ទីតុស 1:2-10

ទីតុស 1:2-10 គកស១៦

ដោយ​សង្ឃឹម​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច ដែល​ព្រះដ៏​មិន​ចេះ​ភូត ទ្រង់​បាន​សន្យា​តាំង​ពី​មុន​អស់​ទាំង​កល្ប លុះ​នៅ​ពេល​កំណត់ ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដោយ​ការ​ប្រកាស​ប្រាប់​ដែល​ផ្ញើ​ទុក​នឹង​ខ្ញុំ តាម​បញ្ជា​របស់​ព្រះ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ មក​ដល់​ទីតុស ជា​កូន​ពិត​ក្នុង​ជំនឿ ដែល​យើង​មាន​ជា​មួយ​គ្នា សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត មក​ពី​ព្រះ ជា​ព្រះ‌វរ‌បិតា និង​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង។ ខ្ញុំ​បាន​ទុក​ឲ្យ​អ្នក​នៅ​កោះ​ក្រេត ដើម្បី​រៀប‌ចំ​កិច្ច‌ការ​ដែល​នៅ​សល់ ឲ្យ​មាន​របៀប​រៀប​រយ និង​តាំង​ឲ្យ​មាន​ពួក​ចាស់​ទុំ​នៅ​គ្រប់​ទាំង​ទី​ក្រុង គឺ​ជា​អ្នក​ដែល​រក​កន្លែង​បន្ទោស​មិន​បាន មាន​ប្រពន្ធ​តែ​មួយ មាន​កូន​ចៅ​ជា​អ្នក​ជឿ ឥត​មាន​អ្នក​ណា​ចោទ​ប្រកាន់ថា​ជា​មនុស្ស​ខិល​ខូច ហើយ​រឹង​ចចេស។ ដ្បិត​ក្នុង​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ​របស់​ព្រះ អ្នក​អភិបាល ត្រូវ​តែ​ជា​មនុស្ស​ដែល​រក​កន្លែង​បន្ទោស​មិន​បាន មិន​ត្រូវ​មាន​ចិត្ត​មានះ ឆាប់​ខឹង ចំណូល​ស្រា ច្រឡោត ឬ​ស៊ី​សំណូក​ឡើយ គឺ​អ្នក​នោះ​ត្រូវ​មាន​ចិត្ត​ចៅ‌រ៉ៅ ស្រឡាញ់​អំពើ​ល្អ មាន​ចិត្ត​ធ្ងន់ ហើយ​សុចរិត បរិសុទ្ធ ចេះ​គ្រប់​គ្រង​ចិត្ត។ អ្នក​នោះ​ត្រូវ​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល​ដ៏​ពិត ដូច​ជា​បាន​បង្រៀន​មក​យើង​ហើយ ដើម្បី​ឲ្យ​មាន​សមត្ថភាពដាស់​តឿន​គេ ដោយ​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ហើយ​ឲ្យ​ចេះ​បន្ទោស​ដល់​អស់​អ្នក​ដែល​ទាស់​ទទឹង។ ដ្បិត​មាន​មនុស្ស​ជា​ច្រើន គឺ​ក្នុង​ចំណោម​ពួក​អ្នក​កាត់​ស្បែក ដែល​មានចិត្ត​រឹង‌រូស ជា​ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍ ហើយ​បោក​ប្រាស់គេ

អាន ទីតុស 1