ទំនុកតម្កើង 89

89
សេចក្ដី​សញ្ញា​របស់​ព្រះ​ជាមួយ​ព្រះ​បាទ​ដាវីឌ
សេចក្ដី​បង្រៀន​របស់​លោក​អេថាន អ្នក​ស្រុក​អេស‌រ៉ាគីត។
1ទូល‌បង្គំ​នឹង​ច្រៀង​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស
របស់​ព្រះ‌យេហូវ៉ា ជា​រៀង​រហូត
មាត់​ទូល‌បង្គំ​នឹងប្រកាស
ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ
ឲ្យ​មនុស្ស​គ្រប់​ជំនាន់បាន​ស្គាល់ត​រៀង​ទៅ។
2ដ្បិត​ទូល‌បង្គំ​បាន​ពោល​ថា
«ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច
ហើយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​រឹង​មាំ
ដូច​ផ្ទៃ​មេឃ»។
3៙ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា
«យើង​បាន​តាំង​សញ្ញា​ជាមួយ​អ្នក
ដែល​យើង​បាន​ជ្រើស​រើស
យើង​បាន​ស្បថ​ជាមួយ​ដាវីឌ
ជា​អ្នក​បម្រើ​របស់​យើង​ថា
4"យើង​នឹង​តាំង​ពូជ‌ពង្សអ្នក
ឲ្យ​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច
ក៏​នឹង​សង់​បល្ល័ង្ក​របស់​អ្នក
ឲ្យ​នៅគង់​វង្ស​គ្រប់​ជំនាន់​តទៅ"» ។ -បង្អង់
5៙ ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ឲ្យ​ផ្ទៃ​មេឃ​សរសើរ​ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ
សូម​ឲ្យព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ
ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​នៃ​ពួក​អ្នក​បរិសុទ្ធ!
6ដ្បិត​តើ​មាន​អ្នក​ណា​នៅ​លើ​មេឃ
ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌យេហូវ៉ា​បាន?
ក្នុង​ចំណោម​ពួក​ស្ថាន​សួគ៌
តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា
7ជា​ព្រះ​ដែល​គួរ​ស្ញែង​ខ្លាច
នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួក​អ្នក​បរិសុទ្ធ
ក៏​គួរ​កោត​ខ្លាច លើស​ជាង​អស់​អ្នក
នៅ​ជុំ‌វិញ​ព្រះ‌អង្គ​នោះ?
8ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ
តើ​មាន​អ្នក​ណា​ខ្លាំង​ពូកែ​ដូច​ព្រះ‌អង្គ?
ឱ​ព្រះ‌យេហូវ៉ា អើយ
ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ
នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ។
9ព្រះ‌អង្គ​បង្ក្រាប​អំនួត​របស់​សមុទ្រ
កាល​ណា​រលក​កម្រើក​ឡើង
ព្រះ‌អង្គ​ធ្វើ​ឲ្យ​វា​ស្ងប់​ទៅ​វិញ។
10ព្រះ‌អង្គ​បាន​ជាន់​កម្ទេច​ពួក​រ៉ាហាប
ដូច​ជា​មនុស្ស​ដែល​គេ​វាយ​សម្លាប់
ព្រះ‌អង្គ​បាន​កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ
ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឫទ្ធិ។
11ផ្ទៃ​មេឃ​ជា​របស់​ព្រះ‌អង្គ ផែនដី​ជា​របស់​ព្រះ‌អង្គ
ពិភព​លោក និង​អ្វីៗ​សព្វ​សារពើ
នៅ​ក្នុង​ពិភព​លោក
គឺ​ព្រះ‌អង្គ​បាន​បង្កើត​មក​ទាំង​អស់។
12ព្រះ‌អង្គ​បាន​បង្កើត​ទិស​ខាង​ជើង
និង​ទិស​ខាង​ត្បូង
ឯ​ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរម៉ូន
សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ដោយ​អំណរ។
13ព្រះ‌អង្គ​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ
ព្រះ‌ហស្ត​ព្រះ‌អង្គ​មាន​ឫទ្ធិ​ខ្លាំង
ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​ខ្ពង់​ខ្ពស់​ណាស់។
14សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌
ជា​គ្រឹះ​ទ្រទ្រង់​បល្ល័ង្ក​របស់​ព្រះ‌អង្គ
ព្រះ‌ហឫ‌ទ័យ​សប្បុរស
និព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់
ដើរ​នាំ​មុខ​ព្រះ‌អង្គ។
15មាន​ពរ​ហើយ ប្រជាជន​ណា​ដែល​ស្គាល់​សម្រែក
ដ៏​សប្បាយ​រីក‌រាយ ឱ​ព្រះ‌យេហូវ៉ា​អើយ
ជា​អ្នក​ដែល​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ
16គេ​មាន​ចិត្ត​រីក‌រាយ ដោយ​សារ​ព្រះ‌នាម​ព្រះ‌អង្គ
ដរាប​រាល់​ថ្ងៃ ហើយ​គេ​បាន​ខ្ពស់​មុខ
ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។
17ដ្បិត​ព្រះ‌អង្គ​ជា​សិរី‌ល្អ​នៃ​កម្លាំង​របស់​គេ
យើង​ខ្ញុំ​បាន​ថ្កុំ​ថ្កើង​ដោយសារ​ព្រះ‌គុណ
របស់​ព្រះ‌អង្គ។
18ដ្បិត​ខែល​របស់​យើង​ខ្ញុំ​ជា​របស់​ព្រះ‌យេហូវ៉ា
ព្រះ​រាជា​របស់​យើង​ខ្ញុំ​ជា​របស់​ព្រះ​ដ៏​បរិសុទ្ធ
នៃ​សាសន៍​អ៊ីស្រា‌អែល។
19៙ គ្រា​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់
អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ក្នុង​និមិត្ត​មួយ​ថា៖
«យើង​បានផ្ដល់​ជំនួយ
ដល់​អ្នក​មួយ​ដែល​ខ្លាំង​ពូកែ
យើង​បាន​លើក​តម្កើង​ម្នាក់
ដែល​យើង​បាន​ជ្រើស​រើស
ពី​ក្នុង​ចំណោម​ប្រជាជន។
20គឺយើង​បាន​រក​ឃើញ​ដាវីឌ
ជា​អ្នក​បម្រើ​របស់​យើង
យើង​បាន​ចាក់​ប្រេង​តាំង​គេ​ឡើង
ដោយ​ប្រេង​ដ៏​បរិសុទ្ធ​របស់​យើង
21ដៃ​យើង​នឹង​នៅ​ជាមួយ​គេ​ជានិច្ច
ដើម​ដៃ​យើង​នឹង​ចម្រើន​កម្លាំង​គេ ។
22ខ្មាំង​សត្រូវ​នឹង​មិន​មាន​ប្រៀប​លើ​គេ​បាន​ឡើយ
ហើយ​មនុស្ស​អាក្រក់​ក៏​នឹង​មិន
សង្កត់​សង្កិន​គេ​បាន​ដែរ។
23យើង​នឹង​កម្ទេច​បច្ចា​មិត្ត​របស់​គេ
ឲ្យ​ដួល​នៅ​មុខ​គេ
ហើយ​នឹង​ប្រហារ​អស់​អ្នក​ដែល​ស្អប់គេ។
24ចិត្ត​ស្មោះ‌ត្រង់ និង​ចិត្ត​សប្បុរស​របស់​យើង
នឹង​នៅ​ជា​មួយ​គេ
ហើយ​ក្នុង​នាម​របស់​យើង គេ​នឹង​បាន​ថ្កុំ​ថ្កើង។
25យើង​នឹង​តាំង​ឲ្យ​គេ​មាន​អំណាច​នៅ​លើ​សមុទ្រ
ហើយ​ឲ្យ​ដៃ​ស្តាំ​គេ​បាន​គ្រប់‌គ្រង
លើ​អស់​ទាំង​ទន្លេ។
26ដាវីឌ​នឹង​អំពាវ‌នាវ​រក​យើង​ថា
"ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំ
ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ជា​ថ្ម​ដា​នៃ​ការ​សង្គ្រោះ
របស់​ទូល‌បង្គំ"។
27យើង​នឹង​តាំង​គេ​ឲ្យ​ធ្វើ​ជា​កូន​ច្បង​របស់​យើង
ជា​ស្ដេច​ដ៏​ខ្ពស់​ជាង​គេ​ទាំង​អស់​នៅ​លើ​ផែនដី។
28យើង​នឹង​បម្រុង​ទុក​សេចក្ដី​សប្បុរស​របស់​យើង
សម្រាប់​ដាវីឌ​ជា‌និច្ច
ហើយ​សេចក្ដី​សញ្ញា​របស់​យើង
នឹង​នៅ​ជាប់​ជាមួយ​គេ។
29យើង​នឹង​តាំង​ពូជ‌ពង្ស​របស់​គេ
ឲ្យ​នៅ​ជាប់​ជារៀង​រហូត
ហើយ​ឲ្យ​រាជបល្ល័ង្ក​របស់​គេ
បាន​នៅ​ជាប់​ដូច​ជា​ផ្ទៃ​មេឃ។
30ប្រសិន‌បើ​កូន​ចៅ​របស់​ដាវីឌ
បោះ‌បង់​ចោល​ក្រឹត្យ​វិន័យ​របស់​យើង
ហើយ​មិន​ដើរ​តាម​វិន័យ​របស់​យើង
31ប្រសិន​បើ​គេ​ក្បត់​បញ្ញត្តិ​របស់​យើង
ហើយ​មិន​កាន់​តាម​បទ​បញ្ញា​របស់​យើង
32នោះ​យើង​នឹងដាក់​ទោស​អំពើ​រំលង​របស់​គេ
ដោយ​ដំបង
ហើយ​អំពើ​ទុច្ចរិត​របស់​គេ​ដោយ​ស្នាម​រំពាត់
33ប៉ុន្តែ យើង​នឹង​មិន​ដក​សេចក្ដី​សប្បុរស
របស់​យើង​ចេញពី​ដាវីឌ​ឡើយ
ក៏​មិន​ឲ្យ​សេចក្ដី​ស្មោះ‌ត្រង់​របស់​យើង​ខក​ខាន​ដែរ។
34យើង​នឹង​មិន​បំពាន​សេចក្ដី​សញ្ញា​របស់​យើង
ឬ​ប្រែ​ក្រឡាស់​ពាក្យ​ដែល​បាន​ចេញ
ពី​បបូរ​មាត់​របស់​យើង​ឡើយ។
35យើង​បាន​ស្បថ​ដោយ​ភាព​បរិសុទ្ធ​របស់​យើង
ម្តង​ជា​សម្រេច
យើង​មិន​កុហក​នឹង​ដាវីឌ​ឡើយ។
36ពូជ‌ពង្ស​ដាវីឌ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​រៀង‌រាប​ដរាប
ហើយ​រាជបល្ល័ង្ក​របស់​គេ​នឹង​គង់​វង្ស
នៅ​ចំពោះ​យើងដូច​ព្រះ‌អាទិត្យ។
37រាជ​បល្ល័ង្ក​នោះ​នឹង​តាំង​នៅ​ជាប់​ជា​រៀង​រហូត
ដូច​ព្រះ‌ចន្ទ
ជា​បន្ទាល់ដ៏​ស្មោះ‌ត្រង់​នៅ​លើ​មេឃ»។ -បង្អង់
38៙ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល
ហើយ​បាន​កាត់​កាល់​គេ
ព្រះ‌អង្គ​ខ្ញាល់​នឹង​អ្នក
ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។
39ព្រះ‌អង្គ​បាន​ផ្ដាច់​សេចក្ដី​សញ្ញា
ជាមួយ​អ្នក​បម្រើ​ព្រះ‌អង្គ
ក៏​បាន​បង្អាប់​មកុដ​របស់​គេ
ដោយ​ទម្លាក់​ចុះ​ទៅ​ដី។
40ព្រះ‌អង្គ​បាន​ទម្លាយ​របង​ទាំង​ប៉ុន្មាន
របស់​ព្រះ​រាជា
ហើយ​បាន​បំផ្លាញ​ទី​មាំ‌មួន​អស់​រលីង។
41អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ
ប្លន់​យក​អ្វី​ៗ​ដែល​ព្រះ​រាជាមាន
ព្រះ​រាជា​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល
ដល់​ពួក​អ្នក​ជិត​ខាង។
42ព្រះ‌អង្គ​បាន​លើក​តម្កើង​ដៃ​ស្តាំ​បច្ចា​មិត្ត
របស់​ព្រះ​រាជា
ក៏​បាន​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន
របស់​ព្រះ​រាជា​ត្រេក​អរ។
43ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មុខ​ដាវ​របស់​ព្រះ​រាជា
ងាក​បែរ​មក​វិញ
ហើយ​មិន​បាន​ធ្វើ​ឲ្យព្រះ​រាជា
ឈរ​មាំ​ក្នុង​ចម្បាំង​ឡើយ។
44ព្រះ‌អង្គ​បានធ្វើ​ឲ្យ​ភាព​រុងរឿង
របស់​ព្រះ​រាជា​សោះសូន្យ​ទៅ
ហើយ​ទម្លាក់​រាជ​បល្ល័ង្ក​ទៅ​ដី។
45ព្រះ‌អង្គ​បាន​បង្រួញ​វ័យ​ក្មេង​របស់​ព្រះ​រាជា​ឲ្យ​ខ្លី
ហើយ​បាន​បង្គ្របព្រះ​រាជា
ដោយ​សេចក្ដី​អាម៉ាស់។ –បង្អង់
46៙ ឱ​ព្រះ‌យេហូវ៉ា​អើយ
តើ​ដល់​កាល​ណា​ទៅ?
តើ​ព្រះ‌អង្គ​នឹង​លាក់​អង្គ​ទ្រង់​រហូត​ឬ?
តើ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
នឹង​ឆួល‌ឆេះ​ដូច​ជា​ភ្លើងដល់​កាល​ណា​ទៀត?
47សូម​នឹក​ចាំ​ថា អាយុ​ជីវិត​ទូល‌បង្គំ​ខ្លី​ណាស់!
ដ្បិត​ជីវិត​របស់​មនុស្ស​ជាតិ​ទាំង​អស់
ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក
ឥត​ប្រយោជន៍ទេ​ដឹង!
48តើ​អ្នក​ណា​អាច​រស់​នៅ ហើយ​មិន​ឃើញ
សេចក្ដី​ស្លាប់​នោះ?
តើ​អ្នក​ណា​អាច​រំ​ដោះ​ព្រលឹង​ខ្លួន
ឲ្យ​រួច​ពី​អំណាច​នៃ​ស្ថាន
ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​បាន? –បង្អង់
49៙ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យសប្បុរស
របស់​ព្រះ‌អង្គ​កាល​ពី​ដើម
ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ស្បថ​ដល់​ដាវីឌ
ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​នោះ
ឥឡូវ​នេះ តើ​នៅ​ឯ​ណា?
50ឱ​ព្រះ‌អម្ចាស់​អើយ សូម​នឹក​ចាំ​ពី​សេចក្ដី​ដែល
គេ​ត្មះ‌តិះ‌ដៀលពួក​អ្នក​បម្រើ​ព្រះ‌អង្គ
និង​ពី​ដំណើ​ដែល​ទូល‌បង្គំ
រង​ដំណៀល​របស់​ប្រជាជន
ទាំង‌ឡាយ​ក្នុង​ទ្រូង​ទូល‌បង្គំ​ផង
51ឱ​ព្រះ‌យេហូវ៉ា​អើយ
ខ្មាំង​សត្រូវ​បាន​យក​ដំណៀល​នោះ
មក​ត្មះ‌តិះ‌ដៀល​ទូល‌បង្គំ
គឺ​គេ​បាន​ត្មះ‌តិះ‌ដៀល​អស់​ទាំង​ជំហាន​របស់​អ្នក
ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។
52៙ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ
អស់‌កល្ប​ជា‌និច្ច អាម៉ែន ហើយ​អាម៉ែន។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 89: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ