ម៉ាថាយ 23:23-39

ម៉ាថាយ 23:23-39 គកស១៦

វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​ជីរ​អង្កាម ជីរ​នាង​វង និង​ម្អម តែ​អ្នក​រាល់​គ្នា​ធ្វេស​ប្រហែស​នឹង​រឿង​ដែល​សំខាន់​ជាង​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ដូច​ជា​សេចក្តី​យុត្តិធម៌ សេចក្តី​មេត្តា‌ករុណា និង​ជំនឿ។ សេចក្ដី​ទាំង​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​គួរ​តែ​បាន​ប្រព្រឹត្ត ហើយ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​សេចក្ដី​ឯ​ទៀត​ដែរ។ ឱ​អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រង​យក​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ! វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​លាង​ពែង លាង​ចាន​តែ​ខាង​ក្រៅ ប៉ុន្តែ ខាង​ក្នុង​ពេញ​ដោយ​សេចក្ដី​លោភ‌លន់ និង​តណ្ហា​របស់​ខ្លួន។ ឱ​ពួក​ផារិស៊ី​កង្វាក់​អើយ! ចូរ​លាង​ពែង លាង​ចាន​ខាង​ក្នុង​ជា​មុន​សិន នោះ​ទើប​ខាង​ក្រៅ​បាន​ស្អាត​ដែរ។ វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ​ដែល​គេ​លាប​ស ខាង​ក្រៅ​មើល​ឃើញ​ស្អាត តែ​ខាង​ក្នុង​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្តី​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ចំពោះ​មនុស្ស តែ​ខាង​ក្នុង​អ្នក​រាល់​គ្នា​ពេញ​ដោយ​សេចក្តី​ពុត‌ត្បុត និង​សេចក្តី​ទុច្ចរិត។ វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​សង់​ផ្នូរ​របស់​ពួក​ហោរា ហើយ​តុប‌តែង​ផ្នូរ​របស់​ពួក​មនុស្ស​សុចរិត ដោយ​ពោល​ថា "ប្រសិន‌បើ​យើង​បាន​រស់​នៅ​ជំនាន់​បុព្វ‌បុរស​របស់​យើង នោះ​យើង​មិន​បាន​រួម​គំនិត​ជា​មួយ​ពួក​គាត់ ដើម្បី​កម្ចាយ​ឈាម​ពួក​ហោរា​ទេ"។ ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ដោយ​ខ្លួន​ឯង​ថា អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ហោរា​ទាំង​នោះ។ ដូច្នេះ ចូរ​បំពេញ​រង្វាល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចុះ។ ឱ​ពួក​សត្វ​ពស់ ពូជ​ពស់​វែក​អើយ! តើ​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ការ​កាត់​ទោស ឲ្យ​ធ្លាក់​នរក​ដូច​ម្តេច​បាន? ដោយ​ហេតុ​នេះ ខ្ញុំ​ចាត់​ពួក​ហោរា ពួក​អ្នក​ប្រាជ្ញ និង​ពួក​អាចារ្យ ឲ្យ​មក​រក​អ្នក​រាល់​គ្នា​ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ខ្លះ​ត្រូវ​អ្នក​រាល់​គ្នា​សម្លាប់ ហើយ​ឆ្កាង ខ្លះ​ត្រូវ​អ្នក​រាល់​គ្នា​វាយ​នឹង​រំពាត់​នៅ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​ដេញ​តាម​ព្យាបាទ​គេ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ដើម្បី​ឲ្យ​អស់​ទាំង​ឈាម​របស់​មនុស្ស​សុចរិត ដែល​បាន​ខ្ចាយ​នៅ​លើ​ផែនដី ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា តាំង​ពី​ឈាម​របស់​លោក​អេបិល ជា​មនុស្ស​សុចរិត រហូត​ដល់​លោក​សាការី ជា​កូន​លោក​បារ៉ាគា ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​នៅ​ចន្លោះ​ទី​បរិសុទ្ធ និង​អាសនា។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អំពើ​ទាំង​អស់​នោះ​នឹង​ធ្លាក់​មក​លើ​មនុស្ស​ជំនាន់​នេះ​វិញ»។ «ឱ​យេរូ‌សាឡិម យេរូ‌សាឡិម​ជា​ក្រុង​ដែល​សម្លាប់​ពួក​ហោរា ហើយ​យក​ថ្ម​គប់​ពួក​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​អើយ! តើ​ប៉ុន្មាន​ដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូន​របស់​អ្នក​មក ដូច​មេ​មាន់​ប្រមូល​កូន​របស់​វា​មក​ជ្រក​ក្រោម​ស្លាប តែ​អ្នក​មិន​ព្រម​ទេ! មើល៍! ផ្ទះ​របស់​អ្នក​រាល់​គ្នា​ត្រូវ​ទុក​ចោល ឲ្យ​នៅ​ស្ងាត់​ជ្រងំ។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​និយាយ​ថា "សូម​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ "»។

អាន ម៉ាថាយ 23