បទ​ចម្រៀង​សាឡូម៉ូន 5:6-16

បទ​ចម្រៀង​សាឡូម៉ូន 5:6-16 គកស១៦

ខ្ញុំ​បាន​បើក​ឲ្យ​ស្ងួន​សម្លាញ់​ខ្ញុំ តែ​ស្ងួន​សម្លាញ់​ខ្ញុំ ទ្រង់​បាន​ចេញ​ទៅ​បាត់​ហើយ ក្នុង​កាល​ដែល​ទ្រង់​មាន​រាជ‌ឱអង្ការ​ហៅ នោះ​ខ្ញុំ​មាន​ចិត្ត​រំជួល ខ្ញុំ​ខំ​ស្វែង​រក តែ​រក​ទ្រង់​មិន​ឃើញ​សោះ ខ្ញុំ​បាន​ស្រែក​ហៅ តែ​ទ្រង់​មិន​ឆ្លើយ​តប​ឡើយ។ ពួក​យាម​ល្បាត​ដែល​ដើរ​ក្រវែល​ក្នុង​ទី​ក្រុង ក៏​ប្រទះ​នឹង​ខ្ញុំ គេ​វាយ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​របួស ពួក​រក្សា​កំផែង គេ​កន្ត្រាក់​យក​ស្បៃ​ពី​ខ្ញុំ​ចេញ។ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា បើ​ឃើញ​ស្ងួន​សម្លាញ់​ខ្ញុំ នោះ​នាង​ទាំង‌ឡាយ​នឹង​ទូល​ដល់​ទ្រង់​ថា ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់។ ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ តើ​ស្ងួន​សម្លាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សម្លាញ់ ណា​ទៀត​យ៉ាង​ណា បាន​ជា​នាង​ចាប់​ឲ្យ​យើង​ស្បថ​ដូច្នេះ តើ​ស្ងួន​សម្លាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សម្លាញ់ ណា​ទៀត​យ៉ាង​ណា​ទៅ។ ៙ ស្ងួន​សម្លាញ់​របស់​ខ្ញុំ​សម្បុរ​ស មាន​ថ្ពាល់​ក្រហម ទ្រង់​ជា​ឯក​អង្គ​ក្នុង​ពួក​មួយ​ម៉ឺន​នាក់ ព្រះ‌សិរ​ទ្រង់​ល្អ ដូច​ជា​មាស​នព្វ‌គុណ ព្រះ‌កេសា​ទ្រង់​អង្កាញ់ ហើយ​ខ្មៅ​ដូច​សារិកា ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ ដូច​ជា​ព្រាប​នៅ​មាត់​ផ្លូវ​ទឹក ដែល​លាង​ដោយ​ទឹក​ដោះ ហើយ​ដាំ​ក្នុង​គ្រោងយ៉ាង​សម​ល្អ ព្រះ‌គណ្ឌៈ​ទ្រង់​ដូច​ជា​ទី​ដាំ​គ្រឿង​ក្រអូប ដូច​ជា​ដំណាំ​ស្មៅ​មាន​ក្លិន​ផ្អែម ព្រះ‌រឹម​ទ្រង់​ដូច​ជា​ផ្កា​កំភ្លឹង​ដែល​ស្រក់​ទឹក​ក្រអូប ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ដូច​ជា​ចិញ្ចៀន​មាស ដាំ​ដោយ​ត្បូង​បេរីល ព្រះ‌កាយ​ទ្រង់​ដូច​ជា​រចនា​ភ្លុក លម្អ​ដោយ​ត្បូង​កណ្ដៀង ព្រះ‌បាទ​របស់​ព្រះ‌អង្គ​ដូច​ជា​សសរ​ថ្ម​កែវ តម្កល់​នៅ​លើ​ជើង​មាស​នព្វ‌គុណ ឯ​ភាព​ទ្រង់​មាន​លម្អ​ដូច​ជា​ភ្នំ​ល្បាណូន វិសេស​ដូច​ជា​ដើម​តា‌ត្រៅ ព្រះ‌ឧស​ទ្រង់​ក៏​ផ្អែម​ក្រអូប អើ ទ្រង់​គួរ​ស្រឡាញ់​ពេញ​ទី​ហើយ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ នេះ​ហើយ​ជា​ស្ងួន​សម្លាញ់ ហើយ​ជា​ភឿន​ជីវិត​របស់​ខ្ញុំ។