នេះជាខ្សែស្រឡាយរបស់អើរ៉ុន និងលោកម៉ូសេនៅគ្រាដែលព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកម៉ូសេ នៅលើភ្នំស៊ីណាយ។ ពួកកូនរបស់លោកអើរ៉ុនមានឈ្មោះ ណាដាប ជាកូនច្បង អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ នេះជាឈ្មោះកូនរបស់អើរ៉ុន ដែលទទួលការចាក់ប្រេងតាំងឲ្យធ្វើជាសង្ឃ ហើយលោកបានតែងតាំងពួកគេឲ្យបម្រើការងារជាសង្ឃ។ ណាដាប និងអ័ប៊ីហ៊ូវ បានស្លាប់នៅចំពោះព្រះយេហូវ៉ា នៅពេលដែលគេយកភ្លើងមិនបរិសុទ្ធទៅថ្វាយព្រះយេហូវ៉ា នៅទីរហោស្ថានស៊ីណាយ អ្នកទាំងពីរនេះគ្មានកូនទេ។ អេលាសារ និងអ៊ីថាម៉ារ បានបម្រើការងារជាសង្ឃ នៅចំពោះអើរ៉ុន ជាឪពុករបស់គេ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំកុលសម្ព័ន្ធលេវីមកជិត ហើយឲ្យគេឈរនៅមុខសង្ឃអើរ៉ុន ដើម្បីឲ្យគេបានជួយការងារគាត់។ គេត្រូវបំពេញកិច្ចការឲ្យគាត់ និងឲ្យក្រុមជំនុំទាំងអស់នៅមុខត្រសាលជំនុំ ដើម្បីបម្រើកិច្ចការនៅក្នុងរោងឧបោសថ។ គេត្រូវថែទាំប្រដាប់ប្រដាទាំងអស់របស់ត្រសាលជំនុំ ហើយបំពេញមុខងារបម្រើជួសមុខឲ្យពួកអ៊ីស្រាអែល នៅក្នុងរោងឧបោសថ។ អ្នកត្រូវប្រគល់ពួកលេវីទៅអើរ៉ុន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកគេចេញពីក្នុងចំណោមពួកអ៊ីស្រាអែល ប្រគល់ផ្ដាច់ឲ្យគាត់។ អ្នកត្រូវតែងតាំងអើរ៉ុន និងកូនចៅរបស់គាត់ ឲ្យបំពេញមុខងារជាសង្ឃ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវស្លាប់»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកម៉ូសេថា៖ «មើល៍ យើងបានយកពួកលេវីចេញពីក្នុងចំណោមពួកអ៊ីស្រាអែល ជាស្នងជំនួសកូនច្បងទាំងអស់ដែលកើតពីផ្ទៃ ក្នុងចំណោមពួកអ៊ីស្រាអែល។ ពួកលេវីជាចំណែករបស់យើង ដ្បិតអស់ទាំងកូនច្បងជាចំណែករបស់យើង ព្រោះកាលយើងបានសម្លាប់អស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ នោះយើងបានញែកអស់ទាំងកូនច្បងក្នុងសាសន៍អ៊ីស្រាអែលចេញទុកសម្រាប់យើង គឺទាំងមនុស្ស និងសត្វជាចំណែករបស់យើង។ យើងជាព្រះយេហូវ៉ា»។
អាន ជនគណនា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 3:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ