មីកា 7:1-13

មីកា 7:1-13 គកស១៦

វរ​ហើយ​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​ជាអ្នក​ដែល​ប្រមូល​ផល​បន្ទាប់ពី​ផ្លែ​រដូវ​ក្តៅ បន្ទាប់​ពី​គេ​បាន​ប្រឡេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជាន់​អស់​ហើយ គ្មាន​ចង្កោម​ណា​សល់​ឲ្យ​បាន​ស៊ី​ទេ ក៏​គ្មាន​ផ្លែ​ល្វា​ទុំ​ដើម​រដូវ ដែល​ខ្ញុំ​ចូល​ចិត្តដែរ។ មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ គេ​សុទ្ធ​តែ​លប​ចាំ​កម្ចាយ​ឈាម គ្រប់​គ្នា​ប្រដេញ​បង‌ប្អូន​ខ្លួន​ដោយ​មង ដៃ​របស់​គេ​ជំនាញ​នឹង​ប្រព្រឹត្តអំពើ​អាក្រក់ ពួក​មេ និង​ពួក​ចៅ‌ក្រម​ឃុប​ឃិត​គ្នា​ទារ​រក​សំណូក ឯអ្នក​មាន​អំណាច​ទារ​រក​អ្វី​ដែល​ចិត្ត​គេ​ចង់​បាន គឺ​យ៉ាង​នោះ​ឯង​ដែល​គេ​បង្វែរ​យុត្តិធម៌ ។ មនុស្ស​ល្អ​បំផុត​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ដូច​ជា​បន្លា ហើយ​អ្នក​ដែល​ទៀង​ត្រង់បំផុត​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ដូច​ជា​របង​បន្លា។ ថ្ងៃ​នៃ​ពួក​ចាំ​យាម​របស់​គេ គឺ​ថ្ងៃ​ដែល​គេ​ត្រូវ​ទទួល​ទោស បាន​មក​ដល់​ហើយ ឥឡូវ​នេះ គ្រា​ចលាចល​របស់​គេ​នៅ​ជិត​បង្កើយ។ កុំ​ទុក​ចិត្ត​នឹង​មិត្ត​សម្លាញ់ ក៏​កុំ​ជឿ​ញាតិ​សន្ដាន​ដែរ ចូរ​រក្សា​បបូរ​មាត់​របស់​អ្នក ចេញ​ឆ្ងាយ​ពីនាង​ដែល​កុហក​នៅ​នឹង​ទ្រូង​របស់​អ្នក ដ្បិត​កូន​ប្រុស​បង្អាប់​ឪពុក ហើយ​កូន​ស្រី​ក៏​ចចើង​ទាស់​នឹង​ម្តាយ ឯ​កូន​ប្រសា​ស្រី​ទាស់​ទទឹង​នឹង​ម្តាយ​ក្មេក ហើយ​ខ្មាំង​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​របស់​អ្នក​នោះ​ឯង។ ឯ​ចំណែក​ខ្លួន​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​រង់‌ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ ព្រះ​នៃ​ខ្ញុំ ព្រះ‌អង្គ​នឹង​ស្តាប់​ខ្ញុំ។ ឱ​ខ្មាំង​សត្រូវ​អើយ កុំ​ឲ្យ​សប្បាយ​ចិត្ត​ពី​ដំណើរ​ខ្ញុំ​ឡើយ កាល​ណា​ខ្ញុំ​ដួល នោះ​ខ្ញុំ​នឹង​ក្រោក​ឡើង​វិញ កាល​ណា​ខ្ញុំ​អង្គុយ​ក្នុង​ទី​ងងឹត នោះ​ព្រះ‌យេហូវ៉ា​នឹង​ជា​ពន្លឺ​ដល់​ខ្ញុំ ខ្ញុំ​នឹង​រង‌ទ្រាំ​ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ​ហើយ គឺ​នឹង​រង​ទ្រាំ​ដរាប​ដល់​ព្រះ‌អង្គ​កាន់​ក្ដី​ជំនួស​ខ្ញុំ ហើយ​បាន​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ខ្ញុំ នោះ​ព្រះ‌អង្គ​នឹង​នាំ​ចេញ​មក​ឯ​ពន្លឺ រួច​ខ្ញុំ​នឹង​រំពឹង​មើល​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ គ្រា​នោះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ​ដែរ ហើយ​សេចក្ដី​អាម៉ាស​នឹង​គ្រប​លើ​នាង ដែល​ពោល​មក​ខ្ញុំ​ថា "តើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នៅ​ឯ​ណា?" ឯ​ភ្នែក​ខ្ញុំ​នឹង​ឃើញការ​ធ្លាក់​ចុះ របស់​នាង នាង​នឹង​ត្រូវ​គេ​ជាន់​ឈ្លី ដូច​គេ​ជាន់​ភក់​នៅ​តាម​ផ្លូវ។ នៅ​ថ្ងៃ​ដែល​កំផែង​ឯង​នឹង​បាន​សង់​ឡើង ថ្ងៃ​នោះ​ច្បាប់​បង្គាប់​នឹង​ឃ្លាត​ឆ្ងាយ​ពី​ឯង​ទៅ នៅ​គ្រា​នោះ នឹង​មាន​គេ​មក​ឯ​ឯង​ពី​ស្រុក​អាស‌ស៊ើរ នឹង​ពី​គ្រប់​ទាំង​ទី​ក្រុង​អេស៊ីព្ទ ហើយ​ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​ធំ និង​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ភ្នំ​មួយ​ទៅ​ដល់​ភ្នំ​មួយ​ទៀត ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ស្រុក​នេះ​នឹង​ត្រូវ​នៅ​ស្ងាត់​ច្រៀប ដោយ​ព្រោះ​ផល​នៃ​កិរិយា របស់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ។

អាន មីកា 7