ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំម្តងទៀត ហើយនៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ ពួកគេតាមមើលព្រះអង្គ ក្រែងលោព្រះអង្គប្រោសគាត់ឲ្យជានៅថ្ងៃសប្ប័ទ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយចេញមកខាងមុខ!» បន្ទាប់មក ព្រះអង្គសួរគេថា៖ «នៅថ្ងៃសប្ប័ទ តើច្បាប់អនុញ្ញាតឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬឲ្យសម្លាប់?» ប៉ុន្តែ គេនៅស្ងៀម។ ព្រះអង្គងាកទតទៅគេទាំងក្រោធ ហើយមានព្រះហឫទ័យព្រួយនឹងចិត្តរឹងរូសរបស់គេ។ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!» បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើម។ ពួកផារិស៊ីបានចេញទៅភ្លាម ហើយពិគ្រោះជាមួយពួកហេរ៉ូឌទាស់នឹងព្រះអង្គ ដើម្បីរកវិធីបំផ្លាញព្រះអង្គ។ ព្រះយេស៊ូវយាងចេញជាមួយពួកសិស្សទៅកាន់ឆ្នេរសមុទ្រ ហើយមានបណ្តាជនជាច្រើនមកពីស្រុកកាលីឡេ និងស្រុកយូដា នាំគ្នាដើរតាមព្រះអង្គ។ ដោយព្រោះបានឮគេនិយាយពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ មនុស្សជាច្រើនក៏នាំគ្នាចូលមករកព្រះអង្គ គេមកពីក្រុងយេរូសាឡិម ពីស្រុកអេដុម ខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ុស និងក្រុងស៊ីដូន។ ដោយព្រោះបណ្ដាជន ព្រះអង្គមានព្រះបន្ទូលប្រាប់ពួកសិស្ស ឲ្យរៀបចំទូកមួយសម្រាប់ព្រះអង្គ ក្រែងគេប្រជ្រៀតគ្នាចោមរោមព្រះអង្គ។ ដោយព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា អ្នកដែលមានជំងឺទាំងប៉ុន្មានខំប្រឹងសម្រុកចូល ដើម្បីពាល់ព្រះអង្គ។ ពេលពួកវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាក្រាបចុះនៅចំពោះព្រះអង្គ ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះ!» ប៉ុន្តែ ព្រះអង្គហាមផ្តាច់ មិនឲ្យវាប្រាប់គេថាព្រះអង្គជាអ្នកណាឡើយ។ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។ ព្រះអង្គបានតែងតាំងដប់ពីររូប ដែលព្រះអង្គហៅថាសាវក ឲ្យគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឲ្យចេញទៅប្រកាស ហើយឲ្យគេមានអំណាច[ប្រោសជំងឺឲ្យជា ព្រមទាំង]ដេញអារក្សផង។ អ្នកទាំងដប់ពីរដែលព្រះអង្គបានតែងតាំងមាន ស៊ីម៉ូន ដែលទ្រង់ដាក់ឈ្មោះថា ពេត្រុស យ៉ាកុប ជាកូនសេបេដេ និងយ៉ូហាន ជាប្អូនយ៉ាកុប ដែលទ្រង់ដាក់ឈ្មោះគេថា បោនអ៊ើកេ ប្រែថាកូនផ្គរលាន់។ អនទ្រេ ភីលីព បារថូល៉ូមេ ម៉ាថាយ ថូម៉ាស និងយ៉ាកុប ជាកូនអាល់ផាយ ថាដេ ស៊ីម៉ូន ជាសាសន៍កាណាន និងយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលក្បត់ព្រះអង្គ។ បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់មកផ្ទះវិញ ហើយបណ្តាជនបានមកជួបជុំគ្នាម្តងទៀត ធ្វើឲ្យព្រះអង្គ និងពួកសិស្សរកពេលបរិភោគមិនបាន។ កាលក្រុមគ្រួសាររបស់ព្រះអង្គឮដូច្នេះ គេក៏ចេញទៅដើម្បីឃាត់ព្រះអង្គ ដ្បិតគេថា ព្រះអង្គវង្វេងស្មារតី។
អាន ម៉ាកុស 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 3:1-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ