ដូច្នេះ ដោយព្រោះយើងស្ថិតនៅក្រោមព្រះគុណ មិនស្ថិតនៅក្រោមក្រឹត្យវិន័យ តើយើងគួរប្រព្រឹត្តអំពើបាបឬ? ទេ មិនមែនដូច្នោះទេ! អ្នករាល់គ្នាមិនដឹងទេឬ បើអ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបម្រើ ហើយស្តាប់បង្គាប់ចៅហ្វាយណា នោះអ្នកជាបាវបម្រើរបស់ចៅហ្វាយដែលអ្នកស្តាប់តាមនោះឯង ទោះជាបាវបម្រើរបស់បាប ដែលនាំទៅរកសេចក្តីស្លាប់ ឬជាបាវបម្រើរបស់ការស្តាប់បង្គាប់ ដែលនាំឲ្យបានសុចរិតក្តី។ ប៉ុន្តែ អរព្រះគុណដល់ព្រះ ដែលអ្នករាល់គ្នាពីដើមជាបាវបម្រើរបស់បាប ទាំងបានស្តាប់បង្គាប់យ៉ាងអស់ពីចិត្ត តាមគំរូនៃសេចក្ដីបង្រៀនដែលគេបានប្រគល់មកអ្នករាល់គ្នា ហើយដោយអ្នករាល់គ្នាបានរួចពីបាប នោះក៏ត្រឡប់ជាបាវបម្រើរបស់សេចក្តីសុចរិតវិញ។ ខ្ញុំនិយាយតាមរបៀបមនុស្សលោកដូច្នេះ ព្រោះតែភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ដ្បិតដូចដែលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈរបស់ខ្លួន ឲ្យធ្វើជាបាវបម្រើឲ្យសេចក្តីស្មោកគ្រោក និងសេចក្តីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរប្រគល់អវយវៈរបស់អ្នករាល់គ្នា ធ្វើជាបាវបម្រើឲ្យសេចក្តីសុចរិតវិញ ដើម្បីឲ្យបានបរិសុទ្ធយ៉ាងនោះដែរ។ កាលអ្នករាល់គ្នានៅជាបាវបម្រើរបស់បាបនៅឡើយ នោះអ្នករាល់គ្នាមិនជាប់ក្នុងសេចក្តីសុចរិតទេ។ កាលណោះ តើអ្នករាល់គ្នាបានផលអ្វីខ្លះពីសេចក្ដីដែលឥឡូវនេះ អ្នករាល់គ្នាអៀនខ្មាស? ដ្បិតចុងបំផុតនៃសេចក្ដីទាំងនោះជាសេចក្តីស្លាប់! តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបម្រើដល់ព្រះអង្គ អ្នករាល់គ្នាបានផលជាសេចក្ដីបរិសុទ្ធ ហើយចុងបំផុតគឺជីវិតអស់កល្បជានិច្ច។ ដ្បិតឈ្នួលរបស់បាប ជាសេចក្តីស្លាប់ តែអំណោយទានរបស់ព្រះវិញ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
អាន រ៉ូម 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 6:15-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ