ទំនុកតម្កើង 139:1-18

ទំនុកតម្កើង 139:1-18 គកស១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​បាន​ស្គាល់​ទូល‌បង្គំ។ ព្រះ‌អង្គ​ជ្រាប​ពេល​ដែល​ទូល‌បង្គំ​អង្គុយ​ចុះ និង​ពេល​ដែល​ទូល‌បង្គំ​ក្រោក​ឡើង ព្រះ‌អង្គ​យល់​គំនិត​របស់​ទូល‌បង្គំ​តាំង​ពី​ចម្ងាយ។ ព្រះ‌អង្គ​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក​របស់​ទូល‌បង្គំ និង​ទី​ដេក​សម្រាក​របស់​ទូល‌បង្គំ ហើយ​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំ។ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម្បី​តែ​ពាក្យ​សម្ដី​មិន​ទាន់​មាន នៅ​អណ្ដាត​ទូល‌បង្គំ​នៅ​ឡើយ នោះ​ព្រះ‌អង្គ​ក៏​ជ្រាប​គ្រប់​ជំពូក​ទៅ​ហើយ។ ព្រះ‌អង្គ​បាន​ព័ទ្ធ​ទូល‌បង្គំ​ជិត ពី​មុខ​ពី​ក្រោយ ហើយ​បាន​ដាក់​ព្រះ‌ហស្ត​លើ​ទូល‌បង្គំ។ ការ​ជ្រាប​ច្បាស់​បែប​នេះ អស្ចារ្យ​ពេក​សម្រាប់​ទូល‌បង្គំ គឺ​ខ្ពស់​ណាស់ ទូល‌បង្គំ​មិន​អាច​យល់​បាន​ឡើយ។ ៙ តើ​ទូល‌បង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​ផុត​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​បាន? តើ​ទូល‌បង្គំ​នឹង​រត់​ទៅ​ឯ​ណា ឲ្យ​ផុត​ពី​ព្រះ‌វត្តមាន​របស់​ព្រះ‌អង្គ​បាន? ប្រសិន‌បើ​ទូល‌បង្គំ​ឡើង​ទៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ ប្រសិន‌បើ​ទូល‌បង្គំ​រៀប​ដំណេក នៅ​ស្ថាន​ឃុំនៅ​ព្រលឹង​មនុស្ស​ស្លាប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ! ប្រសិន‌បើ​ទូល‌បង្គំ​ពាក់​ស្លាប​ហោះ ទៅ​ទិស​ព្រះ​អាទិត្យ​រះ ហើយ​ទៅ​រស់​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ ក៏​គង់​តែ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នឹង​នាំ​ទូល‌បង្គំ​នៅ​ទី​នោះ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ នឹង​ក្តាប់​ទូល‌បង្គំ​ជាប់។ ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា៖ «ប្រាកដ​ជា​ភាព​ងងឹត​នឹង​គ្រប​ពី​លើខ្ញុំ ហើយ​ពន្លឺ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ នឹង​ត្រឡប់​ទៅ​ជា​យប់» នោះ​សូម្បី​តែ​ភាព​ងងឹត ក៏​លាក់​ពី​ព្រះ‌អង្គ​មិន​បាន​ឡើយ គឺ​យប់​ភ្លឺ​ដូច​ជា​ថ្ងៃ ដ្បិត​ភាព​ងងឹត និង​ពន្លឺ ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ‌អង្គ។ ៙ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​ថ្លើម​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។ ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។ កាល​ទូល‌បង្គំ​បាន​កកើត​ឡើង​ក្នុង​ទី​កំបាំង គឺ​បាន​ចាក់​ស្រែះ​យ៉ាង​ស្មុគ​ស្មាញ ក្នុង​ទី​ជ្រៅ​នៃ​ផែនដី នោះ​គ្រោង​កាយ​របស់​ទូល‌បង្គំ មិន​កំបាំង​នឹង​ព្រះ‌អង្គ​ឡើយ។ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ។ គ្រប់​ទាំង​អស់​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​បញ្ជី​របស់​ព្រះ‌អង្គ គឺ​អស់​ទាំង​ថ្ងៃ​អាយុ​ដែល​បាន​តម្រូវ ឲ្យ​ទូល‌បង្គំ​រស់​នៅ មុន​នឹង​មាន​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។ ឱ​ព្រះ​អើយ ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ មាន​តម្លៃ​វិសេសដល់​ទូល‌បង្គំ​ណាស់​ហ្ន៎ គឺ​មាន​ច្រើន​ឥត​គណនា! ប្រសិន‌បើ​ទូល‌បង្គំ​ខំ​ប្រឹង​រាប់ នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង នោះ​ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដដែល។