បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ ពិតជាបានជួយឲ្យដំណឹងល្អចម្រើនឡើងទៅវិញទេ ដើម្បីឲ្យកងរក្សាសន្តិសុខពេញផ្ទៃវាំងទាំងមូល និងឲ្យមនុស្សគ្រប់គ្នាផ្សេងទៀតដឹងថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ ហើយបងប្អូនភាគច្រើន ដែលមានការជឿជាក់ក្នុងព្រះអម្ចាស់ដោយសារចំណងរបស់ខ្ញុំ គេហ៊ានផ្សាយព្រះបន្ទូលកាន់តែខ្លាំងឡើង ដោយឥតភ័យខ្លាច។ មានអ្នកខ្លះប្រកាសអំពីព្រះគ្រីស្ទ ដោយចិត្តឈ្នានីស ហើយចង់ឈ្លោះប្រកែក តែអ្នកខ្លះទៀតប្រកាសដោយមានបំណងល្អ។ អ្នកទាំងនេះ ប្រកាសអំពីព្រះគ្រីស្ទដោយចិត្តស្រឡាញ់ ដោយដឹងថាខ្ញុំបានជាប់នៅទីនេះ សម្រាប់នឹងឆ្លើយការពារដំណឹងល្អ។ អ្នកខ្លះទៀត ប្រកាសអំពីព្រះគ្រីស្ទដោយការប្រកួតប្រជែង មិនមែនដោយចិត្តស្មោះទេ គឺដើម្បីបន្ថែមសេចក្ដីទុក្ខលំបាកដល់ចំណងរបស់ខ្ញុំ។ តើដូចម្តេចទៅវិញ? គឺយ៉ាងនេះថា គេប្រកាសអំពីព្រះគ្រីស្ទតាមគ្រប់វិធីទាំងអស់ ទោះដោយធ្វើពុត ឬពិតប្រាកដក្តី ក៏ខ្ញុំមានអំណរដែរ។ មែន ហើយខ្ញុំនឹងមានអំណរតទៅមុខទៀត ដ្បិតខ្ញុំដឹងថា តាមរយៈសេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា និងដោយសារព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទបានជួយផង ការនេះនឹងត្រឡប់ជាការសង្គ្រោះដល់ខ្ញុំវិញ។ អ្វីដែលខ្ញុំទន្ទឹងរង់ចាំ និងសង្ឃឹមអស់ពីចិត្តនោះ ខ្ញុំនឹងមិនខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានតម្កើងព្រះគ្រីស្ទ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងរូបកាយខ្ញុំ ក្នុងពេលឥឡូវនេះ ក៏ដូចជាពេលណាទាំងអស់ ទោះរស់ឬស្លាប់ក្តី។ ដ្បិតសម្រាប់ខ្ញុំ ដែលរស់គឺសម្រាប់ព្រះគ្រីស្ទ ហើយដែលស្លាប់ទៅក៏ចំណេញដែរ។ ប្រសិនបើខ្ញុំរស់ខាងសាច់ឈាម មានន័យថាប្រមូលផលសម្រាប់ខ្លួនខ្ញុំ នោះខ្ញុំមិនដឹងជារើសយកខាងណាទេ។ ខ្ញុំមានការរារែកទាំងសងខាង ម្យ៉ាងមានចិត្តចង់ចេញទៅនៅជាមួយព្រះគ្រីស្ទ ដែលប្រសើរជាងឆ្ងាយណាស់។ ប៉ុន្តែ ដែលរស់នៅក្នុងសាច់ឈាមតទៅទៀត នោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង។ ខ្ញុំជឿជាក់ដូច្នេះ គឺខ្ញុំដឹងថា ខ្ញុំនឹងរស់នៅជាមួយអ្នកទាំងអស់គ្នាតទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើង ហើយឲ្យមានអំណរដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានហេតុនឹងអួតពីខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ កាន់តែច្រើនឡើង ដោយសារខ្ញុំមកនៅជាមួយអ្នករាល់គ្នាវិញ។ ចូរអ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្តសមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយ ហើយបានឮអំពីអ្នករាល់គ្នាក្តី នោះខ្ញុំនឹងដឹងថា អ្នករាល់គ្នាបានឈរមាំមួន ដោយមានចិត្តគំនិតតែមួយ ទាំងតតាំងជាមួយគ្នាដើម្បីជំនឿលើដំណឹងល្អ ហើយមិនញញើតពួកអ្នកប្រឆាំង ក្នុងប្រការណាឡើយ។ នេះជាភស្តុតាងដែលពួកគេត្រូវវិនាស ប៉ុន្តែ អ្នករាល់គ្នានឹងបានសង្រ្គោះវិញ ហើយការនេះមកពីព្រះ។ ដ្បិតព្រះអង្គបានប្រោសប្រទានឲ្យអ្នករាល់គ្នាមានឱកាស ដែលមិនគ្រាន់តែឲ្យជឿដល់ព្រះគ្រីស្ទប៉ុណ្ណោះ គឺឲ្យរងទុក្ខដោយព្រោះព្រះអង្គដែរ ទាំងមានការតយុទ្ធតែមួយ ដូចដែលបានឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំនៅតែមានទៀត។
អាន ភីលីព 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ភីលីព 1:12-30
18 ថ្ងៃ។
នេះ កំណត់សម្គាល់ “អរគុណ” ដល់ប្រជាជនហ្វីលីពីនផ្តល់ឱ្យពួកគេនូវទស្សនវិស័យដ៏រីករាយនៃពេលវេលាដ៏លំបាកដែលពួកគេមាន ហើយលើកទឹកចិត្តពួកគេឱ្យឆ្លងកាត់ពួកគេជាមួយគ្នាដោយបន្ទាបខ្លួន។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈជនជាតិភីលីព ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ