នាង​រស់ 1:1-13

នាង​រស់ 1:1-13 គកស១៦

នៅ​គ្រា​ដែល​ពួក​ចៅ‌ហ្វាយ​កំពុង​ត្រួត‌ត្រា កើត​មាន​អំណត់​អត់​នៅ​ក្នុង​ស្រុក ពេល​នោះ មាន​បុរស​ម្នាក់​ជា​អ្នក​នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា គាត់​បាន​នាំ​ទាំង​ប្រពន្ធ និង​កូន​ប្រុស​ទាំង​ពីរ​នាក់ ទៅ​ស្នាក់​នៅ​ស្រុក​ម៉ូអាប់។ បុរស​នោះ​ឈ្មោះ​អេលី‌ម៉ាលេច ប្រពន្ធ​ឈ្មោះ​ណា‌អូមី ហើយ​កូន​ទាំង​ពីរ គឺ​ម៉ាឡូន និង​គីលី‌យ៉ុន សុទ្ធ​តែ​ជា​ពួក​អេប្រា‌តា ដែល​នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា គេ​ក៏​ទៅ​ដល់​ស្រុក​ម៉ូអាប់ តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ។ ឯ​អេលី‌ម៉ាលេច ជា​ប្តី​ណា‌អូមី គាត់​ស្លាប់​ទៅ នៅ​សល់​តែ​នាង និង​កូន​ទាំង​ពីរ​នាក់ កូន​ទាំង​ពីរ​ក៏​យក​ប្រពន្ធ ពី​ពួក​ក្រមុំ​ស្រី​សាសន៍​ម៉ូអាប់​នោះ នាង​មួយ​ឈ្មោះ​អ័រប៉ា ហើយ​មួយ​ទៀត​ឈ្មោះ​នាង​រស់។ គេ​រស់​នៅ​ស្រុក​នោះ​ប្រហែល​ជា​ដប់​ឆ្នាំ ហើ​យ​ម៉ាឡូន និង​គីលីយ៉ូន​ក៏​ស្លាប់​ទាំង​ពីរ​នាក់​ទៅ នៅ​សល់​តែ​ណា‌អូមី​ម្នាក់​ឯង បាត់​កូន​ទាំង​ពីរ ទាំង​ប្តី។ ណា‌អូមី និង​កូន​ប្រសា​ទាំង​ពីរ​ក៏​ប្រុង‌ប្រៀប ដើម្បី​ចេញ​ពី​ស្រុក​ម៉ូអាប់​ត្រឡប់​ទៅ​វិញ ដ្បិត​នៅ​ក្នុង​ស្រុក​ម៉ូអាប់​នោះ គាត់​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​មាន​អាហារ។ ដូច្នេះ គាត់​ក៏​ចេញ​ពី​លំនៅ​ខ្លួន នាំ​ទាំង​កូន​ប្រសា​ស្រី​ទាំង​ពីរ ដើរ​ទៅ​តាម​ផ្លូវ ដើម្បី​នឹង​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ។ គាត់​និយាយ​ទៅ​កូន​ប្រសា​ទាំង​ពីរ​ថា៖ «ចូរ​កូន​ត្រឡប់​ទៅ​រក​ផ្ទះ​ម្តាយ​រៀង​ខ្លួន​វិញ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ផ្តល់​សេចក្ដី​សប្បុរស​ដល់​កូន ដូច​ជា​កូន​បាន​ប្រព្រឹត្ត​នឹង​ខ្មោច​ប្តី ហើយ​នឹង​ម្តាយ​ដែរ។ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រោស​មេត្តា ឲ្យ​កូន​បាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ក្នុង​ផ្ទះ​របស់​ប្តី​មួយ​ទៀត​រៀង​ខ្លួន​ចុះ» រួច​គាត់​ក៏​ថើប​នាង​ទាំង​ពីរ ហើយ​គេ​ឡើង​សំឡេង​យំ​ទាំង​អស់​គ្នា។ ប៉ុន្តែ នាង​ទាំង​ពីរ​ប្រកែក​ថា៖ «ទេ យើង​ខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​សាសន៍​របស់​អ្នក​ម្តាយ ជា​មួយ​អ្នក​ម្តាយ​ដែរ»។ ប៉ុន្តែ ណា‌អូមី​ឃាត់​ថា៖ «ចូរ​វិល​ទៅ​វិញ​ចុះ កូន​ស្រី​អើយ ហេតុ​អ្វី​បាន​ជា​ចង់​ទៅ​តាម​ម្តាយ? តើ​ម្តាយ​នៅ​មាន​កូន​ក្នុង​ពោះ​ទៀត ដែល​នឹង​ធ្វើ​ជា​ប្តី​ដល់​ឯង​បាន​ឬ? ចូរ​វិល​ទៅ​វិញ​ទៅ កូន​ស្រី​អើយ ដ្បិត​ម្តាយ​ចាស់​ហួស​កំណត់​នឹង​យក​ប្តី​ហើយ ប្រសិន‌បើ​ម្តាយ​និយាយ​ថា ម្តាយ​មាន​សង្ឃឹម​ហើយ បើ​ម្តាយ​មាន​ប្តី​នៅ​យប់​នេះ ហើយ​បង្កើត​បាន​កូន​ប្រុស នោះ​តើ​កូន​នឹង​នៅ​ចាំ​ទាល់​តែ​វា​ធំ​ឡើង​ឬ? បើ​យ៉ាង​នោះ តើ​កូន​នឹង​បង្អង់​នៅ​ឥត​មាន​ប្តី​ឬ? កុំ​អី កូន​ស្រី​អើយ ម្តាយ​ព្រួយ​ចិត្ត​ខ្លាំង​ណាស់ ដោយ​ព្រោះ​កូន ព្រោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​លូក​មក​ទាស់​នឹង​ម្តាយ​ហើយ»។

អាន នាង​រស់ 1