ម៉ាថាយ 24:36-51

ម៉ាថាយ 24:36-51 គកស១៦

«ប៉ុន្តែ ត្រង់​ឯ​ថ្ងៃ និង​ពេល​កំណត់ គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​បី​ពួក​ទេវតា​នៅ​ស្ថាន‌សួគ៌ ឬ​ព្រះ‌រាជ​បុត្រា​ក៏​មិន​ដឹង​ដែរ មាន​តែ​ព្រះ‌វរបិតា​មួយ​ប៉ុណ្ណោះ​ដែល​ជ្រាប។ ដ្បិត​ដូច​សម័យ​របស់​លោក​ណូអេ​យ៉ាង​ណា ពេល​កូន​មនុស្ស​មក​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។ ដ្បិត​នៅ​សម័យ​មុន​ទឹក​ជំនន់​នោះ គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀបការ​ប្តី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ គេ​មិន​បាន​ដឹង​អ្វី​សោះ រហូត​ទាល់​តែ​ទឹក​ជន់​ឡើង ហើយ​យក​គេ​ទាំង​អស់​ទៅ។ ពេល​កូន​មនុស្ស​មក ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។ ពេល​នោះ នឹង​មាន​មនុស្ស​ពីរ​នាក់​នៅ​ចម្ការ ម្នាក់​ត្រូវ​យក​ទៅ ហើយ​ម្នាក់​ទៀត​ទុក​នៅ។ ស្ត្រី​ពីរ​នាក់​កំពុង​តែ​កិន​ម្សៅ ម្នាក់​ត្រូវ​យក​ទៅ ហើយ​ម្នាក់​ទៀត​ទុក​នៅ។ ដូច្នេះ ចូរ​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ព្រះ‌អម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​យាង​មក​ថ្ងៃ​ណា​ទេ។ ប៉ុន្តែ ចូរ​យល់​សេចក្តី​នេះ​ចុះ បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ថា ចោរ​នឹង​ចូល​មក​នៅ​យាម​ណា​មួយ នោះ​គាត់​មុខ​ជា​នៅ​ចាំ​យាម​មិន​ឲ្យ​ចោរ​ទម្លុះ​ចូល​ផ្ទះ​គាត់​បាន​ឡើយ។ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ប្រុង​ប្រៀប​ជានិច្ច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​បាន​គិត»។ «ដូច្នេះ តើ​អ្នក​ណា​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស‌វៃ ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​ពួក​ផ្ទះ​របស់​លោក ដើម្បី​ចែក​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​តាម​ពេល​ត្រឹម‌ត្រូវ? មាន​ពរ​ហើយ អ្នក​បម្រើ​ណា​ដែល​កាល​ណា​ចៅហ្វាយ​របស់​ខ្លួន​មក​ដល់ ឃើញ​កំពុង​តែ​ធ្វើ​ដូច្នោះ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅហ្វាយ​នឹង​តាំង​អ្នក​នោះ ឲ្យ​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​របស់​លោក​ទាំង​អស់។ ប៉ុន្តែ បើ​អ្នក​បម្រើ​នោះ​អាក្រក់ ហើយ​គិត​ក្នុង​ចិត្ត​ថា ចៅហ្វាយ​របស់​ខ្ញុំ​ក្រ​មក​ដល់​ណាស់ ហើយ​ចាប់​ផ្ដើម​វាយ​ដំ​ពួក​អ្នក​បម្រើ​ដែល​ជា​គូកន​របស់​ខ្លួន ព្រម​ទាំង​ស៊ី​ផឹក​ជា​មួយ​ពួក​មនុស្ស​ប្រមឹក ចៅហ្វាយ​នឹង​មក​ដល់ នៅ​ថ្ងៃ​មួយ​ដែល​អ្នក​បម្រើ​នោះ​មិន​រង់‌ចាំ និង​នៅ​វេលា​មួយ​ដែល​គាត់​មិន​ដឹង ចៅហ្វាយ​នឹង​ធ្វើ​ទោស​គាត់​យ៉ាង​ធ្ងន់ ហើយ​ឲ្យ​គាត់​មាន​ចំណែក​ជា​មួយ​ពួក​មនុស្ស​មាន​ពុត នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ»។

អាន ម៉ាថាយ 24