៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គណាស់ហ្ន៎! ទូលបង្គំរំពឹងគិតអំពីក្រឹត្យវិន័យ នោះដរាបរាល់ថ្ងៃ។ បទបញ្ជារបស់ព្រះអង្គ ធ្វើឲ្យទូលបង្គំមានប្រាជ្ញា លើសជាងខ្មាំងសត្រូវរបស់ទូលបង្គំ ដ្បិតបាននៅជាប់ជាមួយទូលបង្គំជានិច្ច។ ទូលបង្គំមានយោបល់ជាងគ្រូទាំងប៉ុន្មាន របស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំសញ្ជឹងគិតពីសេចក្ដីបន្ទាល់ របស់ព្រះអង្គ។ ទូលបង្គំយល់ដឹងជាងមនុស្សចាស់ ដ្បិតទូលបង្គំប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ ទូលបង្គំបានបង្ខាំងជើង ឲ្យវៀរចាកពីអស់ទាំងផ្លូវអាក្រក់ ដើម្បីនឹងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំមិនបានបែរចេញ ពីវិន័យរបស់ព្រះអង្គឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ។ ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់អណ្ដាតទូលបង្គំណាស់ហ្ន៎ គឺផ្អែមដល់មាត់ទូលបង្គំជាងទឹកឃ្មុំទៅទៀត! ទូលបង្គំមានយោបល់ដោយសារ ព្រះឱវាទរបស់ព្រះអង្គ ហេតុនេះហើយបានជាទូលបង្គំ ស្អប់ដល់អស់ទាំងផ្លូវភូតភរ។ ៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។ ទូលបង្គំបានស្បថ ហើយបានសម្រេចតាមថា ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ ដ៏សុចរិតរបស់ព្រះអង្គ។ ទូលបង្គំមានទុក្ខព្រួយខ្លាំងណាស់ ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលរបស់ព្រះអង្គផង! ឱព្រះយេហូវ៉ាអើយ សូមទទួល តង្វាយស្ម័គ្រចិត្តរបស់ទូលបង្គំ ហើយសូមបង្រៀនទូលបង្គំ ឲ្យស្គាល់វិន័យរបស់ព្រះអង្គផង។ ជីវិតទូលបង្គំមានអន្តរាយឥតឈប់ឈរ តែទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ មនុស្សអាក្រក់បានដាក់អន្ទាក់ ចាំចាប់ទូលបង្គំ ប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញ ពីព្រះឱវាទរបស់ព្រះអង្គឡើយ។ សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាមត៌ករបស់ទូលបង្គំជាដរាប ដ្បិតសេចក្ដីទាំងនោះ ធ្វើឲ្យចិត្តទូលបង្គំមានអំណរ។ ទូលបង្គំដាក់ចិត្តដើម្បីធ្វើតាមច្បាប់ របស់ព្រះអង្គជាដរាប រហូតដល់ចុងបំផុត។ ៙ ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានប្រតិបត្តិតាម បទបញ្ជារបស់ព្រះនៃខ្ញុំ។ សូមទ្រទ្រង់ទូលបង្គំតាម ព្រះបន្ទូលរបស់ព្រះអង្គ ឲ្យទូលបង្គំបានរស់នៅ សូមកុំឲ្យទូលបង្គំត្រូវខ្មាស ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ! សូមធ្វើជាបង្អែករបស់ទូលបង្គំ ឲ្យទូលបង្គំបានសេចក្ដីសុខ ហើយបានគោរពរាប់អានច្បាប់ របស់ព្រះអង្គជានិច្ច! ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេងចេញ ពីច្បាប់របស់ព្រះអង្គ ដ្បិតឧបាយកលរបស់គេ ជាសេចក្ដីឥតប្រយោជន៍។ ព្រះអង្គផាត់មនុស្សអាក្រក់បាត់ចេញពីផែនដី ដូចគេផាត់សំរាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ សេចក្ដីបន្ទាល់របស់ព្រះអង្គ។ រូបសាច់ទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។ ៙ ទូលបង្គំបានប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ សូមកុំប្រគល់ទូលបង្គំទៅឲ្យពួកអ្នក ដែលសង្កត់សង្កិនឡើយ។ សូមធានាឲ្យអ្នកបម្រើរបស់ព្រះអង្គ បានសេចក្ដីល្អ សូមកុំឲ្យមនុស្សព្រហើនសង្កត់សង្កិន ទូលបង្គំឡើយ។ ភ្នែកទូលបង្គំស្រវាំង ដោយរង់ចាំមើល ការសង្គ្រោះទូលបង្គំរបស់ព្រះអង្គ និងរង់ចាំមើលព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គបានសម្រេច។ សូមប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ផង ដើម្បីឲ្យទូលបង្គំបានស្គាល់ សេចក្ដីបន្ទាល់របស់ព្រះអង្គ! នេះជាពេលដែលព្រះយេហូវ៉ា ចាត់វិធានការហើយ ដ្បិតគេបានប្រព្រឹត្តល្មើស នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។ ហេតុនេះ ទូលបង្គំស្រឡាញ់ បទបញ្ជារបស់ព្រះអង្គលើសជាងមាស គឺលើសជាងមាសសុទ្ធទៅទៀត។ ហេតុនេះ ទូលបង្គំរាប់ថា ព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់គ្រប់ទាំងផ្លូវភូតភរ។
អាន ទំនុកតម្កើង 119
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 119:97-128
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ