់យើង
មានបុត្រាមួយប្រទានមកយើង។
រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ
ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា
“ទីប្រឹក្សាដ៏អស្ចារ្យ”#9:6 “ទីប្រឹក្សាដ៏អស្ចារ្យ”―ឬ “ព្រះដ៏អស្ចារ្យ” ឬ “ទីប្រឹក្សា”។
“ព្រះដ៏មានព្រះចេស្ដា”
“ព្រះបិតាដ៏អស់កល្ប”
និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
7រីឯការចម្រើនឡើងនៃការគ្រប់គ្រង និងសន្តិភាពរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ
គឺព្រះអង្គនឹងគ្រប់គ្រងលើបល្ល័ង្ករបស់ដាវីឌ និងលើអាណាចក្ររបស់ព្រះអង្គ
ដើម្បីស្ថាបនា និងទ្រទ្រង់ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត
ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច។
ព្រះហឫទ័យឆេះឆួលរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងសម្រេចការនេះ។
ព្រះយេហូវ៉ាលាតព្រះហស្តទាស់នឹងអ៊ីស្រាអែល
8ព្រះអម្ចាស់របស់ខ្ញុំបានបញ្ជូនព្រះបន្ទូលមកទាស់នឹងយ៉ាកុប
ហើយព្រះបន្ទូលនោះបានធ្លាក់មកលើអ៊ីស្រាអែល។
9ប្រជាជនទាំងអស់គ្នា
គឺពួកអេប្រាអិម និងអ្នកដែលរស់នៅសាម៉ារី នឹងដឹង
ក៏និយាយដោយអំនួត និងដោយការអួតបំប៉ោងនៃចិត្តថា៖
10“ឥដ្ឋបានរលំហើយ ប៉ុន្តែយើងនឹងសង់ឡើងវិញដោយថ្មដាប់;
ដើមឧទុម្ពរត្រូវបានកាប់រំលំហើយ ប៉ុន្តែយើងនឹងដាក់ដើមស៊ីដាជំនួសវិញ!”។
11ដោយហេតុនេះ ព្រះយេហូវ៉ានឹងលើកពួកបច្ចាមិត្តរបស់រេស៊ីនឲ្យមកទាស់នឹងពួកគេ
ហើយពន្យុះខ្មាំងសត្រូវរបស់ពួកគេ
12គឺជនជាតិអើរ៉ាមដែលនៅទិសខាងកើត
និងជនជាតិភីលីស្ទីនដែលនៅទិសខាងលិច
នឹងហាមាត់ស៊ីបំផ្លាញអ៊ីស្រាអែល។
ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ
ហើយព្រះហស្តរបស់ព្រះអង្គក៏នៅតែលាតចេញមកទៀត។
13រីឯប្រជាជននេះមិនបានត្រឡប់មករកព្រះអង្គដែលបានវាយពួកគេ
ក៏មិនបានស្វែងរកព្រះយេហូវ៉ានៃពលបរិវារដែរ។
14ដូច្នេះ ព្រះយេហូវ៉ានឹងកាត់ក្បាល និងកន្ទុយ
ព្រមទាំងធាងលម៉ើ និងដើមត្រែងចេញពីអ៊ីស្រាអែល ក្នុងមួយថ្ងៃ។
15ពួកចាស់ទុំ និងពួកអ្នកធំជាក្បាល
ហើយពួកព្យាការីដែលបង្រៀនសេចក្ដីកុហកជាកន្ទុយ។
16ដ្បិតពួកអ្នកនាំផ្លូវប្រជាជននេះបាននាំឲ្យវង្វេង
ហើយអ្នកដែលត្រូវពួកគេនាំផ្លូវនោះ ក៏ត្រូវបានបំភាន់។
17ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងមិនអរសប្បាយចំពោះមនុស្សកំលោះរបស់ពួកគេឡើយ
ក៏មិនអាណិតមេត្តាកូនកំព្រារបស់ពួកគេ និងស្ត្រីមេម៉ាយរបស់ពួកគេដែរ
ពីព្រោះពួកគេទាំងអស់គ្នាមិនគោរពព្រះ ហើយជាមនុស្សធ្វើអាក្រក់
គ្រប់ទាំងមាត់ក៏និយាយសេចក្ដីឆោតល្ងង់។
ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ
ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត។
18សេចក្ដីអាក្រក់ឆេះដូចភ្លើង
ក៏ស៊ីបំផ្លាញអញ្ចាញ និងបន្លា
ហើយឆេះឡើងក្នុងគុម្ពោតព្រៃ
ក៏ហុយឡើងជាបង្គោលផ្សែង។
19ដោយសារតែសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ានៃពលបរិវារ
ទឹកដីនោះក៏ត្រូវឆាបឆេះ ហើយប្រជាជននឹងបានដូចជាចំណីភ្លើង
គ្មានអ្នកណាប្រណីដល់បងប្អូនរបស់ខ្លួនឡើយ។
20ពួកគេកាប់សាច់នៅខាងស្ដាំ ប៉ុន្តែនៅតែឃ្លានដដែល
ពួកគេត្របាក់ស៊ីនៅខាងឆ្វេង ប៉ុន្តែមិនឆ្អែតឡើយ
ម្នាក់ៗនឹងស៊ីសាច់ដើមដៃរបស់ខ្លួន។
21ម៉ាណាសេនឹងស៊ីអេប្រាអិម ហើយអេប្រាអិមនឹងស៊ីម៉ាណាសេ
ហើយពួកគេនឹងប្រឆាំងនឹងយូដាជាមួយគ្នា។
ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ
ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត៕
ទើបបានជ្រើសរើសហើយ៖
អេសាយ 9: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative