ម៉ាថាយ 26:1-13

ម៉ាថាយ 26:1-13 គកស១៦

កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​ចប់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឆ្កាង»។ ពេល​នោះ ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​បាន​ប្រមូល​ផ្ដុំ​គ្នា នៅ​ទីលាន​របស់​សម្ដេច​សង្ឃ ឈ្មោះ​កៃផាស ពួក​គេ​ពិគ្រោះ​គ្នា ដើម្បី​ចាប់​ព្រះ‌យេស៊ូវ ហើយ​សម្លាប់​ព្រះ‌អង្គ​ដោយ​ប្រើ​ឧបាយកល។ ប៉ុន្តែ គេ​និយាយ​ថា៖ «កុំ​ធ្វើ​ក្នុង​រវាង​ពេល​បុណ្យ​នេះ​ឡើយ ក្រែង​កើត​ចលាចល​ក្នុង​ចំណោម​ប្រជា‌ជន»។ ពេល​ព្រះ‌យេស៊ូវ​កំពុង​គង់​នៅ​ភូមិ​បេតថានី ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់ នោះ​មាន​ស្ត្រី​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ​ទាំង​កាន់​ដប​ថ្ម​កែវ​មួយ ដាក់​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​បំផុត ហើយ​ចាក់​ប្រេង​ក្រអូប​នោះ​លើ​ព្រះ‌សិរ​របស់​ព្រះ‌អង្គ ពេល​ទ្រង់​កំពុង​គង់​នៅ​តុ​អាហារ។ ពេល​ពួក​សិស្ស​ឃើញ​ដូច្នោះ គេ​ទាស់​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​ក៏​ខ្ជះ‌ខ្ជាយ​ដូច្នេះ? ដ្បិត​ប្រេង​នេះ​អាច​យក​ទៅ​លក់​បាន​តម្លៃ​យ៉ាង​ខ្ពស់ ហើយ​យក​ប្រាក់​ទៅ​ចែក​ទាន​ឲ្យ​អ្នក​ក្រ​វិញ»។ ប៉ុន្តែ ព្រះ‌យេស៊ូវ​ជ្រាប​ពី​ការ​នោះ ហើយ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រំខាន​ចិត្ត​នាង​ដូច្នេះ? ដ្បិត​នាង​បាន​ធ្វើ​ការ​ល្អ​ចំពោះ​ខ្ញុំ។ អ្នក​រាល់​គ្នា​មាន​អ្នក​ក្រ​នៅ​ជា​មួយ​រហូត តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ ការ​ដែល​នាង​បាន​ចាក់​ប្រេង​ក្រអូប​លើ​រូប‌កាយ​ខ្ញុំ​ដូច្នេះ នាង​បាន​រៀបចំ​សម្រាប់​ពិធី​បញ្ចុះ​សព​របស់​ខ្ញុំ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ទាំង​មូល ទី​ណា​ដែល​ដំណឹង​ល្អ​នេះ​ប្រកាស​ទៅ​ដល់ នោះ​គេ​នឹង​តំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ ជា​ការ​រំឭក​អំពី​នាង»។

អាន ម៉ាថាយ 26