ទំនុកតម្កើង 107:23-31

ទំនុកតម្កើង 107:23-31 គកស១៦

៙ អ្នកខ្លះ​ចុះ​នាវា​ដើរ​ផ្លូវ​សមុទ្រ ប្រកប​មុខ​របរ​តាម​មហាសាគរ ពួក‌គេ​ឃើញ​កិច្ច​ការ​របស់​ព្រះ‌យេហូវ៉ា គឺ​ការដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ទី​ជម្រៅ។ ដ្បិត​ព្រះ‌អង្គ​បាន​បញ្ជា នោះ​ក៏​កើត​មាន​ខ្យល់​ព្យុះ ដែល​បណ្ដាល​ឲ្យ​រលក​សមុទ្រ​កម្រើក​ឡើង។ រលក​ទាំង​នោះ​ផាត់​ឡើង​ដល់​ផ្ទៃ​មេឃ ក៏​ធ្លាក់​ចុះ​ទៅ​វិញ​ដល់​ទី​ជម្រៅ សេចក្ដី​ក្លាហាន​របស់​គេ​ក៏​រលាយ នៅ​ក្នុង​ស្ថាន​ភាព​អាក្រក់ គេ​ឃ្លេង‌ឃ្លោង​ចុះ​ឡើង ដើរ​ទទ្រេត‌ទទ្រោត ដូច​មនុស្ស​ស្រវឹង ហើយ​គេ​ក៏​ទាល់​ប្រាជ្ញា។ គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​នៅ​ស្ងៀម ហើយ​ធ្វើ​ឲ្យ​រលក​សមុទ្រ​ស្ងប់។ ពេល​នោះ គេ​មាន​ចិត្ត​រីក​រាយ ដោយ​ព្រោះ​រលក​ស្ងប់ ហើយ​ព្រះ‌អង្គ​ក៏​នាំ​គេ​ទៅ​ដល់​ជម្រក ដែល​គេ​ប្រាថ្នា​ចង់​ទៅ។ ត្រូវ​ឲ្យ​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ជាតិ។