បទ​ចម្រៀង​សាឡូម៉ូន 2:1-7

បទ​ចម្រៀង​សាឡូម៉ូន 2:1-7 គកស១៦

ខ្ញុំ​ជា​ផ្កា​កុលាប​ដែល​ដុះ​នៅ​វាល​សារ៉ុន ជា​ផ្កា​កំភ្លឹង​ដែល​ដុះ​នៅ​ច្រក​ភ្នំ។ ៙ មាស​សម្លាញ់អើយ ក្នុង​ចំណោម​ពួក​កូន​ស្រីៗ នាង​ប្រៀប​ដូច​ជា​កំភ្លឹង​ដុះ​នៅ​កណ្ដាល​គុម្ព​បន្លា។ ៙ ស្ងួន​សម្លាញ់​របស់​ខ្ញុំ នៅ​កណ្ដាល​ពួក​កូន​ប្រុសៗ ប្រៀប​ដូច​ជា​ដើម​សារី នៅ​កណ្ដាល​ពួក​ឈើ​ព្រៃ ខ្ញុំ​បាន​អង្គុយ​ក្រោម​ម្លប់​របស់​ទ្រង់ ដោយ​ចិត្ត​រីក‌រាយ​ជា​ខ្លាំង ហើយ​ផ្លែ​របស់​ទ្រង់ ក៏​មាន​រស​ជាតិ​ផ្អែម​ដល់​អណ្ដាត​ខ្ញុំ ទ្រង់​បាន​នាំ​ខ្ញុំ​ទៅ​ផ្ទះ​ស៊ី‌លៀង ហើយ​ទង់​របស់​ទ្រង់​ដែល​នៅ​ពី​លើ​ខ្ញុំ គឺ​ជា​សេចក្ដី​ស្រឡាញ់ សូម​ទប់‌ទល់​ខ្ញុំ​ដោយ​ផែន​ទំពាំង‌បាយ‌ជូរ ហើយ​ចម្រើន​កម្លាំង​ខ្ញុំ​ដោយ​ផ្លែ​សារី​ផង ដ្បិត​ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់ ព្រះ‌ហស្ត​ឆ្វេង​ទ្រង់​ទ្រ​ក្បាល​ខ្ញុំ ហើយ​ព្រះ‌ហស្ត​ស្តាំ​ក៏​ឱប​ខ្ញុំ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​មាន​ពួក​ប្រើស និង​ពួក​ក្តាន់​នៅ​វាលធ្វើ​ជា​សាក្សី​ថា នាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សម្លាញ់របស់​ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ។