អេសាយ 23
23
ទំនាយទាស់នឹងទីរ៉ុស
1នេះជាទំនាយស្ដីអំពីទីរ៉ុស:
សំពៅតើស៊ីសអើយ ចូរទ្រហោយំ!
ដ្បិតទីរ៉ុសត្រូវបានបំផ្លាញ រហូតដល់លែងមានផ្ទះ លែងមានកំពង់ផែ។
ការនេះត្រូវបានបើកសម្ដែងដល់គេពីដែនដីគីទីម។
2ពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ ចូរស្ងៀមចុះ!
ពួកឈ្មួញនៃស៊ីដូនដែលឆ្លងសមុទ្រ បានចម្អែតនាងហើយ។
3ចំណូលរបស់នាងនៅលើទឹកដ៏ច្រើន
គឺភោគផលពីស៊ីហោរ ជាចម្រូតនៃទន្លេនីល។
ទីរ៉ុសជាកន្លែងជួញដូរដល់ប្រជាជាតិនានា។
4ស៊ីដូនអើយ ចូរអាម៉ាស់មុខចុះ!
ដ្បិតសមុទ្របានពោលហើយ គឺទីមាំមួននៃសមុទ្របានពោលថា៖
“យើងមិនបានឈឺពោះឆ្លងទន្លេ ហើយមិនបានសម្រាលកូនឡើយ
ក៏មិនបានចិញ្ចឹមមនុស្សកំលោះ ឬបីបាច់ថែរក្សាស្រីក្រមុំដែរ”។
5កាលណាដំណឹងនេះទៅដល់អេហ្ស៊ីប
គេនឹងឈឺចាប់ដោយសារតែដំណឹងអំពីទីរ៉ុស។
6ពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ
ចូរទ្រហោយំចុះ!
ចូរឆ្លងទៅតើស៊ីសទៅ!
7តើនេះជាទីក្រុងរីករាយរបស់អ្នករាល់គ្នា
ដែលមានប្រភពដើមតាំងពីគ្រាបុរាណមក
ដែលជើងរបស់នាងបាននាំនាងទៅរស់នៅស្រុកឆ្ងាយឬ?
8តើនរណាបានគ្រោងការនេះទាស់នឹងទីរ៉ុស
ជាទីក្រុងដែលធ្លាប់បំពាក់មកុដឲ្យគេ
ដែលពួកឈ្មួញរបស់នាងជាមេដឹកនាំ
ដែលពួកអ្នកជំនួញរបស់នាងជាអ្នកមានយសស័ក្ដិនៅលើផែនដី?
9គឺព្រះយេហូវ៉ានៃពលបរិវារហើយ ដែលគ្រោងការនេះ
ដើម្បីបន្ទាបបន្ថោកអំនួតរបស់អស់ទាំងភាពរុងរឿង
ដើម្បីបន្ទាបបន្ថោកអស់ទាំងអ្នកមានយសស័ក្ដិនៅលើផែនដី។
10កូនស្រីតើស៊ីសអើយ
ចូរឆ្លងទឹកដីរបស់នាងដូចជាទន្លេនីលចុះ
គ្មានការឃាត់ឃាំង#23:10 ការឃាត់ឃាំង―ឬ “កំពង់ផែ”។នាងទៀតឡើយ។
11ព្រះអង្គបានលាតព្រះហស្តរបស់ព្រះអង្គទៅលើសមុទ្រ
ព្រះអង្គបានធ្វើឲ្យអាណាចក្រទាំងឡាយភ័យញ័រ។
ព្រះយេហូវ៉ាបានបញ្ជាទាស់នឹងកាណានឲ្យបំផ្លាញបន្ទាយរបស់ពួកគេ។
12ព្រះអង្គមានបន្ទូលថា៖
“កូនស្រីក្រមុំស៊ីដូនដែលរងការសង្កត់សង្កិនអើយ
នាងនឹងមិនលោតកញ្ឆេងទៀតទេ!
ចូរក្រោកឡើងឆ្លងទៅគីទីមចុះ!
ទោះបីជានៅទីនោះក៏ដោយ ក៏នាងមិនបានសម្រាកឡើយ”។
13មើល៍! ទឹកដីរបស់ជនជាតិខាល់ដេ!
ប្រជាជននៃទឹកដីនោះលែងមានទៀតហើយ។
ជនជាតិអាស្ស៊ីរីបានកំណត់ទឹកដីនោះសម្រាប់សត្វព្រៃនៅទីរហោស្ថាន;
ពួកគេបានដំឡើងប៉មរបស់ខ្លួន
ហើយកម្ទេចបន្ទាយរបស់ទឹកដីនោះ
ព្រមទាំងធ្វើឲ្យទឹកដីនោះទៅជាទីបាក់បែកផង។
14សំពៅតើស៊ីសអើយ ចូរទ្រហោយំ!
ដ្បិតបន្ទាយរបស់អ្នករាល់គ្នាត្រូវបានបំផ្លាញហើយ។
15នៅថ្ងៃនោះ ទីរ៉ុសនឹងត្រូវគេភ្លេចចិតសិបឆ្នាំ តាមគ្រានៃស្ដេចមួយអង្គ; លុះផុតចិតសិបឆ្នាំហើយ ក៏នឹងកើតមានដល់ទីរ៉ុស ដូចបទចម្រៀងរបស់ស្ត្រីពេស្យា៖
16“ស្ត្រីពេស្យាដែលត្រូវគេភ្លេចអើយ
ចូរកាន់ពិណហាបដើរចុះឡើងក្នុងទីក្រុង
ហើយដេញឲ្យពីរោះចុះ
ព្រមទាំងច្រៀងចម្រៀងច្រើនបទ
ដើម្បីឲ្យនាងត្រូវគេនឹកចាំវិញ!”។
17លុះផុតចិតសិបឆ្នាំ ព្រះយេហូវ៉ានឹងប្រោសប្រណីដល់ទីរ៉ុស នោះនាងនឹងត្រឡប់ទៅរកប្រាក់ឈ្នួលរបស់ខ្លួនវិញ ហើយធ្វើជំនួញ#23:17 ធ្វើជំនួញ―ន័យត្រង់គឺ “ប្រព្រឹត្តអំពើពេស្យា”។ជាមួយអស់ទាំងអាណាចក្រនៃពិភពលោក នៅលើផ្ទៃផែនដី។ 18កម្រៃរបស់នាង និងប្រាក់ឈ្នួលរបស់នាង នឹងបានជាវិសុទ្ធដល់ព្រះយេហូវ៉ា។ គេនឹងមិនសន្សំទុក ក៏មិនប្រមូលទុកទៀតទេ ដ្បិតកម្រៃរបស់នាងនឹងបានសម្រាប់អ្នកដែលរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានហូបឆ្អែត និងបានសម្រាប់សម្លៀកបំពាក់យ៉ាងល្អ៕
ទើបបានជ្រើសរើសហើយ៖
អេសាយ 23: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative