នៅគ្រានោះ លោកយ៉ូហាន-បាទីស្ទបានលេចមកនៅទីរហោស្ថានស្រុកយូដា ប្រកាសថា៖ «ចូរប្រែចិត្ត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជិតមកដល់ហើយ»។ អ្នកនេះហើយដែលហោរាអេសាយបានថ្លែងថា៖ «មានសំឡេងរបស់មនុស្សម្នាក់ ស្រែកឡើងនៅទីរហោស្ថានថា "ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ"» ។ លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ មានខ្សែក្រវាត់ស្បែកនៅនឹងចង្កេះ លោកបរិភោគកណ្តូប និងទឹកឃ្មុំព្រៃជាអាហារ។ ពេលនោះ មនុស្សនៅក្រុងយេរូសាឡិម និងនៅស្រុកយូដាទាំងអស់ ព្រមទាំងមនុស្សដែលនៅតំបន់តាមដងទន្លេយ័រដាន់ បានចេញទៅរកលោក ហើយគេទទួលពិធីជ្រមុជទឹកពីលោកនៅទន្លេយ័រដាន់ ទាំងលន់តួអំពើបាបរបស់ខ្លួន។ ប៉ុន្តែ ពេលលោកឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់អ្នករាល់គ្នា ឲ្យគេចចេញពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ? ចូរអ្នករាល់គ្នាបង្កើតផលឲ្យសមនឹងការប្រែចិត្តចុះ ហើយកុំឲ្យគិតក្នុងចិត្តថា "យើងមានលោកអ័ប្រាហាំជាឪពុក" នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំពីថ្មទាំងនេះក៏បាន។ ប៉ុន្តែ ឥឡូវនេះ ពូថៅដាក់នៅនឹងឫសឈើជាស្រេចហើយ ដូច្នេះ អស់ទាំងដើមណាដែលមិនផ្តល់ផ្លែល្អ នោះត្រូវកាប់រំលំចោល ហើយបោះទៅក្នុងភ្លើង។ ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការប្រែចិត្ត ប៉ុន្តែ ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចជាងខ្ញុំ ហើយខ្ញុំមិនសមនឹងកាន់សុព័ណ៌បាទថ្វាយព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយភ្លើងវិញ។ ទ្រង់កាន់ចង្អេរនៅនឹងព្រះហស្ត ទ្រង់នឹងបោសសម្អាតទីលានរបស់ព្រះអង្គ ហើយប្រមូលស្រូវរបស់ព្រះអង្គដាក់ក្នុងជង្រុក រីឯសម្ដី ទ្រង់នឹងដុតក្នុងភ្លើងដែលមិនអាចពន្លត់បានវិញ»។
អាន ម៉ាថាយ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 3:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ