ភីលីព 1:15-23

ភីលីព 1:15-23 គកស១៦

មាន​អ្នក​ខ្លះ​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ឈ្នានីស ហើយ​ចង់​ឈ្លោះ​ប្រ‌កែក តែ​អ្នក​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​បំណង​ល្អ។ អ្នក​ទាំង​នេះ ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​ដោយ​ចិត្ត​ស្រឡាញ់ ដោយ​ដឹង​ថា​ខ្ញុំ​បាន​ជាប់​នៅ​ទី​នេះ សម្រាប់​នឹង​ឆ្លើយ​ការ​ពារ​ដំណឹង​ល្អ។ អ្នក​ខ្លះ​ទៀត ប្រកាស​អំពី​ព្រះគ្រីស្ទ​ដោយ​ការ​ប្រកួត​ប្រជែង មិន​មែន​ដោយ​ចិត្ត​ស្មោះ​ទេ គឺ​ដើម្បី​បន្ថែម​សេចក្ដី​ទុក្ខ​លំបាក​ដល់​ចំណង​របស់​ខ្ញុំ។ តើ​ដូច​ម្តេច​ទៅ​វិញ? គឺ​យ៉ាង​នេះ​ថា គេ​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​តាម​គ្រប់​វិធី​ទាំង​អស់ ទោះ​ដោយ​ធ្វើ​ពុត ឬ​ពិត​ប្រាកដ​ក្តី ក៏​ខ្ញុំ​មាន​អំណរ​ដែរ។ មែន ហើយ​ខ្ញុំ​នឹង​មាន​អំណរ​តទៅ​មុខ​ទៀត ដ្បិត​ខ្ញុំ​ដឹង​ថា តាម​រយៈ​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា និង​ដោយ‌សារ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​ជួយ​ផង ការ​នេះ​នឹង​ត្រឡប់​ជា​ការ​សង្គ្រោះ​ដល់​ខ្ញុំ​វិញ។ អ្វី​ដែល​ខ្ញុំ​ទន្ទឹង​រង់​ចាំ និង​សង្ឃឹម​អស់​ពី​ចិត្ត​នោះ ខ្ញុំ​នឹង​មិន​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​តម្កើង​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ក្លា‌ហាន​គ្រប់​ជំពូក ក្នុង​រូប‌កាយ​ខ្ញុំ ក្នុង​ពេល​ឥឡូវ​នេះ ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ទោះ​រស់​ឬ​ស្លាប់​ក្តី។ ដ្បិត​សម្រាប់​ខ្ញុំ ដែល​រស់​គឺ​សម្រាប់​ព្រះ‌គ្រីស្ទ ហើយ​ដែល​ស្លាប់​ទៅ​ក៏​ចំណេញ​ដែរ។ ប្រសិន‌បើ​ខ្ញុំ​រស់​ខាង​សាច់​ឈាម មាន​ន័យ​ថា​ប្រមូល​ផល​សម្រាប់​ខ្លួន​ខ្ញុំ នោះ​ខ្ញុំ​មិន​ដឹង​ជា​រើស​យក​ខាង​ណា​ទេ។ ខ្ញុំ​មាន​ការ​រារែក​ទាំង​សង​ខាង ម្យ៉ាង​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​ព្រះ‌គ្រីស្ទ ដែល​ប្រសើរ​ជាង​ឆ្ងាយ​ណាស់។

អាន ភីលីព 1