សុភា‌សិត 23:19-35

សុភា‌សិត 23:19-35 គកស១៦

កូន​អើយ ចូរ​ប្រុង​ស្តាប់ ហើយ​មាន​ប្រាជ្ញា​ចុះ ត្រូវ​តម្រង់​ចិត្ត​ទៅ​តាម​ផ្លូវ។ កុំ​នៅ​កណ្ដាល​ពួក​អ្នក​ប្រមឹក​ស្រា ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្ដី​ងុយ‌ងោក នឹង​នាំ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច។ ចូរ​ស្តាប់​តាម​ឪពុក​ដែល​បង្កើត​ឯង​មក ហើយ​កុំ​ឲ្យ​មើល​ងាយ​ម្តាយ ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ។ ចូរ​ទិញ​សេចក្ដី​ពិត​ចុះ កុំ​ឲ្យ​លក់​ចេញ​ឡើយ ចូរ​ទិញ​ប្រាជ្ញា ដំបូន្មាន និង​យោបល់​ផង។ ឪពុក​របស់​មនុស្ស​សុចរិត នឹង​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា នោះ​នឹង​មាន​អំណរ​ដោយ‌សារ​កូន​នោះ។ ដូច្នេះ ចូរ​បើក​ឱកាស​ឲ្យ​ឪពុក​ម្តាយ​ឯង បាន​រីក‌រាយ​ចុះ ហើយ​ឲ្យ​អ្នក​ដែល​សម្រាល​ឯង មក​នោះ​មាន​ចិត្ត​សប្បាយ​ផង។ កូន​អើយ ចូរ​ប្រគល់​ចិត្ត​កូន​មកឪពុក​ចុះ ហើយ​ឲ្យ​ភ្នែក​កូន​តាម​មើល អស់​ទាំង​ផ្លូវ​របស់ឪពុក​ដែរ។ ដ្បិត​ស្រី​ពេស្យា​ប្រៀប​ដូច​ជា​រណ្តៅ​យ៉ាង​ជ្រៅ ហើយ​ស្រី​ដទៃ​ប្រៀប​ដូច​ជា​អណ្ដូង​ដ៏​ចង្អៀត។ នាង​លប​ចាំ​ដូច​ជា​ចោរ ហើយ​ក៏​ចម្រើន​អ្នក​ក្បត់ នៅ​ក្នុង​ពួក​មនុស្ស​លោក។ តើ​អ្នក​ណា​ពិបាក​ចិត្ត? តើ​អ្នក​ណា​កើត​ទុក្ខ​ព្រួយ? តើ​អ្នក​ណា​ទាស់​ទែង​គ្នា? តើ​អ្នក​ណា​ត្អូញ‌ត្អែរ? តើ​អ្នក​ណា​ត្រូវ​របួស​ឥត​ហេតុ? តើ​អ្នក​ណា​មាន​ភ្នែក​ក្រហម? ជា​ពួក​អ្នក​ដែល​អង្គុយ​ផឹក​ស្រា​យ៉ាង​យូរ ជា​ពួក​អ្នក​ដែល​ស្វែង​រក​ស្រា​យ៉ាង​ខ្លាំង។ កុំ​មើល​ស្រា​ទំពាំង‌បាយ‌ជូរ ក្នុង​កាល​ដែល​មាន​ពណ៌​ក្រហម គឺ​ក្នុង​កាល​ដែល​ព្រួច​ពពុះ​នៅ​ក្នុង​កែវ ហើយ​ហូរ​ចុះ​ទៅ​ដោយ​ស្រួល​នោះ​ឡើយ។ ដ្បិត​ដល់​ចុង​បំផុត​នឹង​ចឹក​ដូច​ជា​ពស់ ហើយ​អុច​ដូច​ជា​ពស់​ហនុ‌មាន។ ភ្នែក​ឯង​នឹង​ឃើញ​ស្រី​ដទៃ ហើយ​ចិត្ត​ឯង​នឹង​ពោល​ពាក្យ​ខូច​អាក្រក់​ដែរ។ អ្នក​នឹង​បាន​ដូច​ជា​មនុស្ស ដែល​ដេក​នៅ​កណ្ដាល​សមុទ្រ ឬ​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​លើ​ចុង​ដង​ក្តោង។ អ្នក​នឹង​ពោល​ថា «គេ​បាន​វាយ​ខ្ញុំ តែ​ខ្ញុំ​មិន​ឈឺ គេ​បាន​សំពង​ខ្ញុំ តែ​ខ្ញុំ​មិន​ដឹង​ខ្លួន តើ​ពេលណា​ទើប​ខ្ញុំ​ដឹង​ខ្លួន? ខ្ញុំ​នឹង​ទៅ​រក​ផឹក​ទៀត»។

អាន សុភា‌សិត 23