ម៉ាកុស 2

2
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ជា
(ម៉ាថាយ ៩.១-៨ លូកា ៥.១៧-២៦)
1ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ព្រះ‌អង្គ​យាង​ត្រឡប់​មក​ក្រុង​កាពើ‌ណិម​វិញ ហើយ​គេ​ឮ​ថា ព្រះ‌អង្គ​គង់​នៅ​ក្នុង​ផ្ទះ។ 2មាន​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​ជា​ច្រើន រហូត​ដល់​គ្មាន​សល់​កន្លែង​ណា​ទៀត​សោះ សូម្បី​នៅ​មាត់​ទ្វារ​ក៏​គ្មាន​ដែរ ហើយ​ព្រះ‌អង្គ​ប្រកាស​ព្រះ‌បន្ទូល​ឲ្យ​គេ​ស្ដាប់។ 3ពេល​នោះ មាន​បុរស​បួន​នាក់ សែង​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​មក​រក​ព្រះ‌អង្គ។ 4គេ​ពុំ​អាច​នាំ​គាត់​ចូល​ទៅ​ជិត​ព្រះ‌អង្គ​បាន ដោយ​ព្រោះ​មហាជន គេ​ក៏​បើក​ដំបូល​ផ្ទះ​ចំ​ពី​លើ​កន្លែង​ដែល​ព្រះ‌អង្គ​គង់។ កាល​ទម្លុះ​រួច​ហើយ គេ​ក៏​សម្រូត​គ្រែ​ដែល​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក​នោះ​ចុះ​មក​ក្រោម។ 5កាល​ព្រះ‌យេស៊ូវ​ឃើញ​ជំនឿ​របស់​គេ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា៖ «កូន​អើយ ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ»។ 6មាន​អាចារ្យ​ខ្លះ​អង្គុយ​នៅ​ទី​នោះ រិះ‌គិត​ក្នុង​ចិត្ត​ថា៖ 7«ហេតុ​អ្វី​បាន​ជា​អ្នក​នេះ​និយាយ​ដូច្នេះ? ពាក្យ​នេះ​ប្រមាថ​ដល់​ព្រះ​ទេ​តើ! ក្រៅ​ពី​ព្រះ​មួយ​អង្គ តើ​មាន​អ្នក​ណា​អាច​អត់​ទោស​បាប​បាន?» 8ព្រះ‌យេស៊ូវ​ជ្រាប​ក្នុង​វិញ្ញាណ​ព្រះ‌អង្គ​ភ្លាម​ពី​ការ​រិះ​គិត​នៅ​ក្នុង​ចិត្ត​របស់​គេ ហើយ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ​គិត​នៅ​ក្នុង​ចិត្ត​ដូច្នេះ? 9ដ្បិត​ដែល​និយាយ​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​នេះ​ថា "ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ" ឬ​ថា "ចូរ​ក្រោក​ឡើង ហើយ​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ" តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង? 10ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផែនដី​នេះ កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​បាន»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា៖ 11«ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ទៅ​ផ្ទះ​ទៅ!» 12គាត់​ក៏​ក្រោក​ឡើង​ភា្លម យក​គ្រែ​ស្នែង​ដើរ​ចេញ​ទៅ​នៅ​មុខ​មនុស្ស​ទាំង​អស់ ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​មាន​សេចក្តី​អស្ចារ្យ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពោល​ថា៖ «យើង​មិន​ដែល​បាន​ឃើញ​អ្វី​ដូច្នេះ​សោះ!»
ព្រះ‌យេស៊ូវ​ត្រាស់​ហៅ​លោក​លេវី
(ម៉ាថាយ ៩.៩-១៣ លូកា ៥.២៧-៣២)
13ព្រះ‌យេស៊ូវ​យាង​ចេញ​ទៅ​ឆ្នេរ​សមុទ្រ​ម្តង​ទៀត។ បណ្ដាជន​ទាំង​អស់​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បង្រៀន​ពួក​គេ។ 14កាល​ព្រះ‌អង្គ​យាង​ហួស​ពី​នោះ​ទៅ ទ្រង់​ទត​ឃើញ​លេវី ជា​កូន​អាល់‌ផាយ កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ ហើយ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ហើយ​ដើរ​តាម​ព្រះ‌អង្គ។
15កាល​ព្រះ‌យេស៊ូវ​គង់​នៅ​តុ​ក្នុង​ផ្ទះ​របស់​លេវី មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌អង្គ និង​ពួក​សិស្ស ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​មក​តាម​ព្រះ‌អង្គ។ 16កាល​ពួក​អាចារ្យ​ខាង​ពួក​ផារិ‌ស៊ី​ឃើញ​ព្រះ‌អង្គ​សោយ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ គេ​ក៏​សួរ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​បរិ‌ភោគ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​ពួក​មនុស្ស​បាប​ដូច្នេះ?» 17ពេល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ «ពួក​អ្នក​ដែល​មាន​សុខ‌ភាព​ល្អ គេ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប[ឲ្យ​ប្រែ​ចិត្ត]វិញ»។
សំណួរ​អំពី​ការ​តម​អាហារ
(ម៉ាថាយ ៩.១៤-១៧ លូកា ៥.៣៣-៣៨)
18ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ពួក​ផារិ‌ស៊ី គេ​កំពុង​តម​អាហារ ហើយ​មាន​មនុស្ស​មក​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​យ៉ូហាន និង​សិស្ស​របស់​ពួក​ផារិ‌ស៊ី​តម​អាហារ តែ​ពួក​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?» 19ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​តប​ថា៖ «ពេល​កូន​កំលោះ​កំពុង​នៅ​ជា​មួយ​គ្នា តើ​អាច​ឲ្យ​ភ្ញៀវ​តម​អាហារ​បាន​ឬ? ដរាប​ណា​កូន​កំលោះ​នៅ​ជា​មួយ​ពួក​គេ​នៅ​ឡើយ គេ​មិន​អាច​តម​អាហារ​បាន​ទេ។ 20ប៉ុន្តែ នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​កូន​កំលោះ​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ ហើយ​នៅ​ពេល​នោះ គេ​នឹង​តម​អាហារ​វិញ។
21គ្មាន​អ្នក​ណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​លើ​សម្លៀក​បំពាក់​ចាស់​ឡើយ បើ​ធ្វើ​ដូច្នោះ បំណាស់​ថ្មី​នឹង​ទាញ​សម្លៀក​បំពាក់​ចាស់ ហើយ​រឹត​តែ​ធ្វើ​ឲ្យ​រហែក​លើស​ដើម។ 22ក៏​គ្មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ធ្លុះ ហើយ​ហូរ​ស្រា​ចេញ​អស់ ឯ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​ដែរ គេ​តែង​តែ​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ»។
ព្រះ‌យេស៊ូវ​បញ្ជាក់​អំពី​ថ្ងៃ​សប្ប័ទ
(ម៉ាថាយ ១២.១-៨ លូកា ៦.១-៥)
23នៅ​ថ្ងៃ​មួយ ព្រះ‌អង្គ​បាន​យាង​កាត់​វាល​ស្រែ ហើយ​ពេល​កំពុង​ធ្វើ​ដំណើរ ពួក​សិស្ស​របស់​ព្រះ‌អង្គ​បាន​ចាប់​ផ្ដើម​បូត​គួរ​ស្រូវ។ 24ពួក​ផារិ‌ស៊ី​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «មើល៍ ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?» 25ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ដែល​បាន​អាន​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ធ្វើ ពេល​ព្រះ‌អង្គ និង​ពួក​អ្នក​រួម​ដំណើរ​ជា​មួយ បាន​ឃ្លាន ហើយ​ត្រូវ​ការ​អាហារ​ទេ​ឬ? 26ស្តេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ពេល​លោក​អ័បៀ‌ថើរ​ធ្វើ​ជា​សម្ដេច​សង្ឃ ហើយ​សោយ​នំបុ័ង​តាំង​ថ្វាយ​ព្រះ ទាំង​ចែក​ឲ្យ​ពួក​អ្នក​រួម​ដំណើរ​ជា​មួយ​ទៀត​ផង ដែល​ច្បាប់​ហាម​មិន​ឲ្យ​អ្នក​ណា​បរិ‌ភោគ​ឡើយ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ»។ 27បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​ផារិ‌ស៊ី​ថា៖ «ព្រះ​បាន​បង្កើត​ថ្ងៃ​សប្ប័ទ​សម្រាប់​មនុស្ស មិន​មែន​មនុស្ស​សម្រាប់​ថ្ងៃ​សប្ប័ទ​ទេ។ 28ដូច្នេះ កូន​មនុស្ស​នេះ​ហើយ​ជា​ម្ចាស់​នៃ​ថ្ងៃ​សប្ប័ទ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ