រ៉ូម 8:1-17, 26-39
រ៉ូម 8:1-17 គកស១៦
ដូច្នេះ ឥឡូវនេះ អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ គ្មានទោសទេ។ ដ្បិតច្បាប់របស់ព្រះវិញ្ញាណនៃជីវិត នៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រោសអ្នករាល់គ្នាឲ្យរួចពីច្បាប់របស់អំពើបាប និងសេចក្តីស្លាប់ហើយ។ ការដែលក្រឹត្យវិន័យធ្វើមិនកើត ដោយសារភាពទន់ខ្សោយខាងសាច់ឈាម នោះព្រះបានសម្រេចរួចហើយ ដោយចាត់ព្រះរាជបុត្រារបស់ព្រះអង្គផ្ទាល់ឲ្យមក មានរូបអង្គដូចជាមនុស្សខាងសាច់ឈាមដែលមានបាប ហើយដើម្បីដោះស្រាយអំពើបាប ព្រះអង្គដាក់ទោសបាបនៅក្នុងសាច់ឈាម ដើម្បីឲ្យសេចក្ដីសុចរិតដែលក្រឹត្យវិន័យបង្គាប់មក បានសម្រេចនៅក្នុងយើង ដែលមិនរស់នៅតាមសាច់ឈាម តែរស់នៅតាមព្រះវិញ្ញាណ។ ដ្បិតអស់អ្នកដែលរស់នៅតាមសាច់ឈាម គិតតែពីការរបស់សាច់ឈាម តែអស់អ្នកដែលរស់នៅតាមព្រះវិញ្ញាណ នោះគិតតែពីការរបស់ព្រះវិញ្ញាណ។ គំនិតដែលគិតអំពីសាច់ឈាម ជាសេចក្តីស្លាប់ តែគំនិតដែលគិតអំពីព្រះវិញ្ញាណ នោះជាជីវិត និងសេចក្តីសុខសាន្ត។ ព្រោះគំនិតដែលគិតអំពីសាច់ឈាម នោះទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ហើយអស់អ្នកដែលរស់នៅខាងសាច់ឈាម ពុំអាចគាប់ព្រះហឫទ័យព្រះបានឡើយ។ ប៉ុន្តែ ដោយព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា អ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងព្រះវិញ្ញាណវិញ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ព្រះអង្គទេ។ ប្រសិនបើព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ទោះជារូបកាយត្រូវស្លាប់ ព្រោះតែបាបក៏ដោយ តែព្រះវិញ្ញាណនាំឲ្យមានជីវិត ព្រោះតែសេចក្តីសុចរិត។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សណ្ឋិតក្នុងអ្នករាល់គ្នា នោះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ ទ្រង់ក៏នឹងប្រោសរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ឲ្យមានជីវិត តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នានោះដែរ។ ដូច្នេះ បងប្អូនអើយ យើងជំពាក់ តែមិនមែនជំពាក់ចំពោះសាច់ឈាម ដើម្បីរស់តាមសាច់ឈាមនោះទេ ដ្បិតបើអ្នករាល់គ្នារស់តាមសាច់ឈាម អ្នករាល់គ្នានឹងត្រូវស្លាប់ តែបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយ ដោយសារព្រះវិញ្ញាណ អ្នករាល់គ្នានឹងមានជីវិត ហើយអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះដឹកនាំ អ្នកទាំងនោះជាកូនរបស់ព្រះ។ ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា! គឺព្រះវិញ្ញាណទ្រង់ផ្ទាល់ធ្វើបន្ទាល់ជាមួយវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ ហើយប្រសិនបើយើងពិតជាកូនមែន នោះយើងជាអ្នកគ្រងមត៌ក គឺជាអ្នកគ្រងមត៌ករបស់ព្រះរួមជាមួយព្រះគ្រីស្ទ។ ពិតមែន បើយើងរងទុក្ខលំបាកជាមួយព្រះអង្គ នោះយើងក៏នឹងទទួលសិរីល្អជាមួយព្រះអង្គដែរ។
រ៉ូម 8:26-39 គកស១៦
ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្តេចទេ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបាន។ ឯព្រះអង្គដែលឈ្វេងយល់ចិត្ត ទ្រង់ជ្រាបពីគំនិតរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឲ្យពួកបរិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះ។ យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។ ដ្បិតអស់អ្នកដែលព្រះអង្គបានស្គាល់ជាមុន ទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាព្រះអង្គ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាកូនច្បង ក្នុងចំណោមបងប្អូនជាច្រើន។ ឯអស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុន ទ្រង់ក៏បានត្រាស់ហៅ ហើយអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ ទ្រង់ក៏រាប់ជាសុចរិត ហើយអស់អ្នកដែលព្រះអង្គបានរាប់ជាសុចរិត ទ្រង់ក៏លើកតម្កើង។ ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន? ព្រះអង្គដែលមិនបានសំចៃទុកព្រះរាជបុត្រាព្រះអង្គផ្ទាល់ គឺបានលះបង់ព្រះរាជបុត្រាសម្រាប់យើងរាល់គ្នា តើទ្រង់មិនប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះរាជបុត្រាព្រះអង្គដែរទេឬ? តើអ្នកណាអាចចោទប្រកាន់ទាស់នឹងពួករើសតាំងរបស់ព្រះបាន? ដ្បិតគឺព្រះហើយដែលរាប់គេជាសុចរិត។ តើអ្នកណាអាចកាត់ទោសគេបាន? ដ្បិតគឺព្រះគ្រីស្ទយេស៊ូវហើយដែលបានសុគត មែនហើយ! ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គគង់នៅខាងស្តាំព្រះហស្តរបស់ព្រះ គឺព្រះអង្គហើយជាអ្នកទូលអង្វរឲ្យយើង។ តើអ្នកណាអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបាន? តើទុក្ខលំបាក ឬសេចក្ដីវេទនា ការបៀតបៀន ការអត់ឃ្លាន ភាពអាក្រាត សេចក្តីអន្តរាយ ឬមួយដាវ? ដូចមានសេចក្តីចែងទុកមកថា៖ «ដោយព្រោះព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច គេរាប់យើងទុកដូចជាចៀមដែលត្រូវគេយកទៅសម្លាប់ »។ ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។ ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។





