មីកា 1:1-7

មីកា 1:1-7 គកស១៦

ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​បាន​ថ្លែង​មក​មីកា​ជា​ពួក​ម៉ូរ៉ាស៊ីត នៅ​ក្នុង​រាជ្យ​នៃ​យ៉ូថាម អេហាស និង​ហេ‌សេ‌គា ជា​ស្តេច​យូដា ជា​សេចក្ដី​ដែល​លោក​បាន​ឃើញ​ពី​ដំណើរ​ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡិម។ ជន​ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ទាំង​អស់​គ្នា​ចុះ ឱ​ផែនដី និង​សព្វ​សារពើ​ដែល​នៅ​ផែនដី​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ហើយ​បើក​ឱកាស​ឲ្យ​ព្រះ‌អម្ចាស់‌យេហូវ៉ា ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា គឺ​ឲ្យ​ព្រះ‌អម្ចាស់​ធ្វើ​បន្ទាល់ ពី​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ។ មើល៍! ព្រះ‌យេហូវ៉ា​កំពុង​យាង​ចេញ​ពី​ទី​កន្លែង​របស់​ព្រះ‌អង្គ យាង​ចុះ​មក​ជាន់​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ផែនដី​ដែរ។ ភ្នំ​ទាំង​ប៉ុន្មាន​នឹង​រលាយ​ពី​ក្រោម​ព្រះ‌អង្គ​ទៅ ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នឹង​សញ្ជែក​ចេញ ដូច​ជា​ក្រមួន​ដែល​ត្រូវ​ភ្លើង ហើយ​ដូច​ទឹក​ដែល​ចាក់​ចុះ​តាម​ទី​ចោត។ នេះ​គឺ​ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​យ៉ាកុប និង​អំពើ​បាប​របស់​ពួក​វង្ស​អ៊ីស្រា‌អែល អំពើ​រំលង​របស់​ពួក​យ៉ាកុប​នោះ​ជា​អ្វី? តើ​មិន​មែន​ជា​ក្រុង​សាម៉ារី​ទេ​ឬ? ហើយ​អស់​ទាំង​ទី​ខ្ពស់​របស់​ពួក​យូដា​ជា​អ្វី? តើ​មិន​មែន​ជា​ក្រុង​យេរូ‌សាឡិម​ទេ​ឬ? ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​សាម៉ារី​ដូច​ជា​គំនរ​នៅ​ទី​វាល ជា​កន្លែង​សម្រាប់​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ យើង​នឹង​ចាក់​ថ្ម​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​ទៅ​ក្នុង​ច្រក​ភ្នំ ហើយ​នឹង​បើក​ឲ្យ​ឃើញ​ឫស​ជញ្ជាំង។ អស់​ទាំង​រូប​ឆ្លាក់​របស់​គេ នឹង​ត្រូវ​វាយ​បំបែក​ខ្ទេច‌ខ្ទី ឯ​អស់​ទាំង​រង្វាន់​ឈ្នួល​របស់​វា​នឹង​ត្រូវ​ដុត​ក្នុង​ភ្លើង យើង​នឹង​បំផ្លាញ​របស់​គេ​ទាំង​អស់ ព្រោះ​គេ​បាន​សន្សំ​រូប​ទាំង​នោះ ដោយ‌សារ​រង្វាន់​ឈ្នួល​របស់​ស្រី​ពេស្យា ហើយ​វា​នឹង​ត្រឡប់​ជា​រង្វាន់​ឈ្នួល របស់​ស្រី​ពេស្យា​វិញ​ទៀត។

អាន មីកា 1