ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើត្រែពីរអំពីប្រាក់ គឺអ្នកត្រូវធ្វើឲ្យមានក្បាច់រចនា ហើយអ្នកត្រូវប្រើត្រែនោះសម្រាប់កោះហៅក្រុមជំនុំឲ្យជួបជុំគ្នា និងសម្រាប់ប្រកាសរើជំរំ។ ពេលណាត្រែទាំងពីរបន្លឺសំឡេងឡើង ក្រុមជំនុំទាំងអស់ត្រូវមកជួបជុំនៅចំពោះអ្នក ត្រង់ទ្វារចូលត្រសាលជំនុំ។ ប៉ុន្ដែ ប្រសិនបើមានសំឡេងត្រែតែមួយ នោះពួកមេដឹកនាំ ពួកមេកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល ត្រូវមកជួបជុំគ្នានៅចំពោះអ្នក។ ពេលណាអ្នកផ្លុំដោយសំឡេងរន្ថាន់ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងកើត ត្រូវចេញដំណើរ ហើយពេលណាអ្នកផ្លុំដោយសំឡេងរន្ថាន់លើកទីពីរ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងត្បូង ត្រូវចេញដំណើរ។ ពេលណាមានសំឡេងផ្លុំរន្ថាន់ នោះគេត្រូវចេញដំណើរ។ ប៉ុន្តែ ពេលណាមានការហៅមកជួបប្រជុំគ្នា អ្នកក៏ត្រូវផ្លុំដែរ តែមិនត្រូវឲ្យមានសំឡេងរន្ថាន់ឡើយ។ ត្រូវឲ្យកូនចៅរបស់អើរ៉ុន ដែលជាពួកសង្ឃ ជាអ្នកផ្លុំត្រែនោះ។ នេះជាច្បាប់សម្រាប់អ្នករាល់គ្នា គ្រប់ជំនាន់រហូតតទៅ។ ពេលណាអ្នករាល់គ្នាចេញទៅច្បាំងនឹងខ្មាំងសត្រូវ ដែលមកសង្កត់សង្កិនក្នុងស្រុករបស់អ្នករាល់គ្នា នោះត្រូវផ្លុំត្រែឲ្យមានសំឡេងយ៉ាងរន្ថាន់ ដើម្បីជាការរំឭកពីអ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានសង្គ្រោះរួចពីខ្មាំងសត្រូវ។ រីឯនៅថ្ងៃអំណរ នៅថ្ងៃបុណ្យដែលបានកំណត់របស់អ្នករាល់គ្នា និងនៅថ្ងៃចូលខែ នោះអ្នកត្រូវផ្លុំត្រែពីលើតង្វាយដុត និងយញ្ញបូជានៃតង្វាយមេត្រីរបស់អ្នករាល់គ្នា។ នេះជាការរំឭកពីអ្នករាល់គ្នា នៅចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដ្បិតយើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។
អាន ជនគណនា 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 10:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ