៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានប្រោសប្រណីអ្នកបម្រើព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គ។ សូមបង្រៀនឲ្យទូលបង្គំចេះវិនិច្ឆ័យដឹងខុសត្រូវ ដ្បិតទូលបង្គំជឿដល់បទបញ្ជារបស់ព្រះអង្គ។ ពីមុនទូលបង្គំបានវង្វេង ហើយក៏មានទុក្ខព្រួយ តែឥឡូវនេះ ទូលបង្គំប្រតិបត្តិតាម ព្រះបន្ទូលព្រះអង្គ។ ព្រះអង្គល្អ ហើយធ្វើការល្អ សូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ មនុស្សព្រហើននាំគ្នាបង្ខូចឈ្មោះទូលបង្គំ ដោយពាក្យភូតភរ តែទូលបង្គំនឹងប្រតិបត្តិតាមព្រះឱវាទ របស់ព្រះអង្គយ៉ាងអស់ពីចិត្ត ចិត្តរបស់គេស្ពឹក ដូចមនុស្សមានខ្លាញ់កក តែទូលបង្គំមានចិត្តរីករាយ នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។ ការដែលទូលបង្គំមានទុក្ខព្រួយ នោះជាការល្អដល់ទូលបង្គំ គឺដើម្បីឲ្យទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។ ក្រឹត្យវិន័យដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ វិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់ទាំងពាន់។ ៙ ព្រះហស្តរបស់ព្រះអង្គបានបង្កើត និងបានសូនទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានរៀនស្គាល់ បទបញ្ជារបស់ព្រះអង្គ។ អស់អ្នកដែលកោតខ្លាចព្រះអង្គ នឹងឃើញទូលបង្គំ ហើយមានចិត្តត្រេកអំណរ ព្រោះទូលបង្គំបាន សង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា វិន័យរបស់ព្រះអង្គសុទ្ធតែសុចរិត ហើយថា ព្រះអង្គបានធ្វើឲ្យទូលបង្គំមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គទេ។ សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ តាមសេចក្ដីដែលព្រះអង្គបានសន្យា ដល់អ្នកបម្រើរបស់ព្រះអង្គ។ សូមសម្ដែងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានរស់នៅ ដ្បិតក្រឹត្យវិន័យរបស់ព្រះអង្គ ជាទីសប្បាយរីករាយរបស់ទូលបង្គំ។ សូមឲ្យមនុស្សព្រហើនត្រូវខ្មាស ព្រោះគេបានប្រព្រឹត្តមួលបង្កាច់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំនឹងសញ្ជឹងគិត អំពីព្រះឱវាទរបស់ព្រះអង្គ។ សូមឲ្យអស់អ្នកដែលកោតខ្លាចព្រះអង្គ ងាកមករកទូលបង្គំ ដើម្បីឲ្យគេបានស្គាល់ សេចក្ដីបន្ទាល់របស់ព្រះអង្គ។ សូមឲ្យចិត្តទូលបង្គំបានឥតសៅហ្មង តាមច្បាប់របស់ព្រះអង្គ ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ ៙ ព្រលឹងទូលបង្គំដង្ហក់ចង់បាន ការសង្គ្រោះរបស់ព្រះអង្គ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ភ្នែកទូលបង្គំស្រវាំងដោយចង់ឃើញ ព្រះបន្ទូលសន្យារបស់ព្រះអង្គ ទូលបង្គំសួរថា «តើពេលណាទើបព្រះអង្គ កម្សាន្តចិត្តទូលបង្គំ?» ដ្បិតទូលបង្គំបានត្រឡប់ដូចជា ថង់ស្បែកដែលត្រូវផ្សែង តែទូលបង្គំមិនភ្លេចបញ្ញត្តិរបស់ព្រះអង្គឡើយ។ តើអ្នកបម្រើព្រះអង្គត្រូវស៊ូទ្រាំ ដល់កាលណាទៀត? តើពេលណាទើបព្រះអង្គវិនិច្ឆ័យទោស អស់អ្នកដែលបៀតបៀនទូលបង្គំ? មនុស្សព្រហើនបានជីករណ្តៅ ដើម្បីចាប់ទូលបង្គំ គេមិនរស់នៅតាមក្រឹត្យវិន័យរបស់ព្រះអង្គទេ។ បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែពិតទាំងអស់ គេបៀតបៀនទូលបង្គំដោយឥតហេតុ សូមជួយទូលបង្គំផង! គេបានធ្វើឲ្យទូលបង្គំ ហៀបតែនឹងសូន្យបាត់ពីផែនដី ប៉ុន្តែ ទូលបង្គំមិនបានបោះបង់ចោល ព្រះឱវាទរបស់ព្រះអង្គឡើយ។ សូមប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាមសេចក្ដីបន្ទាល់ ដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ព្រះបន្ទូលរបស់ព្រះអង្គបានតាំងជាប់ នៅស្ថានសួគ៌រហូតអស់កល្បជានិច្ច។ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ នៅស្ថិតស្ថេរដល់មនុស្សគ្រប់ជំនាន់តរៀងទៅ ព្រះអង្គបានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់។ អ្វីៗទាំងអស់ស្ថិតស្ថេរនៅរហូតដល់សព្វថ្ងៃ ដោយសារច្បាប់របស់ព្រះអង្គ ដ្បិតអ្វីៗទាំងអស់សម្រាប់បម្រើព្រះអង្គ។ ប្រសិនបើទូលបង្គំមិនបានរីករាយ នឹងក្រឹត្យវិន័យរបស់ព្រះអង្គ នោះទូលបង្គំមុខជាវិនាស ទៅក្នុងសេចក្ដីទុក្ខព្រួយ របស់ទូលបង្គំមិនខាន។ ទូលបង្គំនឹងមិនដែលភ្លេចព្រះឱវាទ របស់ព្រះអង្គឡើយ ដ្បិតព្រះអង្គបានប្រោសឲ្យទូលបង្គំមានជីវិត ដោយសារព្រះឱវាទទាំងនេះ។ ទូលបង្គំជារបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរក ព្រះឱវាទរបស់ព្រះអង្គ។ មនុស្សអាក្រក់ពួនចាំសម្លាប់ទូលបង្គំ តែទូលបង្គំពិចារណាសេចក្ដីបន្ទាល់ របស់ព្រះអង្គ។ ទូលបង្គំបានឃើញថា អ្វីៗទាំងអស់សុទ្ធតែមានដែនកំណត់ តែបទបញ្ជារបស់ព្រះអង្គធំទូលាយក្រៃលែង។
អាន ទំនុកតម្កើង 119
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 119:65-96
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ