ភីលីព 3:15-21

ភីលីព 3:15-21 គកស១៦

ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​ពេញ​វ័យ​ហើយ យើង​ត្រូវ​មាន​គំនិត​បែប​នោះ​ដែរ តែ​បើ​អ្នក​រាល់​គ្នា​មាន​គំនិត​ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ​នឹង​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្ដី​នេះ​ដែរ។ ទោះ​បើ​បាន​ដល់​ត្រឹម​ណា​ក៏​ដោយ យើង​ត្រូវ​តែ​កាន់​ខ្ជាប់​តាម​ច្បាប់​នេះ។ បង‌ប្អូន​អើយ ចូរ​ត្រាប់​តាម​ខ្ញុំ ហើយ​ពិចារណា​មើល​ឲ្យ​ស្គាល់​ពួក​អ្នក​ដែល​រស់​នៅ​ដូច​ជា​យើង​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា​ចុះ។ ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ថា គេ​រស់​នៅ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះ‌គ្រីស្ទ​ទេ។ ទី​បំផុត គេ​នឹង​ត្រូវ​ហិន​វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្ដី​គួរ​ខ្មាស​របស់​គេ​ទុក​ជា​សិរី‌ល្អ គេ​គិត​តែ​ពី​អ្វីៗ​នៅ​ផែនដី​នេះ​ប៉ុណ្ណោះ។ ប៉ុន្តែ យើង​ជា​សាសន៍​ស្ថាន‌សួគ៌ ហើយ​នៅ​រង់​ចាំ​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​វិញ។ ព្រះ‌អង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​ព្រះកាយ​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ដែល​បង្ក្រាប​គ្រប់​ទាំង​អស់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។

អាន ភីលីព 3