សុភាសិត 6:24-29
សុភាសិត 6:24-29 គកស១៦
ដើម្បីរក្សាឯងឲ្យរួចពីស្ត្រីអាក្រក់ គឺឲ្យរួចពីអណ្ដាតដ៏រអិលរបស់ស្រីផិតក្បត់។ កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ ចំពោះរូបឆោមឆាយរបស់គេឡើយ ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ ដ្បិតថ្លៃឈ្នួលរបស់ស្រីពេស្យា នោះត្រឹមតែនំបុ័ងមួយចំណិតប៉ុណ្ណោះ តែប្រពន្ធរបស់អ្នកដទៃវិញ តែងដេញចាប់យកជីវិតដ៏វិសេស។ តើមនុស្សនឹងយកភ្លើងមកដាក់នៅទ្រូង ឥតឆេះដល់ខោអាវខ្លួនបានឬ? តើនឹងដើរលើរងើកភ្លើង ឥតរលាកដល់ជើងបានដែរឬ? ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធ របស់អ្នកជិតខាង នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង នោះមិនរួចពីមានទោសឡើយ។

