ម៉ាថាយ 7:15-27
ម៉ាថាយ 7:15-27 គកស១៦
«ចូរប្រយ័ត្ននឹងពួកហោរាក្លែងក្លាយ ដែលពាក់រោមចៀមមករកអ្នករាល់គ្នា តែខាងក្នុងរបស់គេជាឆ្កែចចកដ៏ស្រេកឃ្លាន។ អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ។ តើគេប្រមូលផលផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដើមដំបងយក្សឬ? ដូចេ្នះ អស់ទាំងដើមឈើល្អ តែងផ្តល់ផ្លែល្អ រីឯដើមឈើអាក្រក់ ក៏តែងផ្តល់ផ្លែអាក្រក់ដែរ។ ដើមឈើល្អមិនអាចផ្តល់ផ្លែអាក្រក់បានទេ ហើយដើមឈើអាក្រក់ ក៏មិនអាចផ្តល់ផ្លែល្អបានដែរ អស់ទាំងដើមឈើណាដែលមិនផ្តល់ផ្លែល្អ ត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង។ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ»។ «មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! តើយើងខ្ញុំមិនបានថ្លែងទំនាយក្នុងព្រះនាមព្រះអង្គ ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គទេឬ?" ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេថា "យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញឲ្យឆ្ងាយពីយើងទៅ" »។ «ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សមានប្រាជ្ញា ដែលសង់ផ្ទះរបស់ខ្លួននៅលើថ្ម ពេលភ្លៀងធ្លាក់មក ហើយមានទឹកជន់ មានខ្យល់បក់មកប៉ះនឹងផ្ទះនោះ តែផ្ទះនោះមិនរលំឡើយ ព្រោះផ្ទះនោះបានចាក់គ្រឹះនៅលើថ្ម។ រីឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សល្ងង់ខ្លៅ ដែលសង់ផ្ទះរបស់ខ្លួននៅលើខ្សាច់។ ពេលភ្លៀងធ្លាក់មក ហើយមានទឹកជន់ មានខ្យល់បក់មកប៉ះទង្គិចនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាខ្លាំង»។

