នេហេមា 4:7-14
នេហេមា 4:7-14 គកស១៦
ប៉ុន្ដែ កាលសានបាឡាត និងថូប៊ីយ៉ា ពួកអារ៉ាប់ និងពួកអាំម៉ូន ព្រមទាំងពួកអាសដូឌបានឮថា ការជួសជុលកំផែងក្រុងយេរូសាឡិមចេះតែបានចម្រើនឡើង ហើយថា កន្លែងបាក់បែកចាប់ផ្ដើមភ្ជិតឡើងវិញ នោះពួកគេខឹងជាខ្លាំង ហើយគេក៏ប្រឹក្សាគ្នាដើម្បីមកវាយក្រុងយេរូសាឡិម ហើយបង្កឲ្យមានការច្របូកច្របល់។ ដូច្នេះ យើងក៏បានអធិស្ឋានដល់ព្រះនៃយើង ហើយចាត់ចែងឲ្យមានអ្នកយាមល្បាត ដើម្បីការពារទាំងយប់ទាំងថ្ងៃ។ ពេលនោះ ពួកយូដាពោលថា៖ «កម្លាំងរបស់អស់អ្នកដែលលីសែងចេះតែចុះខ្សោយហើយ គំនរបែកបាក់មានច្រើនពេក យើងពុំអាចសង់កំផែងឡើងវិញបានទេ»។ មួយទៀត ខ្មាំងសត្រូវរបស់យើងពោលថា៖ «មុនពេលគេដឹងខ្លួន ឬឃើញអ្វីដែលកើតឡើង យើងនឹងចូលទៅក្នុងចំណោមពួកគេ ហើយសម្លាប់ពួកគេ ដើម្បីបញ្ឈប់កិច្ចការនោះ»។ នៅពេលសាសន៍យូដាដែលរស់នៅក្បែរពួកគេមកដល់ គេប្រាប់យើងដល់ទៅដប់ដងថា៖ «គេនឹងឡើងមកពីគ្រប់ទីកន្លែងរបស់គេ ដើម្បីមកទាស់នឹងពួកយើង »។ ដូច្នេះ ខ្ញុំក៏ដាក់ប្រជាជនទាំងកាន់ដាវ កាន់លំពែង និងធ្នូរបស់គេ ឲ្យឈរនៅកន្លែងទាបៗពីក្រោយកំផែង នៅកន្លែងដែលមើលឃើញច្បាស់ តាមអំបូររបស់គេរៀងខ្លួន។ កាលខ្ញុំបានត្រួតពិនិត្យមើលរួចហើយ ខ្ញុំក៏ក្រោកឡើង ហើយពោលទៅកាន់ពួកអភិជន និងពួកអ្នកគ្រប់គ្រង ព្រមទាំងប្រជាជនឯទៀតៗថា៖ «កុំខ្លាចពួកគេឡើយ ចូរនឹកចាំពីព្រះអម្ចាស់ ដែលទ្រង់ធំ ហើយគួរស្ញែងខ្លាច ហើយត្រូវប្រយុទ្ធការពារពួកបងប្អូន កូនប្រុស កូនស្រី ប្រពន្ធ និងផ្ទះសំបែងរបស់អ្នករាល់គ្នា!»។


