សាការី 8:6-15

សាការី 8:6-15 គកស១៦

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «គ្រា​នោះ បើ​ការ​នេះ​មើល​ទៅ​ប្លែក​ភ្នែក​ដល់​សំណល់​ជន​ជាតិ​នេះ តើ​ត្រូវ​ប្លែក​ភ្នែក​ដល់​យើង​ដែរ​ឬ?» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មើល៍! យើង​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​យើង​ឲ្យ​រួច​ពី​ស្រុក​ខាង​កើត និង​ពី​ស្រុក​ខាង​លិច​ដែរ។ យើង​នឹង​នាំ​គេ​មក គេ​នឹង​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ក្លាយ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​គេ ដោយ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត»។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​ឯង​រាល់​គ្នា​មាន​កម្លាំង​ដៃ​ចុះ សព្វ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​ឮ​ពាក្យ​ទាំង​ប៉ុន្មាន ពី​មាត់​ពួក​ហោរា ដែល​បាន​ប្រកាស​នៅ​ក្នុង​គ្រាចាក់គ្រឹះ​សង់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ដ្បិត​មុន​គ្រា​នោះ គ្មាន​ថ្លៃ​ឈ្នួលសម្រាប់​មនុស្ស ឬ​សត្វ​ទេ ក៏​គ្មាន​សេចក្ដី​សុខ​ដល់​មនុស្ស ដែល​ចេញ ឬ​ចូល​ផង ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ ដ្បិត​យើង​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់ ទាស់​ទទឹង​នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន»។ ប៉ុន្តែ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​មិន​ប្រព្រឹត្តចំពោះ​សំណល់​ជន​ជាតិ​នេះ ដូច​កាលពី​មុន​ទៀត​ទេ ដ្បិត​នឹង​មាន​ពូជ​នៃ​សេចក្ដី​សុខ ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​នឹង​បង្កើត​ផល ដី​ក៏​ចម្រើន​ផល ផ្ទៃ​មេឃ​នឹង​ទម្លាក់​សន្សើម​មក ហើយ​យើង​នឹង​ឲ្យ​សំណល់​នៃ​ជន​ជាតិ​នេះ​ទទួល​របស់​ទាំង​នេះ​ទុក​ជា​មត៌ក។ ឱ​ពួក​វង្ស​យូដា និង​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ពី​ដើមអ្នក​ជា​ទី​ផ្ដាសា​នៅ​កណ្ដាល​អស់​ទាំង​សាសន៍​យ៉ាង​ណា នោះ​យើង​នឹង​សង្គ្រោះ​ឯង​រាល់​គ្នា​ឲ្យ​បានព្រះ​ពរ​វិញ​យ៉ាង​នោះ​ដែរ កុំ​ខ្លាច​ឡើយ ចូរ​ឲ្យ​មាន​កម្លាំង​ដៃ​វិញ​ចុះ»។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ដូច​ដែល​បុព្វ‌បុរស​របស់​អ្នក​បាន​បណ្ដាល​ឲ្យ​យើង​ក្រោធ នោះ​យើង​បាន​គិត​នឹង​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា ឥត​ប្រែ​ចិត្ត​ជា​យ៉ាង​ណា សព្វ​ថ្ងៃ​នេះ យើង​គិត​ធ្វើ​ល្អ​ដល់​ក្រុង​យេរូ‌សាឡិម និង​ដល់​ពួក​វង្ស​យូដា​ក៏​យ៉ាង​នោះ​ដែរ កុំ​ខ្លាច​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

អាន សាការី 8