ម៉ាកុស 14:1-31
ម៉ាកុស 14:1-31 គកស១៦
ឥឡូវនេះ នៅពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលង និងបុណ្យនំបុ័ងឥតដំបែ។ ពួកសង្គ្រាជ និងពួកអាចារ្យបានរិះរកមធ្យោបាយ ដោយប្រើកលល្បិច ដើម្បីចាប់ព្រះយេស៊ូវយកទៅធ្វើគុត។ ដ្បិតគេនិយាយថា៖ «កុំធ្វើក្នុងពេលបុណ្យឡើយ ក្រែងកើតមានចលាចលក្នុងចំណោមប្រជាជន»។ ពេលព្រះអង្គកំពុងគង់នៅតុអាហារឯភូមិបេថានី ក្នុងផ្ទះស៊ីម៉ូន ជាមនុស្សឃ្លង់ នោះមានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវមួយ ដាក់ប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃបំផុត ហើយនាងបំបែកដបនោះ ចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ។ ប៉ុន្តែ មានអ្នកខ្លះនៅទីនោះទាស់ចិត្ត ហើយនិយាយគ្នាថា៖ «ហេតុអី្វក៏យកប្រេងមកបង្ខាតចោលដូច្នេះ? ដ្បិតប្រេងនេះអាចលក់បានជាងបីរយដេណារី ហើយយកប្រាក់ចែកទានដល់អ្នកក្របាន»។ អ្នកទាំងនោះស្ដីបន្ទោសដល់នាង។ ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមចិត្តចុះ ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនាង? នាងបានធ្វើការដ៏ល្អចំពោះខ្ញុំ។ ដ្បិតអ្នករាល់គ្នាមានអ្នកក្រនៅជាមួយរហូត ហើយអ្នករាល់គ្នាចង់ធ្វើគុណនឹងគេនៅពេលណាក៏បាន តែឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ នាងបានធ្វើអ្វីដែលនាងអាចធ្វើបាន គឺនាងបានចាក់ប្រេងលើរូបកាយខ្ញុំជាមុន សម្រាប់ពិធីបញ្ចុះសពខ្ញុំ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកទាំងមូល ទីណាដែលដំណឹងល្អនេះប្រកាសទៅដល់ នោះគេនឹងតំណាលពីការដែលនាងបានធ្វើ ជាការរំឭកអំពីនាង»។ ពេលនោះ យូដាសអ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ក៏ទៅជួបពួកសង្គ្រាជ ដើម្បីបញ្ជូនព្រះអង្គទៅឲ្យពួកគេ។ កាលគេបានឮដូច្នោះ គេសប្បាយចិត្តណាស់ ហើយសន្យាថានឹងឲ្យប្រាក់គាត់។ ដូច្នេះ គាត់ក៏ស្វែងរកឱកាសល្អដើម្បីបញ្ជូនព្រះអង្គ។ នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតដំបែ ជាពេលដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យរំលង ពួកសិស្សទូលព្រះអង្គថា៖ «តើលោកគ្រូចង់ឲ្យយើងខ្ញុំទៅរៀបចំអាហារបុណ្យរំលង ជូនលោកគ្រូនៅកន្លែងណា?» ដូច្នេះ ព្រះអង្គក៏ចាត់សិស្សរបស់ព្រះអង្គពីរនាក់ឲ្យទៅ ដោយមានព្រះបន្ទូលថា៖ «ចូរទៅក្នុងទីក្រុង នោះនឹងមានបុរសម្នាក់លីក្អមទឹកមកជួបអ្នក។ ចូរដើរតាមអ្នកនោះទៅ ហើយកន្លែងណាដែលគាត់ចូលទៅ ចូរនិយាយទៅម្ចាស់ផ្ទះនោះថា "លោកគ្រូមានប្រសាសន៍ថា តើបន្ទប់ដែលខ្ញុំត្រូវទទួលទានអាហារបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅឯណា?" នោះគាត់នឹងបង្ហាញបន្ទប់មួយធំនៅជាន់លើ ដែលរៀបចំជាស្រេច។ ចូររៀបចំអាហារសម្រាប់យើងនៅទីនោះចុះ»។ ដូច្នេះ សិស្សទាំងពីរនាក់នោះក៏ចេញទៅ ពេលទៅដល់ទីក្រុង គេឃើញអ្វីៗដូចព្រះអង្គបានមានព្រះបន្ទូលប្រាប់មែន ហើយគេក៏រៀបចំអាហារបុណ្យរំលង។ លុះដល់ពេលល្ងាច ព្រះអង្គយាងមកជាមួយអ្នកទាំងដប់ពីរ។ ពេលគេរួមតុទទួលទានអាហារ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នាដែលកំពុងបរិភោគជាមួយខ្ញុំ មានម្នាក់នឹងក្បត់ខ្ញុំ»។ ពួកគេចាប់ផ្ដើមព្រួយចិត្ត ហើយទូលព្រះអង្គម្នាក់ម្តងៗថា៖ «មិនមែនទូលបង្គំទេ មែនទេ?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលជ្រលក់នំប៉័ងក្នុងចានជាមួយខ្ញុំ។ ដ្បិតកូនមនុស្សត្រូវទៅមែន ដូចសេចក្តីដែលបានចែងទុកអំពីលោក ប៉ុន្តែ វេទនាដល់អ្នកនោះ ដែលក្បត់កូនមនុស្ស! ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាង»។ កាលកំពុងបរិភោគ ព្រះយេស៊ូវយកនំបុ័ងមក ហើយអរព្រះគុណ រួចកាច់ប្រទានដល់ពួកគេ ដោយមានព្រះបន្ទូលថា៖ «ចូរបរិភោគចុះ នេះជារូបកាយខ្ញុំ»។ បន្ទាប់មក ព្រះអង្គយកពែងមក ហើយអរព្រះគុណ រួចប្រទានដល់ពួកគេ គេក៏ផឹកពីពែងនោះទាំងអស់គ្នា។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាឈាមរបស់ខ្ញុំ ជាឈាមនៃសេចក្ដីសញ្ញា ដែលត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំនឹងមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកវាជាថ្មី នៅក្នុងព្រះរាជ្យរបស់ព្រះ»។ ក្រោយពីបានច្រៀងទំនុកតម្កើងមួយរួចហើយ គេក៏នាំគ្នាចេញទៅភ្នំដើមអូលីវ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា "យើងនឹងវាយគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ" ប៉ុន្តែ ក្រោយពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ ពេត្រុសទូលព្រះអង្គថា៖ «ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ ក៏ទូលបង្គំមិនរវាតចិត្តជាដាច់ខាត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។ តែគាត់ប្រកែកកាន់តែខ្លាំងថា៖ «ទោះបើទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនប្រកែកថា មិនស្គាល់ព្រះអង្គជាដាច់ខាត»។ គេទាំងអស់និយាយដូចគ្នា។


