បន្ទាប់មក ព្រះអង្គហៅបណ្តាជនមកម្ដងទៀត ហើយមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នកទាំងអស់គ្នាស្តាប់ខ្ញុំ ហើយឲ្យយល់ចុះ គ្មានអ្វីពីខាងក្រៅ ចូលទៅក្នុងខ្លួនមនុស្ស អាចធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះឡើយ គឺអ្វីៗដែលចេញពីមនុស្សមកនោះវិញ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»។ កាលព្រះអង្គយាងចេញពីបណ្ដាជន ចូលទៅក្នុងផ្ទះ ពួកសិស្សទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបនោះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ដូច្នេះអ្នករាល់គ្នាក៏មិនយល់ដែរឬ? អ្នករាល់គ្នាមិនយល់ទេឬថា អ្វីៗពីខាងក្រៅចូលក្នុងមនុស្ស ពុំអាចធ្វើឲ្យគេទៅជាមិនបរិសុទ្ធនោះឡើយ ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្តទេ គឺចូលទៅក្នុងពោះ រួចចេញទៅក្នុងបង្គន់ទេតើ!» (ព្រះអង្គមានព្រះបន្ទូលដូច្នេះ បញ្ជាក់ថា អាហារទាំងអស់សុទ្ធតែស្អាត)។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «មានតែអ្វីដែលចេញពីមនុស្សមកប៉ុណ្ណោះ ដែលធ្វើឲ្យគេមិនបរិសុទ្ធ ដ្បិតខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស ចេញមកជាគំនិតអាក្រក់ សហាយស្មន់ លួចប្លន់ សម្លាប់មនុស្ស ផិតក្បត់ លោភលន់ ចិត្តអាក្រក់ បោកប្រាស់ អាសអាភាស ច្រណែនឈ្នានីស ជេរប្រមាថ អំនួត និងឆ្កួតលេលា។ សេចក្តីអាក្រក់ទាំងនេះហើយដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។ ព្រះអង្គក្រោកឡើង ហើយយាងចេញពីទីនោះ ទៅកាន់កន្លែងមួយជិតក្រុងទីរ៉ុស និងក្រុងស៊ីដូន។ ព្រះអង្គយាងចូលទៅក្នុងផ្ទះមួយ ហើយមិនចង់ឲ្យអ្នកណាដឹងថាទ្រង់គង់នៅទីនោះឡើយ តែព្រះអង្គពុំអាចលាក់បាន ដ្បិតស្ត្រីម្នាក់ដែលកូនស្រីមានវិញ្ញាណអាក្រក់ចូល បានឮគេនិយាយអំពីព្រះអង្គភ្លាម ក៏ចូលមកក្រាបនៅទៀបព្រះបាទព្រះអង្គ។ ស្ត្រីនោះ ជាសាសន៍ក្រិក ដើមកំណើតស៊ីរ៉ូភេនីស។ នាងទូលអង្វរសូមឲ្យព្រះអង្គដេញអារក្សចេញពីកូនស្រីរបស់នាង តែព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ត្រូវឲ្យកូនបរិភោគឆ្អែតជាមុនសិន ដ្បិតមិនគួរយកនំប៉័ងរបស់កូន បោះទៅឲ្យឆ្កែឡើយ»។ នាងទូលឆ្លើយថា៖ «មែនហើយ ព្រះអម្ចាស់ សូម្បីតែឆ្កែនៅក្រោមតុក៏ស៊ីកម្ទេចអាហារដែលជ្រុះពីកូននោះមកដែរ»។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «ដោយសារពាក្យនេះ ចូរនាងទៅចុះ អារក្សបានចេញពីកូនស្រីនាងហើយ»។ នាងក៏ត្រឡប់ទៅផ្ទះវិញ ឃើញក្មេងនោះដេកនៅលើគ្រែ ដ្បិតអារក្សបានចេញបាត់ហើយ។ បន្ទាប់មក ព្រះអង្គយាងត្រឡប់ពីតំបន់ក្រុងទីរ៉ុស យាងកាត់ក្រុងស៊ីដូន ឆ្ពោះទៅកាន់សមុទ្រកាលីឡេ ក្នុងតំបន់ស្រុកដេកាប៉ូល។ គេនាំបុរសថ្លង់ម្នាក់ ដែលនិយាយទាំងពិបាកមកជួបព្រះអង្គ ហើយគេទូលអង្វរសូមឲ្យព្រះអង្គដាក់ព្រះហស្តលើគាត់។ ព្រះអង្គនាំគាត់ចេញទៅដោយឡែក ដាច់ពីបណ្តាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ រួចស្តោះទឹកព្រះឱស្ឋ ហើយពាល់អណ្តាតគាត់។ បន្ទាប់មក ព្រះអង្គងើបព្រះភក្ត្រទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «អិបផាថា» មានន័យថា «ចូរបើកឡើង»។ រំពេចនោះស្រាប់តែត្រចៀកគាត់បើកឡើង អណ្តាតគាត់ក៏គ្រលាស់បាន ហើយគាត់និយាយបានយ៉ាងច្បាស់។ ពេលនោះ ព្រះអង្គហាមគេមិនឲ្យប្រាប់អ្នកណាឡើយ ប៉ុន្តែ ព្រះអង្គហាមគេខ្លាំងយ៉ាងណា គេរឹតតែប្រកាសពីហេតុការណ៍នោះកាន់តែខ្លាំងយ៉ាងនោះដែរ។ គេនឹកប្លែកក្នុងចិត្តជាខ្លាំងពន់ពេក ដោយពាក្យថា៖ «លោកបានធ្វើការទាំងអស់សុទ្ធតែល្អ គឺលោកបានប្រោសទាំងមនុស្សថ្លង់ឲ្យស្តាប់ឮ ហើយមនុស្សគឲ្យនិយាយបាន»។
អាន ម៉ាកុស 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 7:14-37
9 Days
New York Times bestselling author and renowned pastor, Timothy Keller shares a series of episodes from the life of Jesus as told in the book of Mark. Taking a closer look at these stories, he brings new insights on the relationship between our lives and the life of the son of God, leading up to Easter. JESUS THE KING is now a book and study guide for small groups, available wherever books are sold.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ