សុភា‌សិត 19:15-29

សុភា‌សិត 19:15-29 គកស១៦

សេចក្ដី​ខ្ជិល​ច្រអូស រមែង​ធ្វើ​ឲ្យ​មនុស្ស​លក់​ស្និទ្ធ​ទៅ ហើយ​អ្នក​ណា​ដែល​ទទេៗ នឹង​ត្រូវ​អត់​ឃ្លាន។ អ្នក​ណា​ដែល​កាន់​តាម​ក្រឹត្យ‌វិន័យ ឈ្មោះ​ថា​រក្សា​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​មិន​ប្រយ័ត្ន​ក្នុង​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន មុខ​ជា​ត្រូវ​ស្លាប់។ អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ចី ព្រះ‌អង្គ​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ។ ចូរ​វាយ​ផ្ចាល​កូន ក្នុង​កាល​ដែល​នៅ​មាន សង្ឃឹមឲ្យ​វា​រាង‌ចាល​នៅ​ឡើយ មិន​គួរ​នឹង​លើក​លែង​ចោល​វា​ឲ្យ​ត្រូវ​វិនាស​ទេ។ អ្នក​ណា​ដែល​មាន​ចិត្ត​ក្រោធ​ខ្លាំង នោះ​នឹង​ត្រូវ​ទទួល​ទោស ដ្បិត​បើ​អ្នក​ជួយ​គេ​ឲ្យ​រួច នោះ​អ្នក​នឹង​ត្រូវ​ជួយ​ត​ទៅ​ទៀត។ ចូរ​ស្តាប់​ដំបូន្មាន ហើយ​ទទួល​ប្រៀន‌ប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ។ នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​របស់​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។ សេចក្ដី​ដែល​នាំ​ឲ្យ​គេ​រក​ពឹង​ដល់​មនុស្ស​ណា នោះ​គឺ​ជា​សេចក្ដី​សប្បុ‌រស​របស់​អ្នក​នោះ ហើយ​មនុស្ស​ទាល់​ក្រ រមែង​វិសេស​ជាង​មនុស្ស​ភូត​ភរ។ សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្ដី​នោះ នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់‌ស្កល់​ជា‌និច្ច ឥត​មាន​សេចក្ដី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។ មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​មិន​ដក​មក សូម្បី​តែ​បញ្ចុក​មាត់​ខ្លួន​ផង។ ចូរ​វាយ​មនុស្ស​ចំអក​មើល​ងាយ នោះ​មនុស្ស​ខ្លៅ​ល្ងង់​ចេះ​ប្រយ័ត្ន​ឡើង ចូរ​បន្ទោស​ដល់​អ្នក​ណា​ដែល​មាន​យោបល់ អ្នក​នោះ​នឹង​ស្តាប់​បាន​តាម​លំអាន។ អ្នក​ណា​ដែល​បំផ្លាញ​ឪពុក​ខ្លួន ហើយ​បណ្តេញ​ម្តាយ​ចេញ នោះ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និង​សេចក្ដី​ដំណៀល។ កូន​អើយ កុំ​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​តម្រិះ យ៉ាង​នោះ​កូន​អាច​នឹងឮ​ពាក្យ​ប្រៀន​ប្រដៅ។ សាក្សី​កោង‌កាច​គេ​ចំអក​មើល​ងាយ ចំពោះ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាត់​របស់​មនុស្ស​អាក្រក់ ក៏​ត្របាក់​លេប​អំពើ​ទុច្ចរិត​ដែរ។ សេចក្ដី​វិនិច្ឆ័យ​បាន​បម្រុង​ជា​ស្រេច សម្រាប់​មនុស្ស​ចំអក ហើយ​ការ​វាយ​ដោយ​រំពាត់ ក៏​សម្រាប់​ខ្នង​នៃ​មនុស្ស​ល្ងី‌ល្ងើ។

អាន សុភា‌សិត 19