ភីលេម៉ូន 1:8-22

ភីលេម៉ូន 1:8-22 គកស១៦

ដូច្នេះ នៅ​ក្នុង​ព្រះគ្រីស្ទ ទោះ​ជា​ខ្ញុំ​មាន​សិទ្ធិ​នឹង​បង្គាប់​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ក៏​ដោយ ក៏​ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ ដ្បិត​ខ្ញុំ ប៉ុល មាន​វ័យ​ចាស់​ហើយ ហើយ​ឥឡូវ​នេះ​ក៏​ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ‌យេ‌ស៊ូវ​ទៀត​ផង ខ្ញុំ​សូម​អង្វរ​អ្នក​ជំនួស​កូន​របស់​ខ្ញុំ គឺ​អូនេ‌ស៊ីម ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ពេល​ខ្ញុំ​ជាប់​ចំណង។ ពី​ដើម​គាត់​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​មែន តែ​ឥឡូវ​នេះ គាត់​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​អ្នក ហើយ​ក៏​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ​ដែរ។ ខ្ញុំ​បាន​ចាត់​គាត់ ដែល​ជា​ដួង​ចិត្ត​របស់​ខ្ញុំ ឲ្យ​មក​រក​អ្នក​វិញ។ ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​គាត់​បាន​បម្រើ​ខ្ញុំ​ជំនួស​អ្នក ក្នុង​ពេល​ដែល​ខ្ញុំ​ជាប់​ចំណង​ដោយ​ព្រោះ​ដំណឹង​ល្អ តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​អ្នក​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​ល្អ​ទាំង​បង្ខំ គឺ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ។ ប្រហែល​ជា​ដោយ​សារ​មូល​ហេតុ​នេះ បាន​ជា​គាត់​ឃ្លាត​ចេញ​ពី​អ្នក​មួយ​រយៈ ដើម្បី​ឲ្យ​អ្នក​បាន​គាត់​មក​វិញ​អស់​កល្ប​ជានិច្ច តែ​មិន​មែន​ជា​អ្នក​បម្រើ​ទៀត គឺ​ជា​បង‌ប្អូន​ស្ងួន‌ភ្ងា​វិញ ដែល​លើស​ជាង​អ្នក​បម្រើ​ទៅ​ទៀត ជា​ពិសេស​ចំពោះ​ខ្ញុំ ហើយ​ចំពោះ​អ្នក​កាន់​តែ​ពិសេស​ថែម​ទៀត ទាំង​ខាង​សាច់​ឈាម ទាំង​ខាង​ព្រះ‌អម្ចាស់។ ដូច្នេះ ប្រសិន‌បើ​អ្នក​រាប់​ខ្ញុំ​ទុក​ជា​គូ​កន នោះ​ចូរ​ទទួល​គាត់ ទុក​ដូច​ជា​ទទួល​ខ្ញុំ​ចុះ។ ប្រសិន‌បើ​គាត់​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ឬ​ជំពាក់​អ្វី​ដល់​អ្នក នោះ​ត្រូវ​គិត​លើ​ខ្ញុំ​វិញ។ ខ្ញុំ ប៉ុល សរសេរ​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់​ថា ខ្ញុំ​នឹង​សង​អ្នក តែ​ខ្ញុំ​មិន​បាច់​រំឭក​អ្នក​ទេ​ថា សូម្បី​តែ​ខ្លួន​អ្នក​ផ្ទាល់​ក៏​ជំពាក់​ខ្ញុំ​ដែរ។ មែន​ហើយ ប្អូន​អើយ សូម​ឲ្យ​ខ្ញុំ​បាន​ផល​នេះ​ពី​អ្នក​ក្នុង​ព្រះ‌អម្ចាស់​ផង! សូម​ឲ្យ​ចិត្ត​របស់​ខ្ញុំ​បាន​ធូរ​ស្បើយ​ក្នុង​ព្រះ‌គ្រីស្ទ​ផង។ ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​ជឿ​ជាក់​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ថា អ្នក​នឹង​ធ្វើ​លើស​ជាង​ពាក្យ​ដែល​ខ្ញុំ​សុំ​នេះ​ទៅ​ទៀត។ ព្រម​ជា​មួយ​គ្នា​នេះ សូម​រៀប​ចំ​កន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា តាម​រយៈ​សេចក្ដី​អធិស្ឋាន​របស់​អ្នក ខ្ញុំ​នឹង​បាន​មក​ជួប​អ្នក​វិញ​មិន​ខាន។

អាន ភីលេម៉ូន 1