ទំនុកតម្កើង 46:1-7
ទំនុកតម្កើង 46:1-7 គកស១៦
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។ ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ ទៅកណ្ដាលសមុទ្រក៏ដោយ ទោះបើទឹកសមុទ្រគ្រហឹម ហើយពុះកញ្រ្ជោល ទោះបើភ្នំទាំងឡាយត្រូវកក្រើកញ័រ ដោយរលកដោលឡើងក្ដី។ –បង្អង់ ៙ មានទន្លេមួយដែលព្រែកទាំងប៉ុន្មាន ហូរនាំអំណរចូលមកទីក្រុងរបស់ព្រះ គឺជាព្រះដំណាក់បរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត ។ ព្រះគង់នៅកណ្ដាលទីក្រុងនោះ ហើយទីក្រុងនោះមិនត្រូវរង្គើឡើយ ព្រះនឹងជួយទីក្រុងនោះ ចាប់តាំងពីព្រលឹមស្រាង។ សាសន៍ទាំងឡាយជ្រួលច្របល់ នគរនានាពពាក់ពពូនឡើង ព្រះអង្គបន្លឺព្រះសូរសៀង ហើយផែនដីក៏រលាយទៅ។ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់




