សាស្ដា 4
4
1ខ្ញុំបានបែរមកពិចារណាទៀត អំពីការសង្កត់សង្កិនទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ នោះមើល៍! ទឹកភ្នែករបស់អ្នកដែលរងការសង្កត់សង្កិន! គ្មានអ្នកសម្រាលទុក្ខពួកគេឡើយ។ នៅក្នុងដៃរបស់ពួកអ្នកសង្កត់សង្កិនពួកគេ មានអំណាច ដូច្នេះគ្មានអ្នកដែលសម្រាលទុក្ខពួកគេទេ! 2ដោយហេតុនេះ ខ្ញុំសូមលើកសរសើរមនុស្សស្លាប់ដែលបានស្លាប់ទៅហើយ ជាជាងមនុស្សរស់ដែលនៅរស់នៅឡើយ; 3ក៏ប៉ុន្តែ ប្រសើរជាងពួកគេទាំងពីរ គឺអ្នកដែលមិនទាន់មាននៅ ដែលមិនទាន់ឃើញកិច្ចការដ៏អាក្រក់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃនៅឡើយ។
ទោះបីជាមានទ្រព្យសម្បត្តិ ក៏នៅតែឯកោ
4ខ្ញុំបានឃើញដែរថា អស់ទាំងការនឿយហត់ និងអស់ទាំងការស្ទាត់ជំនាញក្នុងការងារ គឺចេញពីចិត្តច្រណែនរបស់មនុស្សចំពោះអ្នកជិតខាងរបស់ខ្លួន។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ!
5មនុស្សល្ងង់ឱបដៃរបស់ខ្លួន
ហើយស៊ីសាច់ខ្លួនឯង#4:5 មនុស្សល្ងង់ឱបដៃរបស់ខ្លួន ហើយស៊ីសាច់ខ្លួនឯង―ឬ “បើទុកដៃឲ្យនៅទំនេរ នៅទីបំផុតនឹងស្លាប់ដោយអត់បាយ”។។
6ដៃម្ខាងពេញដោយភាពស្ងប់ស្ងៀម
ប្រសើរជាងដៃទាំងពីរពេញដោយការនឿយហត់ និងការដេញចាប់ខ្យល់។
7ខ្ញុំបានបែរមកពិចារណាទៀត អំពីការឥតន័យនៅក្រោមថ្ងៃ 8គឺមានម្នាក់ដែលនៅតែឯងឥតមានគូ ក៏គ្មានកូន ឬបងប្អូនដែរ ប៉ុន្តែអស់ទាំងការនឿយហត់របស់គាត់គ្មានទីបញ្ចប់ឡើយ ហើយភ្នែករបស់គាត់ក៏មិនស្កប់ស្កល់នឹងទ្រព្យសម្បត្តិដែរ។ គាត់មិនដែលសួរថា#4:8 គាត់មិនដែលសួរថា―ជាពាក្យជំនួយ។៖ “តើអញប្រឹងប្រែងធ្វើការ ហើយបង្អត់ខ្លួនអញពីការសប្បាយរីករាយ ដើម្បីអ្នកណា?”។ នេះក៏ជាការឥតន័យ និងជាបន្ទុកដ៏ធ្ងន់ដែរ!
9ពីរនាក់ប្រសើរជាងម្នាក់ ពីព្រោះពួកគេមានរង្វាន់ដ៏ល្អសម្រាប់ការនឿយហត់របស់ពួកគេ។ 10ប្រសិនបើពួកគេដួល ម្នាក់អាចលើកគូកនរបស់ខ្លួនឲ្យងើបឡើងវិញបាន; ប៉ុន្តែវេទនាដល់អ្នកដែលនៅម្នាក់ឯងហើយ! ប្រសិនបើគេដួល គឺគ្មានម្នាក់ទៀតលើកគេឲ្យងើបឡើងវិញឡើយ! 11មួយវិញទៀត ប្រសិនបើពីរនាក់ដេកជាមួយគ្នា នោះពួកគេបានកក់ក្ដៅ; ប៉ុន្តែប្រសិនបើដេកម្នាក់ឯង តើអាចកក់ក្ដៅយ៉ាងដូចម្ដេចបាន? 12ប្រសិនបើនៅម្នាក់ឯង នោះអាចត្រូវគេបង្ក្រាប ប៉ុន្តែប្រសិនបើមានពីរនាក់ នោះអាចតទល់នឹងគេបាន; ខ្សែពួរបីធ្លុងមិនងាយដាច់ទេ។
ធ្វើជាស្ដេច ក៏ឥតន័យដែរ
13យុវជនដែលក្រីក្រ តែមានប្រាជ្ញា ប្រសើរជាងស្ដេចចាស់ ហើយល្ងង់ ដែលមិនចេះទទួលការដាស់តឿនទៀត។ 14ទោះបីជាយុវជននោះបានកើតមកជាអ្នកក្រីក្រនៅក្នុងអាណាចក្ររបស់ខ្លួនក៏ដោយ ក៏គាត់បានចេញពីគុកមកធ្វើជាស្ដេចវិញ។ 15ខ្ញុំបានឃើញមនុស្សរស់ទាំងអស់ដែលដើរចុះឡើងនៅក្រោមថ្ងៃ នៅជាមួយយុវជនទីពីរដែលនឹងឡើងជំនួសយុវជននោះ។ 16ប្រជាជនទាំងអស់ គឺអស់អ្នកដែលនៅចំពោះអ្នកទាំងនោះ មានច្រើនរាប់មិនអស់។ យ៉ាងណាមិញ ជំនាន់ក្រោយមិនសប្បាយចិត្តនឹងអ្នកនោះទេ។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ៕
ទើបបានជ្រើសរើសហើយ៖
សាស្ដា 4: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative