ព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងបុរសម្នាក់ ដែលព្រោះពូជល្អនៅក្នុងស្រែរបស់ខ្លួន ប៉ុន្តែ កាលគ្រប់គ្នាដេកលក់ សត្រូវរបស់គាត់ចូលមកព្រោះស្រងែនៅក្នុងស្រូវសាលី រួចក៏ចេញបាត់ទៅ។ ដូច្នេះ ពេលស្រូវដុះឡើង ហើយដាក់គ្រាប់ នោះស្រងែក៏លេចមកដែរ។ ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ផ្ទះថា "លោកម្ចាស់! តើលោកមិនបានព្រោះពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមកពីណា?" លោកឆ្លើយថា "គឺសត្រូវហើយដែលធ្វើដូច្នេះ"។ ពួកអ្នកបម្រើសួរលោកថា "ដូច្នេះ តើលោកម្ចាស់ចង់ឲ្យយើងខ្ញុំទៅដកវាចេញឬទេ?" តែលោកឆ្លើយថា "កុំអី! ព្រោះពេលអ្នកដកស្រងែ ស្រូវអាចនឹងដោយមកជាមួយ ទុកឲ្យទាំងពីរដុះជាមួយគ្នា រហូតដល់ពេលច្រូតចុះ ហើយនៅពេលច្រូត ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែជាមុនសិន ហើយចងវាជាកណ្តាប់ ទុកសម្រាប់ដុត រីឯស្រូវសាលី ចូរប្រមូលដាក់ក្នុងជង្រុករបស់ខ្ញុំ"»។ ព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាគ្រាប់ពូជម៉្យាងដ៏ល្អិតដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចម្ការរបស់ខ្លួន គ្រាប់ពូជនេះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំជាងរុក្ខជាតិណាទាំងអស់ រួចក្លាយជាដើមឈើមួយដើម ហើយសត្វហើរលើអាកាសមកធ្វើសម្បុកនៅតាមមែករបស់វា»។ ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយទៀតទៅគេថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់ម្សៅទាំងអស់ដោរឡើង»។ ព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះ ទៅកាន់មហាជនជារឿងប្រៀបធៀប ទ្រង់មិនបានមានព្រះបន្ទូលទៅគេ ក្រៅពីរឿងប្រៀបធៀបឡើយ។ ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «យើងនឹងបើកមាត់និយាយជារឿងប្រៀបធៀប យើងនឹងប្រកាសសេចក្ដីដែលលាក់ទុក តាំងពីដើមកំណើតពិភពលោកមក» ។ បន្ទាប់មក ព្រះអង្គក៏យាងចេញពីមហាជន ហើយចូលទៅក្នុងផ្ទះ។ ពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គទូលថា៖ «សូមពន្យល់រឿងប្រៀបធៀបអំពីស្រងែក្នុងស្រែប្រាប់យើងខ្ញុំផង»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អ្នកដែលព្រោះពូជល្អ គឺជាកូនមនុស្ស ស្រែ គឺពិភពលោក ហើយពូជល្អ គឺជាពួកកូនរបស់ព្រះរាជ្យ ឯស្រងែ គឺជាពួកកូនរបស់អាកំណាច សត្រូវដែលព្រោះស្រងែនោះ គឺជាអារក្ស ចម្រូត គឺជាគ្រាចុងបំផុត ហើយពួកអ្នកច្រូត គឺជាពួកទេវតា។ ដូច្នេះ គេច្រូតស្រងែ ហើយយកទៅដុតចោលក្នុងភ្លើងយ៉ាងណា នោះគ្រាចុងបំផុតក៏នឹងកើតមានយ៉ាងនោះដែរ។ កូនមនុស្សនឹងចាត់ពួកទេវតារបស់លោកមក ហើយទេវតាទាំងនោះនឹងប្រមូលអស់អ្នក ដែលនាំឲ្យប្រព្រឹត្តអំពើបាប និងអស់អ្នកដែលប្រព្រឹត្តអំពីទុច្ចរិត ចេញពីនគររបស់លោក ហើយពួកទេវតានឹងបោះអ្នកទាំងនោះទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។ ពេលនោះ មនុស្សសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងព្រះរាជ្យនៃព្រះវរបិតារបស់គេ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!» «មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាកំណប់ កប់ទុកក្នុងចម្ការដែលមនុស្សម្នាក់បានរកឃើញ ហើយកប់ទុកវិញ។ បន្ទាប់មក គាត់ទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលគាត់មានដោយអំណរ ហើយទិញយកចម្ការនោះ។ មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាឈ្មួញម្នាក់ កំពុងស្វែងរកកែវមុក្តា ល្អៗ កាលបានឃើញកែវមុក្ដាមួយគ្រាប់ដ៏មានតម្លៃលើសលុប គាត់ក៏ទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន ហើយទិញយកកែវមុក្តានោះ»។ «មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាសំណាញ់ ដែលគេបង់ទៅក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់ប្រភេទ ពេលជាប់ត្រីពេញហើយ គេក៏ទាញសំណាញ់ឡើងមកលើគោក ហើយអង្គុយរើសយកត្រីល្អៗដាក់ក្នុងកញ្ឆេ តែត្រីអាក្រក់ គេបោះចោល។ នៅគ្រាចុងបំផុតក៏នឹងកើតមានដូច្នោះដែរ។ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីមនុស្សសុចរិត រួចបោះមនុស្សអាក្រក់ទាំងនោះចូលទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។ «តើអ្នករាល់គ្នាយល់សេចក្តីទាំងនេះ ហើយឬនៅ?» គេទូលឆ្លើយថា៖ «យល់ហើយ ព្រះអម្ចាស់!» ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ដូច្នេះ អស់ទាំងអាចារ្យណាដែលទទួលការបង្ហាត់បង្រៀនសម្រាប់ព្រះរាជ្យនៃស្ថានសួគ៌ ប្រៀបដូចជាម្ចាស់ផ្ទះដែលបញ្ចេញទ្រព្យរបស់ខ្លួន ទាំងថ្មីទាំងចាស់ ចេញពីឃ្លាំង»។
អាន ម៉ាថាយ 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 13:24-52
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ