ភីលីព 2:19-30

ភីលីព 2:19-30 គកស១៦

ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា បន្តិច​ទៀត​ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ក្សាន្ត​ចិត្ត ដោយ​បាន​ដឹង​រឿង​ពី​អ្នក​រាល់​គ្នា។ ដ្បិត​គ្មាន​អ្នក​ណា​មាន​គំនិត​ដូច​ជា​គាត់ ដែល​ខ្វល់​ខ្វាយ​ពី​សុខ‌ទុក្ខ​របស់​អ្នក​រាល់​គ្នា ដោយ​ស្មោះ​ត្រង់​នោះ​ទេ។ មនុស្ស​ទាំង​អស់ គេ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រក​ប្រយោជន៍​សម្រាប់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ឡើយ។ តែ​អ្នក​រាល់​គ្នា​ស្គាល់​កិរិយា​របស់​គាត់​ហើយ​ថា គាត់​បាន​បម្រើ​ជា​មួយ​ខ្ញុំ​ក្នុង​ដំណឹង​ល្អ ដូច​ជា​កូន​បម្រើ​ឪពុក។ ដូច្នេះ កាល​ណា​ខ្ញុំ​បាន​ឃើញ​ថា រឿង​ខ្ញុំ​នឹង​សម្រេច​ជា​យ៉ាង​ណា​នោះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​គាត់​មក​ភ្លាម ហើយ​ខ្ញុំ​ជឿ​ប្រាកដ​ក្នុង​ព្រះ‌អម្ចាស់​ថា បន្តិច​ទៀត ខ្លួន​ខ្ញុំ​នឹង​មក​ដែរ។ ខ្ញុំ​យល់​ថា ត្រូវ​ចាត់​អេប៉ា‌ប្រូឌីត​មក​រក​អ្នក​រាល់​គ្នា​ដែរ ព្រោះ​គាត់​ជា​បង‌ប្អូន ជា​គូ​កន​ធ្វើ​ការ និង​ធ្វើ​ទាហាន​ជា​មួយ​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​គាត់​ឲ្យ​ទៅ​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ។ គាត់​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ព្រួយ​ណាស់ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឮ​ថា​គាត់​ឈឺ។ គាត់​បាន​ឈឺ​មែន ស្ទើរ​តែ​នឹង​ស្លាប់​ផង តែ​ព្រះ​អាណិត​មេត្តា​ដល់​គាត់ មិន​មែន​ដល់​គាត់​តែ​ម្នាក់​ទេ តែ​ដល់​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ខ្ជាន់ៗ​ឡើយ។ ដូច្នេះ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ជា​ប្រញាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ ដោយ​ឃើញ​គាត់​ម្តង​ទៀត ហើយ​ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ដែរ។ ចូរ​ទទួល​គាត់​ក្នុង​ព្រះ‌អម្ចាស់ ដោយ​អំណរ​គ្រប់​ជំពូក ហើយ​រាប់​អាន​មនុស្ស​យ៉ាង​នេះ​ចុះ ដ្បិត​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​សារ​តែ​ការងារ​របស់​ព្រះ‌គ្រីស្ទ គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​អ្នក​រាល់​គ្នា​ដែល​មិន​អាច​មក​ជួយ​បាន។

អាន ភីលីព 2