បាឡាមងើបមុខឡើង ឃើញសាសន៍អ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះក៏យាងមកសណ្ឋិតលើគាត់ ហើយគាត់ក៏បញ្ចេញព្រះបន្ទូលដោយពាក្យថា៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ ជាពាក្យរបស់មនុស្សដែលមើលឃើញច្បាស់ ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលរបស់ព្រះ ជាអ្នកដែលឃើញនិមិត្តពីព្រះដ៏មានគ្រប់ព្រះចេស្តា ទាំងក្រាបចុះ តែភ្នែករបស់ខ្លួនមើលឃើញច្បាស់។ ឱយ៉ាកុបអើយ ជំរំរបស់អ្នកល្អណាស់! ឱអ៊ីស្រាអែលអើយ ទីលំនៅរបស់អ្នក ប្រៀបដូចជាដើមលម៉ើ ដែលដុះផ្ដុំគ្នា ហើយលាតសន្ធឹងយ៉ាងវែង ដូចសួនច្បារនៅមាត់ទន្លេ ដូចដើមក្រឹស្នាដែលព្រះយេហូវ៉ាបានដាំ ដូចជាដើមតាត្រៅនៅមាត់ទឹក។ ទឹកនឹងហៀរហូរពីធុងរបស់គេ ហើយពូជរបស់គេនឹងចម្រើនផលឡើងព្រោះមានទឹកច្រើន ស្តេចរបស់គេនឹងបានខ្ពស់ជាងស្តេចអ័កាក់ ហើយនគររបស់គេនឹងបានថ្កើងឡើង។ ព្រះដែលនាំគេចេញពីស្រុកអេស៊ីព្ទ ព្រះអង្គប្រៀបដូចជាស្នែងនៃសត្វរមាសសម្រាប់គេ គេនឹងស៊ីលេបសាសន៍នានាដែលជាសត្រូវរបស់គេ ក៏បំបាក់ឆ្អឹងឲ្យខ្ទេច ហើយគេនឹងបាញ់ទម្លុះសត្រូវទាំងនោះដោយព្រួញរបស់គេ។ គេបានក្រាប គេដេកដូចជាសិង្ហឈ្មោល ក៏ដូចជាសិង្ហញីផង តើអ្នកណានឹងហ៊ានដាស់គេឡើង? មានពរហើយ អ្នកណាដែលឲ្យពរអ្នក តែអស់អ្នកណាដែលដាក់បណ្ដាសាអ្នក អ្នកនោះត្រូវបណ្ដាសាមិនខាន»។ ពេលនោះ សេចក្ដីក្រោធរបស់បាឡាមឆួលឡើងទាស់នឹងបាឡាម ហើយស្ដេចទះព្រះហស្តសន្ធាប់ ហើយមានរាជឱង្ការទៅបាឡាមថា៖ «យើងបានហៅលោកមក ដើម្បីដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង តែមើល៍! លោកបានឲ្យពរពួកគេរហូតដល់ទៅបីដងទៅវិញ។ ឥឡូវនេះ ចូរលោករត់ទៅកន្លែងលោកវិញទៅ! យើងបានគិតថា "យើងនឹងលើកលោកឲ្យមានសក្តិយសជាធំ" តែព្រះយេហូវ៉ាបានឃាត់មិនឲ្យលោកមានសក្តិយសទេ»។ បាឡាមទូលទៅបាឡាកថា៖ «តើទូលបង្គំមិនបានប្រាប់ពួកអ្នកនាំសារដែលព្រះករុណាបានចាត់ឲ្យទៅជួបទូលបង្គំទេឬថា "ទោះជាព្រះបាទបាឡាកប្រទានដំណាក់របស់ទ្រង់មកខ្ញុំ មានពេញដោយមាស និងប្រាក់ក៏ដោយ ក៏ខ្ញុំពុំអាចរំលងបង្គាប់ព្រះយេហូវ៉ា ដើម្បីធ្វើអំពើល្អ ឬអាក្រក់តាមចិត្តទៅបានឡើយ។ សេចក្ដីណាដែលព្រះយេហូវ៉ាមានព្រះបន្ទូល នោះខ្ញុំនឹងថ្លែងតែសេចក្ដីនោះឯង"? ឥឡូវនេះ មើល៍ ទូលបង្គំនឹងទៅជួបប្រជាជនរបស់ទូលបង្គំវិញ។ សូមយាងមកនេះ ទូលបង្គំសូមទូលថ្វាយព្រះករុណា អំពីការដែលប្រជាជននេះនឹងធ្វើចំពោះប្រជាជនរបស់ព្រះករុណា នៅពេលខាងមុខ»។ ដូច្នេះ គាត់ក៏បញ្ចេញព្រះបន្ទូលដោយពាក្យថា៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ ជាពាក្យរបស់មនុស្សដែលមើលឃើញច្បាស់ ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលរបស់ព្រះ ហើយស្គាល់តម្រិះរបស់ព្រះដ៏ខ្ពស់បំផុត ជាអ្នកដែលឃើញនិមិត្តពីព្រះដ៏មានគ្រប់ព្រះចេស្តា ទាំងក្រាបចុះ តែភ្នែករបស់ខ្លួនមើលឃើញច្បាស់។ ខ្ញុំឃើញព្រះអង្គ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំសម្លឹងមើលព្រះអង្គ តែមិនមែននៅជិតទេ។ មានផ្កាយមួយចេញពីយ៉ាកុប ហើយមានដំបងរាជ្យមួយកើតពីអ៊ីស្រាអែល។ ដំបងនោះនឹងវាយបំបែកថ្ងាស របស់ម៉ូអាប់ ហើយវាយបំបាក់អស់ទាំងកូនចៅរបស់សេត។
អាន ជនគណនា 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 24:2-17
19 ថ្ងៃ។
នៅក្នុងសៀវភៅជនគណនា យើងកំពុងតែដើរ ត្រាច់ចរ និងថ្វាយបង្គំជាមួយនឹងពួកអ៊ីស្រាអែលក្នុងរយៈពេល ៤០ ឆ្នាំក្នុងទីរហោស្ថាន។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលេខ នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ