រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

សាស្ដា 12

12
ចូរនឹកចាំព្រះដែលនិម្មិតបង្កើត
1ចូរ​នឹកចាំ​ព្រះអាទិករ​របស់អ្នក ក្នុង​គ្រា​នៃ​យុវភាព​របស់អ្នក​ចុះ
គឺ​មុន​គ្រា​នៃ​មហន្តរាយ​មិនទាន់​មកដល់
មុន​ឆ្នាំ​ដែល​អ្នក​នឹង​ពោលថា​៖ “ខ្ញុំ​គ្មាន​ការសប្បាយ​ក្នុង​ពេលទាំងនេះ​ទេ” មកជិត
2មុនពេល​ព្រះអាទិត្យ ពន្លឺ ព្រះចន្ទ និង​ផ្កាយ មិនទាន់​ប្រែជាងងឹតសូន្យ
ហើយ​ពពក​ត្រឡប់មកវិញ​ក្រោយពី​ភ្លៀង​។
3នៅ​គ្រា​នោះ
ពួកអ្នក​យាម​ផ្ទះ​ក៏​ញាប់ញ័រ
ពួក​ប្រុស​អង់អាច​ក៏​ឱនចុះ
ពួក​ស្រីកិនស្រូវ​ក៏​ឈប់​ពីព្រោះ​មានគ្នាតិច
ពួកស្រីដែល​មើល​តាម​បង្អួច​ក៏​ទៅជាស្រវាំង​;
4រីឯ​ទ្វារ​ទាំងពីរ​តាម​ផ្លូវតូច​ក៏​បិទ
សំឡេង​ត្បាល់កិន​ក៏​ថយចុះ​;
គេ​នឹង​ក្រោកឡើង​ដោយសារ​សំឡេង​បក្សាបក្សី
ហើយ​អ្នកចម្រៀង​ស្រី​ទាំងអស់​ក៏​ចុះខ្សោយ​;
5គេ​ក៏​ខ្លាច​កន្លែងខ្ពស់ និង​គ្រោះថ្នាក់​នៅតាម​ផ្លូវ​;
រីឯ​ដើមអាល់ម៉ុង​ក៏​ចេញផ្កា
កណ្ដូប​ក៏​អូសខ្លួន
ហើយ​ចំណង់​ក៏​រសាយ​ទៅ​;
នេះគឺដោយសារ​មនុស្ស​នឹង​ទៅ​រក​លំនៅ​អស់កល្បជានិច្ច​របស់ខ្លួន
នោះ​ពួកអ្នក​កាន់ទុក្ខ​នឹង​ដើរចុះឡើង​តាម​ផ្លូវតូច​;
6គឺ​មុនពេល​ដែល​ខ្សែ​ប្រាក់​មិនទាន់​ដាច់
ចានគោម​មាស​មិនទាន់​បែក
ក្អម​មិនទាន់​ត្រូវបាន​បំបែក​នៅឯ​ប្រភពទឹក
ហើយ​រហាត់ទឹក​មិនទាន់​ខូច​នៅក្បែរ​អាងទឹក​;
7ពេលនោះ ធូលីដី​នឹង​ត្រឡប់ទៅ​ផែនដី​ដូចដើម​វិញ
ហើយ​វិញ្ញាណ​ក៏​នឹង​ត្រឡប់ទៅ​ព្រះ​ដែល​បាន​ប្រទាន​វា​មក​ដែរ​។
8“សេចក្ដីឥតន័យ​លើ​អស់ទាំង​សេចក្ដីឥតន័យ​!”។
សាស្ដា​ពោលថា​៖ “អ្វីៗ​ទាំងអស់​សុទ្ធតែ​ឥតន័យ​!”។
សរុបសេចក្ដី
9សាស្ដា​មិនត្រឹមតែ​ជា​មនុស្ស​មានប្រាជ្ញា​ប៉ុណ្ណោះទេ លោក​ក៏​បាន​បង្រៀន​ចំណេះដឹង​ដល់​ប្រជាជន ហើយ​បាន​រិះគិត និង​ស្រាវជ្រាវ រួច​បាន​រៀបរៀង​សុភាសិត​ជាច្រើន​។ 10សាស្ដា​បាន​ស្វែងរក​ដើម្បីឲ្យ​ឃើញ​ពាក្យសម្ដី​ដែល​គួរឲ្យត្រេកអរ ហើយ​កត់ត្រាទុក​ពាក្យពេចន៍​នៃ​សេចក្ដីពិត​យ៉ាងត្រឹមត្រូវ​។ 11ពាក្យសម្ដី​របស់​មនុស្ស​មានប្រាជ្ញា​ប្រៀបដូចជា​ជន្លួញ ហើយ​ពាក្យសម្ដី​របស់​ពួក​អ្នកដែលប្រមូល​ពាក្យទាំងនេះ​ទុក ក៏​ប្រៀបដូចជា​ដែកគោល​ដែល​ត្រូវបាន​បោះភ្ជាប់ ជាពាក្យដែល​ត្រូវបាន​ប្រទានមក ពី​អ្នកគង្វាល​ម្នាក់​។
12កូន​របស់ខ្ញុំ​អើយ លើសពីសេចក្ដីទាំងនេះ​ទៅទៀត ចូរ​ទទួល​ការ​ដាស់តឿន​។ ការ​និពន្ធ​សៀវភៅ​ច្រើន​គ្មាន​ទីបញ្ចប់​ឡើយ ហើយ​ការរៀន​ច្រើន​ក៏​ជា​ការនឿយហត់​ដល់​រាងកាយ​ដែរ​។ 13អ្វីៗ​ទាំងអស់​ត្រូវបាន​ឮ​ហើយ នេះជា​សរុប​សេចក្ដី​: ចូរ​កោតខ្លាច​ព្រះ ហើយ​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ ដ្បិត​ការនេះ​គឺសម្រាប់​មនុស្ស​ទាំងអស់​។ 14ជាការពិត ព្រះ​នឹង​នាំ​កិច្ចការ​ទាំងអស់​ទៅ​ក្នុង​ការជំនុំជម្រះ រួមទាំង​អ្វីៗ​ទាំងអស់​ដែល​លាក់កំបាំង​ផង មិនថា​ល្អ មិនថា​អាក្រក់​៕​៚

ទើបបានជ្រើសរើសហើយ៖

សាស្ដា 12: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល