អេសាយ 21
21
ការជំនុំជម្រះបាប៊ីឡូន
1នេះជាទំនាយស្ដីអំពីទីរហោស្ថាននៅក្បែរសមុទ្រ:
ដូចដែលខ្យល់កួចនៅណេកិបបក់មកពីទីរហោស្ថានយ៉ាងណា
វានឹងមកពីដែនដីដ៏គួរឲ្យខ្លាចយ៉ាងនោះដែរ។
2មាននិមិត្តធ្ងន់ធ្ងរមួយត្រូវបានប្រកាសដល់ខ្ញុំថា៖
“មនុស្សក្បត់កំពុងតែក្បត់
មនុស្សបំផ្លាញកំពុងតែបំផ្លាញ។
អេឡាំអើយ ចូរឡើងទៅ!
មេឌីអើយ ចូរឡោមព័ទ្ធទៅ!
យើងបានបញ្ឈប់អស់ទាំងការថ្ងូររបស់នាងហើយ”។
3ហេតុនេះហើយបានជាចង្កេះរបស់ខ្ញុំពេញដោយការឈឺចាប់
ការឈឺចុកចាប់បានចាប់ខ្ញុំ ដូចការឈឺចុកចាប់របស់ស្ត្រីដែលកំពុងសម្រាលកូន។
ខ្ញុំវិលវល់បានជាស្ដាប់មិនឮ
ខ្ញុំតក់ស្លុតបានជាមើលមិនឃើញ។
4ចិត្តរបស់ខ្ញុំបានវង្វេង
សេចក្ដីតក់ស្លុតបានបំភ័យខ្ញុំ
ថ្ងៃលិចដែលជាទីប្រាថ្នារបស់ខ្ញុំ បានត្រឡប់ជាការភិតភ័យដល់ខ្ញុំវិញ។
5ចូររៀបតុអាហារ ចូរក្រាលកម្រាល ហើយស៊ីផឹកចុះ។
បណ្ដាមេដឹកនាំអើយ
ចូរក្រោកឡើង
ចូរលាបប្រេងលើខែលទៅ!
6ព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលនឹងខ្ញុំដូច្នេះថា៖
“ចូរទៅដាក់អ្នកយាមម្នាក់ ឲ្យគេប្រាប់អ្វីដែលគេឃើញ។
7កាលណាគេឃើញរទេះចម្បាំងជាមួយពលសេះមួយគូៗ អ្នកជិះលា និងអ្នកជិះអូដ្ឋ
ចូរឲ្យគេយកចិត្តទុកដាក់យ៉ាងខ្លាំង
គឺយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត”។
8រួចអ្នកយាម#21:8 អ្នកយាម―ន័យត្រង់គឺ “តោ”។ស្រែកថា៖
“លោកម្ចាស់នៃខ្ញុំអើយ
ពេលថ្ងៃខ្ញុំឈរនៅលើប៉មជានិច្ច
ហើយរៀងរាល់យប់ខ្ញុំប្រចាំការនៅទីចាំយាមរបស់ខ្ញុំ។
9ហើយមើល៍! មានរទេះចម្បាំង ពលទាហាន និងពលសេះមួយគូៗកំពុងមក!”។
នោះមានគេតបថា៖
“រលំហើយ! បាប៊ីឡូនបានរលំហើយ!
អស់ទាំងរូបឆ្លាក់នៃបណ្ដាព្រះរបស់នាងបានបាក់បែកនៅលើដីហើយ”។
10ប្រជាជនដែលត្រូវបានបញ្ជាន់របស់ខ្ញុំ
ប្រជាជននៃលានបោកស្រូវរបស់ខ្ញុំអើយ
អ្វីដែលខ្ញុំបានឮពីព្រះយេហូវ៉ានៃពលបរិវារ ជាព្រះនៃអ៊ីស្រាអែល
ខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាហើយ។
ទំនាយទាស់នឹងឌូម៉ា
11នេះជាទំនាយស្ដីអំពីពួកឌូម៉ា:
មានម្នាក់ស្រែកមកខ្ញុំពីសៀរថា៖
“អ្នកយាមអើយ យប់ថ្មើរណាហើយ?
អ្នកយាមអើយ យប់ថ្មើរណាហើយ?”។
12អ្នកយាមឆ្លើយថា៖
“ពេលព្រឹកកំពុងតែមក ហើយពេលយប់ក៏មកទៀតដែរ។
បើអ្នកចង់សួរ ចូរសួរចុះ!
ចូរត្រឡប់មកទៀតចុះ”។
ទំនាយទាស់នឹងអារ៉ាប៊ី
13នេះជាទំនាយស្ដីអំពីអារ៉ាប៊ី:
ក្បួនឈ្មួញនៃជនជាតិដេដាន់អើយ
អ្នករាល់គ្នានឹងស្នាក់នៅពេលយប់ក្នុងព្រៃនៅអារ៉ាប៊ី។
14ពួកអ្នកដែលរស់នៅដែនដីថេម៉ាអើយ
ចូរយកទឹកមកជួបអ្នកដែលស្រេក
ចូរទទួលអ្នកដែលរត់គេចជាមួយនឹងអាហាររបស់ខ្លួនចុះ
15ពីព្រោះពួកគេបានរត់គេចពីដាវ
គឺពីដាវដែលហូតចេញ
ពីធ្នូដែលយឹតជាស្រេច
និងពីបន្ទុកនៃសង្គ្រាម។
16ដ្បិតព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលនឹងខ្ញុំដូច្នេះថា៖ “ក្នុងមួយឆ្នាំទៀត តាមឆ្នាំរបស់ឈ្នួល អស់ទាំងសិរីរុងរឿងរបស់ពួកកេដារនឹងសាបសូន្យទៅ។ 17នោះចំនួនសំណល់នៃពលធ្នូដ៏ខ្លាំងពូកែក្នុងកូនចៅកេដារ នឹងសល់តិច”។ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល បានមានបន្ទូលហើយ៕
ទើបបានជ្រើសរើសហើយ៖
អេសាយ 21: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative